ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ក្រុមយុវតីដែលច្នៃស្លឹកគធ្វើសាប៊ូលាងចាន បានជ័យលាភីកម្មវិធី «អាជីវកម្មខ្ញុំ» របស់ក្រសួងអប់រំ
15, Nov 2020 , 9:29 am        
រូបភាព
 រូបភាពពីក្រសួងអប់រំ
រូបភាពពីក្រសួងអប់រំ
ដោយ:
 ភ្នំពេញ៖ យុវតីមួយក្រុម បានទទួលជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែង «អាជីវកម្មខ្ញុំ» ដែលរៀបចំ ក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមជ័យលាភីលេខ១នេះ ទទួលបានមេដាយមាស១ និងប្រាក់រង្វាន់ចំនួន ១ពាន់ដុល្លារ។

 
កញ្ញាមួយក្រុម ដែលបានយកស្លឹកគ ច្នៃធ្វើជាសាប៊ូលាងចាន បានទទួលជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតប្រជែង «អាជីវកម្មខ្ញុំ» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីនេះ បានរៀបចំឡើង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ 
 
កញ្ញា ខេង ឡាដា ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៦នាក់ របស់ក្រុមសាប៊ូលាងចានស្លឹកគ បានបង្ហាញក្ដីរំភើប ចំពោះលទ្ធផលដែលទទួលបាននេះ។  តំណាងក្រុមជ័យលាភីរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ថា ៖«ខ្ញុំមិននឹកស្មានថា ក្រុមខ្ញុំបានជាប់លេខមួយអីចឹងទេ ក្រោយប្រកាសលទ្ធផលខ្ញុំរំភើបមែនទែន ព្រោះត្រូវប្រកួតប្រជែងច្រើនក្រុមនិងត្រូវជម្រុះរហូត ៣វគ្គ»។
 
ក្រុមសាប៊ូលាងចានស្លឹកគ មានសមាជិក ៦នាក់ ដែល៤នាក់ ជានិស្សិតជំនាញវិស្វកម្មជីវសាស្រ្ត នៃសាកលភូមិន្ទភ្នំពេញ និង២នាក់ជានិស្សិតនៃវិទ្យាស្ថានភាសារទេស។ ពួកគេបានចំណាយពេលប្រមាណ៣ខែ ដើម្បីស្រាវជ្រាវ និងសាកល្បងធ្វើសាប៊ូលាងចាននេះ។ 
 
កញ្ញា កែម ថា ជាសមាជិកម្នាក់ទៀត របស់ក្រុមសាប៊ូលាងចានស្លឹកគ នេះ ក៏បានឲ្យសារព័ត៌មានThmeyThmey25 ដឹងដែរថា ការសម្រេចបង្កើតក្រុមស្រាវជ្រាវ ផលិតសាប៊ូលាងចានស្លឹកគនេះឡើង ដោយសារក្រុមនាងមើលឃើញ ពីអត្ថប្រយោជន៍របស់ស្លឹកគ និងឮការរអ៊ូរទាំងរបស់សមាជិកក្រុម ពីកង្វះខាតរបស់សាប៊ូលាងចាន។  មានវ័យ២១ឆ្នាំ កញ្ញាកែម ថា បន្តដូច្នេះ«យើងធ្លាប់យកស្លឹកគមកកក់សក់ ហើយពេលហ្នឹងសមាជិកក្រុមខ្ញុំត្អូញត្អែរនឹងកង្វះខាតរបស់សាប៊ូលាងចាន»។
 
បើតាមកញ្ញា កែម ថា បច្ចុប្បន្នផលិតសាប៊ូលាងចានច្នៃពីស្លឹកគនេះ មានលក់នៅលើទីផ្សារខ្លះហើយ ហើយក្រុមរបស់នាងមានគម្រោងផលិតសាប៊ូលាងចានបន្ថែមទៀត។  ប៉ុន្តែដំណើរការផលិត ក៏មានផលលំបាកខ្លះដែរ ដោយសារវត្ថុធាតុដើមមិនសូវសម្បូរ។
 
កម្មវិធី«អាជីវកម្មខ្ញុំ» រៀបចំឡើងក្នុងបំណងអភិវឌ្ឍសមត្ថភាពជំនាញ និងបណ្តុះបណ្តាលបំណិន សហគ្រិនភាពបែបអនុវត្តន៍ជាក់ស្តែងដល់យុវជន ដើម្បីអាចក្លាយជា«សហគ្រិនជោគជ័យ» ក្នុងយុគសម័យឌីជីថល។
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដែលអញ្ជើញជាអធិបតីក្នុងកម្មវិធីនោះ បានលើកឡើងថាការប្រកួតនេះ រៀបចំឡើងជាផ្នែកមួយនៃតាមកំណែទម្រង់ការអភិវឌ្ឍយុវជន របស់ក្រសួងអប់រំ ស្របទៅតាមការវិវត្តរបស់ពិភពលោក និងតម្រូវការជាក់ស្ដែងក្នុងសង្គមកម្ពុជា។ ទន្ទឹមននឹងនេះ ក្រសួងអប់រំ ក៏ចង់លើកកម្ពស់តួនាទីសហគ្រិនវ័យក្មេង នៅកម្ពុជាដែរ។
 
«តួនាទីរបស់វិស័យអប់រំ គឺត្រូវបណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង បំណិន ជាពិសេសបំណិនទន់ បំណិនបច្ចេកទេស បំណិនវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។ នេះជាការបន្ថែមរបស់លោក រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន។  
 
កម្មវិធីប្រកួត«អាជីវកម្មខ្ញុំ» ឆ្នាំ២០២០នេះ មានបេក្ខជនចំនួន២០ក្រុមចូលរួម ហើយពួកគេត្រូវឆ្លងកាត់វគ្គជម្រុះចំនួន៣លើក។ ជាលទ្ធផល ក្រុមដែលទទួលបាន ចំណាត់ថ្នាក់លេខ១ បានលើក្រុមសាប៊ូលាងចានស្លឹកគ ហើយក្រុមនេះទទួលបានមេដាយមាស និងប្រាក់រង្វាន់ចំនួន ១ពាន់ដុល្លារ។ ចំណាត់ថ្នាក់លេខ២ បានលើក្រុមគ្រួសារកន្ធាយ ដែលពួកគេទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ៕
 
 
 
 

 

 

Tag:
 សហគ្រិន
  អាជីវកម្ម
  សាប៊ូស្លឹកគ
© រក្សាសិទ្ធិដោយ thmeythmey.com