វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វី បានជាទឹកសមុទ្រមានពណ៌ខៀវ?
14, Nov 2020 , 10:30 pm        
រូបភាព
បើលោកអ្នកមើលផែនទីពី Google Maps ឬពីផែនទីក្រដាសធម្មតា លោកអ្នកពិនិត្យឃើញថា ផ្នែកខាងសមុទ្រតែងមានពណ៌ខៀវ ឬពណ៌ផ្ទៃមេឃជានិច្ច។ នៅក្នុងរូបគំនូរ ពណ៌ខៀវភាគច្រើនតែងតំណាងឲ្យប្រភពទឹក។ ក៏ដូចគ្នាដែរនៅពេលដែលលោកអ្នកមើលពីលើយន្តហោះ លោកអ្នកនឹងឃើញថាសមុទ្រមានពណ៌ខៀវ។ តើវាមកពីមូលហេតុអ្វីទៅ? 

ពណ៌របស់ទឹកសមុទ្រ ត្រូវបានកំណត់ដោយបាតុភូតពន្លឺម្យ៉ាង ដែលមានប្រភពមកពីព្រះអាទិត្យ។ គេហទំព័រវិទ្យាសាស្ត្រ scientificamerican.com បានពន្យល់ថា ពន្លឺដែលយើងមើលឃើញសព្វថ្ងៃគឺជាបណ្តុំពណ៌ជាច្រើន ដែលក្នុងនោះមានតាំងពីពណ៌ក្រហម បៃតង លឿង ខៀវ និងពណ៌ស្វាយ។
 
តែនៅពេលដែលពន្លឺពណ៌ទាំងនោះលាយចូលគ្នា យើងមើលពន្លឺទាំងមូលហាក់បីដូចជាគ្មានពណ៌ ឬមានសភាពថ្លា។ ពន្លឺពណ៌នីមួយៗ មានលក្ខណៈពិសេសបែបធម្មជាតិរបស់ខ្លួន។ នៅក្នុងតារាងអេឡិចត្រូម៉ាញេទិច ពណ៌ក្រហមត្រូវបានគេកំណត់ថាជា ពន្លឺពណ៌ដែលមានថាមពលខ្សោយ តែសម្រាប់ពណ៌ខៀវវិញ វាគឺជាពន្លឺពណ៌ដែលមានថាមពលខ្លាំង។
 
ជាលទ្ធផល នៅពេលដែលពន្លឺទាំងមូលចាំងចូលមកកាន់ផ្ទៃទឹក ពន្លឺដែលមានថាមពលខ្សោយ ដូចជាពណ៌ក្រហម ត្រូវបានស្រូបយកដោយម៉ូលេគុលទឹក។ តែពន្លឺដែលមានថាមពលខ្លាំង ដូចជាពណ៌ខៀវ ត្រូវបានចាំងផ្លាតចេញក្រៅដោយម៉ូលេគុលទឹកវិញ។ ដោយសារបែបនេះហើយ ទើបភ្នែកមនុស្សមើលឃើញទឹកសមុទ្រថាមានពណ៌ខៀវ។ 
 
ប៉ុន្តែសម្រាប់ទឹកទន្លេ បឹង ស្ទឹង ឬព្រែកដែលមានកំហាប់ដី ភក់ ឬផង់តូចៗដទៃទៀតច្រើន ការចាំងផ្លាតពន្លឺអាចមានលក្ខណៈខុសគ្នាពីទឹកសមុទ្រ។ ពេលខ្លះទៀត លោកអ្នកអាចឃើញថា ទឹកមានពណ៌ខៀវលាយជាមួយនឹងបៃតងបន្តិច។ នេះគឺដោយសារតែប្រភពទឹកនោះមានស្លែ ឬរុក្ខជាតិទឹកតូចៗល្អិតៗដទៃទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com