ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក អ៊ិន សំណាង ដំាបន្លែ និងចិញ្ចឹមបង្កងសម្រាប់បរិភោគក្នុងគ្រួសារអំឡុងវិបត្តិកូវីដ-១៩
15, Nov 2020 , 9:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក អ៊ិន សំណាង ចាប់ផ្ដើមដាំបន្លែចម្រុះ នៅបរិវេណផ្ទះជាលក្ខណៈគ្រួសារ ៥ឆ្នាំមកហើយ។ ក្នុងអំឡុងពេលកូវីដ-១៩ នេះធ្វើឲ្យលោកចាប់ផ្ដើមបង្កើនការដាំបន្លែ ក្នុងន័យកាត់បន្ថយចំណាយ និងទទួលបានបន្លែសុវត្ថិភាពបរិភោគ។

 
រយៈពេល៥ឆ្នាំហើយដែល លោក អ៊ិន សំណាង វ័យ៤៩ឆ្នាំ បានដាំបន្លែបង្ការនៅបរិវេណផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្លែទាំងនោះរួមមាន ស្ពៃ ត្រកួន ម្ទេស ត្រឡាច ននោង សណ្តែកកួរ ស្លឹកបាស ដំឡូង និងជីគ្រប់មុខជាដើម។ 
 
លោក អ៊ិន សំណាង ប្រាប់សារព័ត៌មាន ThmeyThmey25 ថា បន្លែទាំងនេះ គឺសម្រាប់តែផ្គត់ផ្គង់គ្រួសារ និងចែកដល់អ្នកជិតខាងប៉ុណ្ណោះ មិនមែនសម្រាប់លក់នោះទេ។ លោក អ៊ិន សំណាង បន្ថែមថា៖«ដោយសារអត់ទៅធ្វើការតាមខេត្ត យើងនៅផ្ទះទើបបង្កើនការដាំដុះ ដាំខ្លួនឯងញ៉ាំពេញមាត់ អត់ខ្លាចគីមី និងកាត់បន្ថយចំណាយ»។ 
 
 
ក្រៅពីបង្កើនការដាំបន្លែ ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដែលអូសបន្លាយពេលជិត ១ឆ្នាំមកនេះ លោកបានបន្ថែមការចិញ្ចឹមបង្កងអូស្រ្តាលី ដោយមានបង្កងមេពូជប្រមាណ ១ពាន់ក្បាល និងអាចចែកចាយកូនបង្កង ដល់អ្នកចិញ្ចឹមផ្សេងទៀតដែរ។  បុរសរូបនេះ លោកទទួលបានបច្ចេកទេសចិញ្ចឹមបង្កង ពីអ្នកចិញ្ចឹមមុនៗ។ ក្រៅពីការចែកចែកពូជបង្កង លោក អ៊ិន សំណាង ក៏មានបំណងចែករំលែកពីបច្ចេកទេសចិញ្ចឹមបង្កង ដោយមិនគិតប្រាក់ ទៅដល់អ្នកចង់ចិញ្ចឹមបង្កងដទៃទៀតដែរ។ 
 
លោក អ៊ិន សំណាង បានប្រាប់ ThmeyThmey25 បន្តថា ដ្បិតតែកូវីដ-១៩ មិនទាន់ចប់ប៉ុន្តែលោករីករាយ នឹងការរស់នៅប្រចាំថ្ងៃ  ព្រោះគ្រួសារលោកមានបន្លែសុវត្ថិភាពបរិភោគ។ បុរសរូបនេះ ក៏គូសបញ្ជាក់ដែរថា បើកូវីដ-១៩ នៅបន្តយូរ នឹងទំនងត្រូវបង្កើនការដាំដុះបន្លែ ដើម្បីលក់លើទីផ្សារផងដែរ៕
 
 
ដោយចូលចិត្តការងារកសិកម្មដូចជាការដាំដុះ និងការងារចិញ្ចឹម ក្រៅពីជាបុគ្គលិកការងារក្រៅរដ្ឋាភិបាល លោកបានឆ្លៀតពេលទំនេរពីការចុះបេសកម្មតាមបណ្ដាខេត្តដោយបញ្ហាកូវីដ-១៩ បង្កើនការដាំបន្លែនៅបរិវេណផ្ទះ។ 
 
លោកបានជ្រើសរើសរបៀបដាំដោយមិនមានការប្រើប្រាស់ជីគីមីនោះទេ ដោយប្រើជីធម្មជាតិដូចជាលាមកគោ ដោយដាំក្នុងថង់ប្លាស្ទិក ស្នោរ និងដីដែលទំនេរជុំវិញផ្ទះជាដើម។ នេះជាការបញ្ជាក់របស់លោក អ៊ិន សំណាង។
 






Tag:
 អ៊ិន សំណាង
  កូវីដ-១៩
  កសិកម្ម
  បង្កង
  បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com