COVID-19
អន្តរជាតិ
វៀតណាម ផ្ទេរតំណែង​ប្រធាន​អាស៊ាន​ឲ្យ​ព្រុយ​ណេ ក្រោយ COVID-19 ឆាឆៅ​ពេញ​មួយឆ្នាំ​
16, Nov 2020 , 9:41 am        
រូបភាព
អគ្គរាជទូតព្រុយណេប្រចាំទីក្រុងហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh ទទួលញញួរប្រធានអាស៊ានពីនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ្វុក។ រូបភាពពីវេបសាយរដ្ឋាភិបាលវៀតណាម
អគ្គរាជទូតព្រុយណេប្រចាំទីក្រុងហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh ទទួលញញួរប្រធានអាស៊ានពីនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ្វុក។ រូបភាពពីវេបសាយរដ្ឋាភិបាលវៀតណាម
​វៀតណាម បានប្រគល់​តំណែង​ប្រធាន​ប្ដូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ទៅ​ឲ្យ​ព្រុយ​ណេ​សម្រាប់​ឆ្នាំ​២០២១​។ ពេញ​មួយ​អាណត្តិ​របស់​វៀតណាម ជំងឺ COVID-19 បាន​រារាំង​មេដឹកនាំ​រដ្ឋ​សមាជិក​ទាំង​១០ និង​រដ្ឋ​ដៃគូ​ឯទៀត​មិន​ឲ្យ​ជួប​មុខ​គ្នា​ដោយផ្ទាល់​ឡើយ ហើយ​ជំនួប​កំពូល​ពីរលើក​សុទ្ធតែ​ត្រូវធ្វើឡើង​តាម​អន​ឡាញ​។ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ជា​សមិទ្ធផល​សំខាន់​សម្រាប់​ឆ្នាំ​២០២០ ។​

 
​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ ខុសពី​ឆ្នាំ​កន្លងទៅ មិនមាន​វត្តមាន​មេដឹកនាំ​ប្រទេស​សមាជិក​ទាំង​១០ និង​ដៃគូ មាន​វត្ត​មាននៅ​ទឹកដី​វៀតណាម​ដែលជា​ម្ចាស់ផ្ទះ​ឡើយ ខណៈ​ជំងឺ COVID-19 នៅតែ​បន្ត​អុកឡុក​ដដែល​។ កិច្ចប្រជុំ​កំពូល ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទាំងអស់​។​
 
 
​ទោះ​ជំងឺ​រលាក​សួត​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ចប្រជុំ​កិច្ច ឯកសារ​ច្រើនជាង​៨០ ត្រូវបាន​យល់ព្រម​អំឡុងពេល​ជំនួប​នៅ​វៀតណាម ដែលជា​ចំនួន​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន​។ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា ឆ្នាំ​២០២០ ជា​ឆ្នាំ​ដ៏​ស្វិតស្វាញ​មួយ​របស់​អាស៊ាន​ជាមួយ​ការងារ​ដ៏​ច្រើន​ក្នុង​បរិបទ COVID-19​។ 
 
«​ជាង​៥​ទសវត្សរ៍​ក្រោយ​លេច​ជា​រូបរាង អាស៊ាន​បន្ត​ការប្ដេជ្ញា​លើ​អំណាច​នៃ​សាមគ្គីភាព ភាព​ស្អិត​ល្មូ​ត និង​ការ​សម្រប​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​។​» លោក ង្វៀន និយាយ​បែបនេះ​ក្នុងការ​ផ្សាយ​របស់​សារព័ត៌មាន Vietnamnews ។ 
 
​បន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំ​ជាច្រើន លោក ង្វៀន ក៏​ប្រគល់​ញញួរ​តំណាង​ប្រធាន​អាស៊ាន​ឲ្យ​ព្រុយ​ណេ​។ អគ្គរាជទូត​ព្រុយ​ណេ​ប្រចាំ​ទីក្រុង​ហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh ជា​អ្នកទទួល​ញញួរ​ប្រធាន​ក្នុងនាម​រដ្ឋាភិបាល​ព្រុយ​ណេ​ផ្ទាល់​។ លោក Salleh និយាយថា សម្រាប់​ឆ្នាំ​២០២១ ព្រុយ​ណេ​ជ្រើសរើស​មូលបទ «​យើង​យកចិត្តទុកដាក់ យើង​ត្រៀមខ្លួន យើង​រីកចម្រើន​» ហើយ​ជំរុញ​មូលដ្ឋាន​សំខាន់​បី​ដែល​កើតចេញពី​ប្រវត្តិសាស្ត្រ​អាស៊ាន​។​
 
​បើតាម​អ្នកការទូត​រូបនេះ មូលបទ​ខាងលើ​សំដៅ​ដល់​ការយកចិត្តទុកដាក់​ប្រជាជន និង​ជីវភាព​របស់​សមាជិក​អាស៊ាន​នីមួយៗ ការត្រៀមខ្លួន​សម្រាប់​ឱកាស និង​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត និង​ការរីកចម្រើន​ទាំងអស់គ្នា​ជា​តំបន់​ដែលមាន​ការរួបរួម​៕  

Tag:
 វៀត​ណា​
  ព្រុយ​ណេ​
  COVID-19
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com