ហ្មដំរីលោក ជា ជឿន ប្រាថ្នាមើលថែដំរីកំផូយ រហូតដល់ជីវិតចុងក្រោយ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហ្មដំរីលោក ជា ជឿន ប្រាថ្នាមើលថែដំរីកំផូយ រហូតដល់ជីវិតចុងក្រោយ
15, Nov 2020 , 6:59 pm        
រូបភាព
ហ្មដំរី​ ជា ជឿន និងដំរីឈ្មោះ កំផូយ នៅជំរំសត្វដំរី Kulen Elephant Forest ក្នុងខេត្តសៀមរាប។
ហ្មដំរី​ ជា ជឿន និងដំរីឈ្មោះ កំផូយ នៅជំរំសត្វដំរី Kulen Elephant Forest ក្នុងខេត្តសៀមរាប។
សៀមរាប៖ អស់ពេលជាង១០ឆ្នាំមកហើយ ដែលលោក ជា ជឿន ជាហ្មដំរីឈ្មោះ«កំផូយ»ដែលកំពុងរស់នៅ ជំរំសត្វដំរី Kulen Elephant Forest ។ កំផូយ គឺជាឈ្មោះដំរីចំណាស់មួយក្បាល ដែលនាំពីខាងជើងប្រទេស ជាឈ្មោះដើមដែលម្ចាស់របស់វាជាជនជាតិភាគដើមភាគតិច យកមកលក់ឱ្យក្រុមដំរីអង្គរ។ ក្រោយពីបញ្ចប់អាជីវកម្មដឹកជញ្ជូននៅតំបន់អង្គរ ក្រុមដំរីអង្គរ បានដូរឈ្មោះមកជាគម្រោង Kulen Elephant Forest ដែលមានសត្វដំរីសរុប ១៣ក្បាល (ឈ្មោល២ក្បាល) ក្នុងនោះរួមទាំងដំរីកំផូយផង កំពុងរស់នៅបែបជីវិតចូលនិវត្តន៍ នៅក្បែរជើងភ្នំគូលែន។ ជាហ្មដំរី និងជាអ្នកជិតស្និទ្ធជាមួយដំរីកំផូយ លោក ជា ជឿន បានចាត់ទុកដំរីនេះដូចដសាច់ញាតិ និងប្រាថ្នាមើលថែវារហូតដល់ជីវិតចុងក្រោយ។
 

ព័ត៌មានពិស្ដារ សូមទស្សនាការសម្ភាស រវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ជា ជឿន ពីជំរំសត្វដំរី Kulen Elephant Forest ស្ថិតនៅភូមិប្សុសធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដូចតទៅ៖
 
 
លោក ជា ជឿន ជាអ្នកស្រុកអង្គរមួយរូប ដែលចាប់អាជីពជាហ្មដំរីតាមរយៈមិត្តភក្ដិ។ ដំបូងឡើយ បុរសមាឌមាំរូបនេះ ខ្លាចដំរី និងមិនទាន់អាចគ្រប់គ្រង និងបញ្ជាដំរីឱ្យស្ដាប់ខ្លួនបានទេ គឺលោកប្រើពេលរៀនពីហ្មចាស់ៗជាងមួយឆ្នាំ។ សម្រាប់ដំរីកំផូយ លោក ជា ជឿន ប្រាប់ពីអត្ដចរិតវាថា ជាដំរីដែលចូលចិត្តការនិយាយស្ដីថ្នមៗ ចូលចិត្តការលួងលោមពីហ្ម មិនចូលចិត្តការនិយាយស្ដីឱ្យខ្លាំងៗទេ។ ជាសត្វស្លូតបូតមួយក្បាល បច្ចុប្បន្នកំផូយមានវ័យជាង ៦០ឆ្នាំហើយ តែនៅមានរាងកាយមាំមួន និងកំពុងសប្បាយនឹងជីវិតចូលនិវត្តន៍របស់វា ក្នុងព្រៃអភិរក្សមួយកន្លែងក្បែរជើងភ្នំគូលែន។
 
ធ្លាប់នៅជាមួយកំផូយជាង១០ឆ្នាំមកនេះ លោក ជា ជឿន បានបង្ហាញមនោសញ្ជេតនាច្រើនជាមួយដំរីមួយក្បាលនេះ។ ពេលសម្រាកពីការងារមួយថ្ងៃពីរ លោក ជា ជឿន នឹករឭកដំរីនេះជាខ្លាំង ហើយដំរីក៏នឹកលោកដែរ។ នេះបើតាមការលើកឡើងរបស់ហ្មដំរីកំផូយ។ មិនបានឡើងជិះបញ្ជាឱ្យដំរីដើរដឹកជញ្ជូនទេសចរកម្សាន្តក្នុងតំបន់ប្រាសាទដូចមុនទេ បច្ចុប្បន្នលោក ជា ជឿន ដើរបណ្ដើរសត្វជាទីស្រឡាញ់របស់លោក ហូបចំណីតាមព្រៃរបោះជុំវិញ និងមើលថែវាដោយយកចិត្តទុកដាក់៕
 




Tag:
 ដំរី
 ហ្ម
  ជា ជឿន
  Kulen Elephant forest
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com