COVID-19
ជាតិ
​សម្តេច ទៀ បាញ់ សំដៅទៅ​ឡាវ​៖ មិត្ត​នៅក្បែរ​គ្នា យើង ត្រូវ​ជួយ​បន្ថែម​គ្នា​ទៅវិញទៅមក​
16, Nov 2020 , 12:29 pm        
រូបភាព
សម្តេច ទៀ បាញ់ ថ្លែងទៅកាន់អ្នកកាសែត មុនឡើងយន្តហោះទៅឡាវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី
សម្តេច ទៀ បាញ់ ថ្លែងទៅកាន់អ្នកកាសែត មុនឡើងយន្តហោះទៅឡាវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ លើក​ទស្សនៈ​ថា ក្នុងនាម​ជា​ប្រទេសជិតខាង គឺ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ស្ថិតក្នុង​កាលៈទេសៈ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ សម្តេច លើក​ពី​ទស្សនៈ​នេះ​ឡើង ក្នុងពេលដែល​កម្ពុជា កំពុង​ជួប​ការលំបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ដែរនោះ ហ៊ាន​បរិច្ចាគ​ម៉ាស់​២,១​លាន និង​បរិក្ខារ​ពេទ្យ​១២​មុខ​ទៀត ដល់​ប្រទេសឡាវ។



​សម្តេច ទៀ បាញ់ ត្រូវបានចាត់តាំង​ឲ្យ​ដឹកនាំ​គណៈប្រតិភូ នាំយក​ម៉ាស់​និង​សម្ភារ​ពេទ្យ​ទាំងនោះ ទៅកាន់​ឡាវ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ បើតាម​សម្តេច​រដ្ឋមន្ត្រី ការបរិច្ចាគ​ម៉ាស់​និង​សម្ភារ​ពេទ្យ​ទាំងនោះ ធ្វើឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រួច​។ 
 
​រៀបនឹង​ឡើង​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ឡាវ រដ្ឋមន្ត្រី​ការពារជាតិ ថ្លែង​ទៅកាន់​អ្នកកាសែត​ដូច្នេះ​ថា​៖«...​រឿងនេះ គឺជា​រឿង​មួយ​ដែល​ប្រពៃ​សម្បើម​ណាស់​។ យើង អាច​និយាយបានថា មិត្តភក្តិ​នៅក្បែរ​គ្នា ក្នុង​ការរៀបចំ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​-១៩​នេះ គឺ​យើង ឃើញថា កន្លែង​ណា ប្រសិទ្ធភាព មិនទាន់បាន​គ្រប់គ្រាន់ [​មិនទាន់​] ពេញលេញ គឺ​ជួយ​បន្ថែម​គ្នា​ទៅវិញទៅមក នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​តែម្តង​...»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​កម្ពុជា និង​ប្រជាជន​ឡាវ​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​ទាំងអស់គ្នា​។ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុងពេល​លំបាក​»​។ 
 
​សម្តេច ទៀ បាញ់ ហៅ​ការផ្តល់​ជំនួយ​របស់​ក​ម្ពុ​ជា​នេះ ថា​ជាការ​ផ្តល់​ភាពកក់ក្តៅ​ដល់​ឡាវ ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេច ថ្លែងថា​៖«[​ឡាវ​] គឺ​ហាក់ដូចជា​នៅមាន​បញ្ហា​។ យើង អត់​ហ៊ាន​ថា នៅ​ខ្វះខាត​ទេ ប៉ុន្តែ អត់​ទាន់​គត់មត់​មាំទាំ​ខ្លាំងក្លា ទើប​សម្តេច [​តេ​ជោ​] លោក បានសម្រេច​ផ្សារភ្ជាប់​ទំនាក់ទំនង ដើម្បី​រួមគ្នា​ប្រឆាំង​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ គឺ​បានសម្រេច​ផ្តល់​សម្ភារ ដែលជា​កម្លាំង​ជំនួយ​ក្នុងការ​ទប់ទល់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែម​ទៅដល់​មិត្ត​ឡាវ​»​។ 
 
​ជាមួយគ្នានេះ សម្តេច ទៀ បាញ់ ក៏បាន​សរសើរ​ពី​ទឹកចិត្ត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ក្នុងការ​ប្តូរផ្តាច់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេច លើកឡើងថា កម្ពុជា បាន​បំពេញការងារ​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា ហើយ​បានរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ នៅក្នុង​តំបន់​ថែមទៀត ជាពិសេស​ជាមួយ​បណ្តា​ប្រទេសជិតខាង​។ 
 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បែបនេះ​ថា​៖«​នៅក្នុង​តំបន់​ជាប់​គ្នា គឺ​យ៉ាងណាក៏ដោយ គឺ​រួមគ្នា​ឲ្យ​បាន​ខ្លាំងក្លា ប្រើ​ឧបករណ៍​និង​សម្ភារ ដែលមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ នោះ​គឺជា​ការទប់ស្កាត់ [​ជំងឺ​កូ​វីដ​-១៩] តាំងពី​ដើមទី​រៀងៗ​ខ្លួន ហ្នឹង​គឺជា​ការត្រឹមត្រូវ​»​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​៣ ដែល​នៅជាប់​កម្ពុជា ថៃ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ច្រើនជាងគេ បន្ទាប់មក គឺ​វៀតណាម ហើយ​ឡាវ មាន​ករណី​ឆ្លង​តិចជាងគេ​បង្អស់​។ គិត​ត្រឹម​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ដូចគ្នា តួលេខ​លើ​គេហទំព័រ Worldometers បង្ហាញថា ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង​៣,៨​ពាន់​នាក់ ស្លាប់​៦០​នាក់ ជាសះស្បើយ​ជាង​៣,៧​ពាន់​, វៀតណាម មាន​អ្នក​ឆ្លង​ជាង​១,២​ពាន់​នាក់ ស្លាប់​៣៥​នាក់ ជាសះស្បើយ​ជាង​១,១​ពាន់​នាក់​, កម្ពុជា មាន​អ្នក​ឆ្លង​៣០២​នាក់ ជាសះស្បើយ​២៨៩​នាក់ ដោយ​គ្មាន​អ្នកស្លាប់​, ឡាវ មាន​អ្នក​ឆ្លង​២៤​នាក់ ជាសះស្បើយ​២៣​នាក់ ដោយ​គ្មាន​អ្នកស្លាប់​៕ 

Tag:
 កម្ពុជា​-​ឡាវ​
  ជំនួយ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com