COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស ធ្វើ​ច​ត្តា​ឡី​ស័ក​ជាថ្មី បន្ទាប់ពី​ប៉ះពាល់​​អ្នក​ផ្ទុក​កូ​វីដ​-១៩
16, Nov 2020 , 3:07 pm        
រូបភាព
លោកបូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
លោកបូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បានប្រកាសថា លោក​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​ជាថ្មី បន្ទាប់ពី​លោក​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​។



«​ថ្ងៃនេះ ខ្ញុំ​បានទទួល​ដំណឹង​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល NHS ថា ខ្ញុំ​ត្រូវតែ​ដាក់​ច​ត្តា​ឡី​ស័ក​»​។ លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​សរសេរ​យ៉ាង​ដូច្នេះ​តាមរយៈ​បណ្តាញ​សង្គម Twitter ។ បើតាម​លោ​កច​ន​សុន ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ កើតឡើង​បន្ទាប់ពី​លោក មាន​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​សភា​ដែលមាន​ផ្ទុក​កូ​វីដ​-១៩ នៅ​និវេសនដ្ឋាន​របស់​នាយករដ្ឋមន្ត្រី 10 Downing Street​។ 
 
​មកទល់ពេលនេះ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស មិនទាន់​ចេញ​រោគសញ្ញា​អ្វី​ឡើយ​។ ក្នុង​បណ្តាញ​សង្គម Twitter ដដែល លោក​ច​ន​សុន បាន​បន្តថា លោក​នៅតែ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល បន្ត​ធ្វើការ និង​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​នឹង​កូ​វីដ​-១៩ ពី​អាគារ​10 Downing Street ដដែល ។ 
 
​កាលពី​ខែមេសា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ដែរ​។ ក្នុងអំឡុងពេល​ផ្ទុក​កូ​វីដ​-១៩ លោក ត្រូវបាន​គេ​បញ្ជូន​ទៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​រយៈពេល ៣​យប់​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ករណី​កូ​វីដ​-១៩ របស់លោក មាន​ស្ថានភាព​មិនល្អ​ឡើយ ដោយសារ​លោក​លើស​ទម្ងន់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ចក្រភព​អង់គ្លេស មាន​ករណី​កូ​វីដ​-១៩ សរុប​ចំនួន​ជាង ១,៣​លាន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់​។​
 
​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង ដែលមាន​ជាប្រចាំ​ថ្ងៃ រដ្ឋាភិបាល​អង់គ្លេស បានសម្រេច​បិទ​ប្រទេស​ជាថ្មី​ចាប់ពី​ថ្ងៃទី​៥ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​៥ ខែធ្នូ​។ វិធាន​ការបិទ​ប្រទេស​នេះ ក៏បាន​តម្រូវ​ឲ្យ​តៀមស្រា ភោជនីយដ្ឋាន និង​អាជីវកម្ម​មិនចាំបាច់​មួយចំនួន ដូចជា​កន្លែង​ហាត់ប្រាណ ធ្វើ​សក់​ជាដើម ក៏ត្រូវ​បិទ​ដែរ​។ 
 
​ជាមួយគ្នានេះ អង់គ្លេស ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន ធ្វើការ​ពី​ផ្ទះ និង​ជៀសវាង​ការធ្វើដំណើរ​មួយចំនួន ដែល​មិនចាំបាច់​។ រដ្ឋាភិបាល មិន​អនុញ្ញាត​ឲ្យ​មាន​ពិធី​ជួបជុំ​លើសពី​១៥​នាក់​ឡើយ ចំណែក​អាពាហ៍ពិពាហ៍ និង​បុណ្យសព អនុញ្ញាត​ឲ្យ​មនុស្ស​ចូលរួម​ត្រឹមតែ ២៥​នាក់​ប៉ុណ្ណោះ​។ ក្រៅពី​វិធាន​ខាងលើ អង់គ្លេស បានដាក់​ចេញ​វិធាន​ជាច្រើន​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​៕ 

Tag:
 អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com