ជាតិ
ពីនេះ ពីនោះ
«អាកប្បកិរិយា» និង«ឥរិយាបថ»មានន័យខុសគ្នាដូចម្តេច?
15, Nov 2020 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ទាំងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និងក្រុមប្រឹក្សាជាតិភាសាខ្មែរគឺសុទ្ធតែបានពន្យល់ពាក្យ«អាកប្បកិរិយា» ខុសពី«ឥរិយាបថ»។ 

វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«អាកប្បកិរិយា» មានថ្នាក់ពាក្យ ជានាម មានន័យថា ឫកពារ អាការនៃរាងកាយ,ដំណើរ ឬលំនាំនៃរាងកាយ។ ជាទូទៅ អាកប្បកិរិយា ស្តែងចេញតាមរយៈ មនុស្សដែលមានឫកពារល្អ ឬអាក្រក់។ ឧទាហរណ៍៖ មនុស្សនោះមានអាកប្បកិរិយារម្យទមល្អណាស់ គួរឲ្យចង់រាប់អាន។ ចំណែកឯមនុស្សនោះវិញ មានអាកប្បកិរិយាមិនសមរម្យទេ ហើយគួរឲ្យស្អប់។
 
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់ពាក្យ«អាកប្បកិរិយា» សរសេរជាភាសាអង់គ្លេស និងភាសាបារាំងដូចគ្នាថា(Attitude) ដែលមានន័យថា ការកំណត់របៀប ជំហរ ឬការយល់ដឹងនៃគំនិត ឬអារម្មណ៍លើអ្វីមួយ។ ឧទាហរណ៍៖ មនុស្សមានអាកប្បកិរិយាវិជ្ជមានចំពោះភាសាជាតិរបស់ខ្លួន។  
 
ចំពោះពាក្យ«ឥរិយាបថ» សម្រាប់បង្ហាញពី ទង្វើ និងសកម្មភាពជាក់ស្តែង ដូចជា ដេក ដើរ ឈរ អង្គុយ ជាដើម។ ឧទាហរណ៍៖ ម្នាក់នោះមានឥរិយាបថមិនសមរម្យសោះ ទាំងកាយវិការ និងនិយាយស្តី។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
 
ចំណែកក្រុមប្រឹក្សាជាតិភាសាខ្មែរវិញបានពន្យល់ពាក្យ«ឥរិយាបថ»មានន័យដូចនឹងពាក្យ«បែបបទ» សំដៅលើរបៀបដែលអ្នកណាម្នាក់ប្រព្រឹត្ត ឬប្រតិបត្តិសម្រាប់ខ្លួនឯង និងទៅលើអ្នកដទៃ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com