សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ដក​ពាក្យ​វិញ​ភ្លាម​ក្រោយ​ទទួលស្គាល់ថា លោក បៃ​ឌិន ឈ្នះ
16, Nov 2020 , 1:55 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាបតីអាមេរិកជិតអស់អាណត្តិ ។ រូបភាព៖ AFP
លោក ដូណាល់ ត្រាំ ប្រធានាបតីអាមេរិកជិតអស់អាណត្តិ ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ដក​ពាក្យសម្ដី​ភ្លាម​វិញ​បន្ទាប់ពី​ព្រម​ទទួលស្គាល់​ជា​លើកដំបូង​ថា​លោក ចូ បៃ​ឌិន ឈ្នះឆ្នោត​។ លោក ត្រាំ អះអាងថា លោក​អត់​ព្រម​ចុះចាញ់​អ្វី​ទាំងអស់ ហើយ​បន្ត​ចោទថា ការបោះឆ្នោត​មាន​ការលួចបន្លំ​។

 
 
​ដោយ​មិន​និយាយ​ចំៗ​ឈ្មោះ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​សារ​មួយ​លើ Twitter នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​ដូច្នេះ​ថា​៖«​លោក​ឈ្នះ​ព្រោះតែ​ការបោះឆ្នោត​មាន​ការលួចបន្លំ​»​។ សារ​របស់លោក ត្រាំ បែបនេះ ត្រូវបាន​អ្នកឃ្លាំមើល​ជាច្រើន​ចាត់ទុកជា​ការសារភាព​ចុះចាញ់​ក្នុងការ​បោះឆ្នោត​ដែល​រៀបចំឡើង​នា​ថ្ងៃទី​៣ ខែវិច្ឆិកា​។​
 
​ក៏ប៉ុន្តែ ប្រហែល​មួយ​ម៉ោង​ក្រោយមក លោក ត្រាំ ហាក់​និយាយ​ក្រឡាស់​ភ្លាមៗ ដោយ​បញ្ជាក់ថា លោក បៃ​ឌិន ឈ្នះ​បានត្រឹមតែ​ក្នុង​ក្រសែភ្នែក​ពួក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ​។ «​ខ្ញុំ​អត់​ព្រម​ចុះចាញ់​អ្វី​ទាំងអស់​! យើង​មាន​ផ្លូវ​វែងឆ្ងាយ​ទៀត​ដើម្បី​ទៅ​។ នេះ​គឺ​ការបោះឆ្នោត​ដែលមាន​ការលួចបន្លំ​»​។ លោក ត្រាំ សង្កត់ធ្ងន់​បែបនេះ​ក្នុង​សារ​បន្ទាប់​ទៀត​។​
 
​ជាង​មួយ​សប្ដាហ៍​ហើយ លោក ដូ​ណា​ល់ ត្រាំ មិនទាន់​ព្រម​សារភាពថា ចាញ់ឆ្នោត​ជាមួយ​លោក​បៃ​ឌិន ដែល​ត្រូវ​ប្រកាសថា​ឈ្នះ កាលពី​ថ្ងៃទី ៧ ខែវិច្ឆិកា ក្រោយ​ទទួល​សំឡេង​ប្រតិភូ​គ្រប់គ្រាន់​។ ក្រោយ​ឈ្នះ​រដ្ឋ​មួយចំនួនទៀត បច្ចុប្បន្ន លោក បៃ​ឌិន មាន​សំឡេង​ប្រតិភូ ៣០៦ ក្នុង​ដៃ ដែល​ច្រើន​ឆ្ងាយ​ជាង ២៧០ ប្រតិភូ​សម្រាប់​ឈ្នះ​តំណែង​គ្រប់គ្រង​សេត​វិមាន​។ 
 
​អនាគត​ប្រធាន​បុគ្គលិក​សេត​វិមាន​អាមេរិក​ដែល​លោក បៃ​ឌិន ទើប​ជ្រើសរើស លោក Ron Klain បាន​ប្រាប់​ទូរទស្សន៍​អាមេរិក NBC ថា ការ​បង្ហោះ​លើ Twitter របស់លោក ត្រាំ មិនបាន​សម្រេច​ឲ្យ​លោក​បៃ​ឌិន​ជា​ប្រធានាធិបតី ឬ​អត់​ឡើយ តែ​ពលរដ្ឋ​អាមេរិក​ទេ​ជា​អ្នកសម្រេច​នោះ​។ 
 
​ការប្ដឹងតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ក្នុង​រដ្ឋ​គន្លឹះៗ​ពី​សំណាក់​ក្រុម​ឃោសនា​លោក ត្រាំ ភាគច្រើន​ត្រូវបាន​បដិសេធ ហើយ​កាលពី​សប្ដាហ៍ មន្ត្រី​ចាត់ចែង​ការបោះឆ្នោត​អាមេរិក​ប្រកាសថា​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ឡើយ ហើយ​វា​ក៏​ជាការ​បោះឆ្នោត​មាន​សុវត្ថិភាព​បំផុត​ក្នុង​ប្រវត្តិ​សា​ស្តិ​អាមេរិក​។​
 
​បក្ស​ប្រជាធិបតេយ្យ និង​ក្រុមអ្នកតាមដាន​បោះឆ្នោត​អាមេរិក បាន​រិះគន់​លោក​ត្រាំ​ថា​ព្យាយាម​ធ្វើ​ឲ្យ​ភាពជោគជ័យ​របស់លោក បៃ​ឌិន អត់​ស្របច្បាប់ ហើយក៏​កំពុង​បំផ្លាញ​ទំនុកចិត្ត​សាធារណៈ​ក្នុង​ដំណើរការ​អាមេរិក​ផងដែរ​។ តាំង​ពីមុន​ការបោះឆ្នោត​មក លោក ត្រាំ ក៏​ធ្លាប់​បដិសេធ​តាំងចិត្ត​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ផងដែរ​។ 
 
​ទោះបីជា​លោក​ត្រាំ​មិនទាន់​ព្រម​ចុះចេញ​ក្តី លោក បៃ​ឌិន បានចាប់ផ្ដើម​ដំណើរការ​ផ្ទេរអំណាច ខណៈ​មេដឹកនាំ​ពិភពលោក​ជាច្រើន​បាន​ផ្ញើ​សារ​អបអរ ក្នុងនោះ​ក៏មាន​ចិន​ផងដែរ​។ ការស្បថ​ចូលកាន់​តំណែង​លោក បៃ​ឌិន នឹង​រៀបចំឡើង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២០៕
 
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ការបោះឆ្នោត​អាមេរិក​
  ចូ បៃ​ឌិន​
© រក្សាសិទ្ធិដោយ thmeythmey.com