COVID-19
ជាតិ
COVID-19៖ កម្ពុជាដឹកម៉ាស២.១លាន និងបរិក្ខារពេទ្យ១២មុខ ទៅជួយឡាវ
16, Nov 2020 , 9:59 am        
រូបភាព
សម្តេច ទៀ បាញ់​រដ្ឋមន្ត្រីការពារជាតិ ជិះយន្តហោះពិសេសដឹកអំណោយទៅជួយដល់ឡាវ។ រូបថត SPM
សម្តេច ទៀ បាញ់​រដ្ឋមន្ត្រីការពារជាតិ ជិះយន្តហោះពិសេសដឹកអំណោយទៅជួយដល់ឡាវ។ រូបថត SPM
ដោយ: ថ្មីៗ
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃចន្ទនេះ បានជិះយន្តហោះពិសេសទៅកាន់ប្រទេសឡាវ ដើម្បីនាំយកអំណោយម៉ាសចំនួន២.១លានម៉ាស និងបរិក្ខារពេទ្យ១២មុខទៀត ទៅជួយដល់ឡាវ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។



យោងតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំណោយដែលរដ្ឋាភិបាលកម្ពុជា ជូនដល់ឡាវដែលជាប្រទេសជិតខាងរួមមាន ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1។



«ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក» នេះជាពាក្យស្លោកដែលសម្តេច ហ៊ុន សែន បានលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួន អមដោយរូបថតជាច្រើនសន្លឹកនៃប្រតិភូកម្ពុជាក្នុងដំណើរទៅកាន់ប្រទេសឡាវ ក្នុងនោះមានលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ផងដែរ។

បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងកូវី-១៩ ចំនួន៣០២ករណី ក្នុងនោះ២៨៩បានជាសះស្បើយ ខណៈឡាវ មាន២៤ករណី ហើយនៅសល់តែ១ករណីប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com