អាមេរិក និងកម្ពុជា ប្រកែកគ្នារឿងមូលដ្ឋានទ័ពបរទេសនៅ«រាម» ក្នុងជំនួបកំពូលអាស៊ាន
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក និងកម្ពុជា ប្រកែកគ្នារឿងមូលដ្ឋានទ័ពបរទេសនៅ«រាម» ក្នុងជំនួបកំពូលអាស៊ាន
15, Nov 2020 , 3:31 pm        
រូបភាព
(​ឆ្វេង​) លោក​អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​លោក Robert C. O
(​ឆ្វេង​) លោក​អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​លោក Robert C. O'Brien ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៥ តាម​ប្រព​ន្ធ័​វីដេអូ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​។​
ភ្នំពេញ៖ បញ្ហាមូលដ្ឋានទ័ពបរទេសនៅសមុទ្ររាម ក្លាយជាប្រធានបទក្តៅរវាងអាមេរិក និងកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រពន្ធ័វីដេអូ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ អាមេរិកនៅតែចោទ កម្ពុជា ថា ផ្ដល់ទីតាំងយោធាឱ្យពួកបរទេសក្នុងដែនសមុទ្ររាម។


ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូបឺត អូប្រាយអិន ដែលជាតំណាងលោក ដូណាល់ ត្រាំ បានលើកឡើងថា ការអនុញ្ញាតឲ្យបរទេសឈរជើងនៅទឹកដីកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកានេះ បានស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិក ដូច្នេះថា៖« សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភផងដែរអំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹកបរទេសនិងបុគ្គលិករបស់គេ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម នៅឈូងសមុទ្រថៃ។ វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅក្នុងតំបន់»។
 
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតំណាងឲ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី ១៥ នោះ បានច្រានចោលការលើកឡើងជាថ្មីរបស់លោក រ៉ូបឺត អូប្រាយអិន ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនេះ។ លោក អូន ព័ន្ធមុន្នី ចាត់ទុកការអត្ថាធិប្បាយរបស់លោក រ៉ូបឺត អូប្រាយអិន ជាការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋាន និងអាចធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។
 
រដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជារូបនេះ បានបកស្រាយដូច្នេះថា៖«ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយនាយករដ្ឋមន្រ្តីរបស់ខ្ញុំក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជាគ្មាន(មូលដ្ឋានទ័ពបរទេស) ហើយថ្ងៃមុខក៏នឹងពុំមានដែរនូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។  ខ្ញុំសូមបញ្ជាក់សាជាថ្មីថា  រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ  និងអព្យាក្រឹត តាមសេចកី្តចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា»។
 
អះអាងបែបនេះហើយ លោក អូន ព័ន្ធមុនីរ័ត្ន បានព្យាយាមពន្យល់ថា កម្ពុជាមានសិទ្ធិពេញលេញ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះការកែលម្អមូលដ្ឋានកងទ័ពជើងទឹក កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួន ដើម្បីបំពេញសេចកី្តត្រូវការក្នុងពេលបច្ចុប្បន្ន គឺស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ 
 
«គឺដោយហេតុផលនេះហើយ  ដែលមជ្ឈមណ្ឌលសមុទ្ររបស់យើងនៅឯមូលដ្ឋានទ័ពជើងទឹករាមត្រូវបានផ្លាស់ទៅទីតាំងថ្មី ប៉ុន្តែក៏នៅតែស្ថិតក្នុងតំបន់គម្រោងជាមួយគ្នា។ ផ្ទុយស្រឡះពីការចោទប្រកាន់ដែលថា មជ្ឈមណ្ឌលនេះត្រូវបិទចោល។ នាយករដ្ឋមន្រ្តីរបស់ខ្ញុំបានអញ្ជើញមិត្តភក្តិបរទេស ដែលចាប់អារម្មណ៍ទាំងអស់ ឲ្យចូលរួមធ្វើហិរញ្ញប្បទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ច ដែលបន្ថែមថា កម្ពុជាស្វាគមន៍ចំពោះការផ្តល់ជំនួយពីសហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន  ចិន និងប្រទេសដទៃទៀត ដរាបណាជំនួយទាំងនោះ មិនរារាំងក្នុងការអនុវត្តសិទ្ធិ និងអធិបតេយ្យកម្ពុជា។
 
កាលពីឆ្នាំ២០១៩កន្លងមក រដ្ឋាភិបាល ក៏ធ្លាប់នាំអ្នកកាសែតជាតិ និងអន្តរជាតិ ទៅទស្សនកិច្ចនៅទីតាំងមូលទ័ពជើងទឹកនៅសមុទ្ររាម ដើម្បីជម្រះមន្ទិលសង្ស័យផងដែរ ក្រោយមានការចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យទ័ពចិន បោះមូលដ្ឋាននៅទីនោះ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏អះអាងដាច់អហង្ការដែរថា កម្ពុជា នឹងមិនប្រព្រឹត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលហាមវត្តមានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ៕
 

Tag:
 អាស៊ាន
  មូលដ្ឋានទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com