អត្ថបទពាណិជ្ជកម្ម
លោក ពេ​ជ សោភ័ន កំណើន​ផលិតភាព នឹង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង បង្កើត​ការងារ និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​
15, Nov 2020 , 9:28 am        
រូបភាព
​ភ្នំពេញ​៖ លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់ថា កំណើន​ផលិតភាព នឹង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង ព្រមទាំង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​នៅក្នុង​ល្បឿន និង​ជីវភាព​កាន់តែ​ខ្ពស់ ដើម្បី​ធានា​ចីរភាព​កំណើន និង​ការបង្កើត​ការងារ​កាន់តែ​ល្អ​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​។ លោក សោភ័ន ថ្លែង​ដូច្នេះ នៅក្នុង​សុន្ទរកថា​គន្លឹះ ស្តីពី​ការលើកកម្ពស់​ការយល់​ដឹង អំពី​ការបង្កើន​ផលិតភាព ក្នុងអំឡុងពេល​រីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ នៃ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ ដែល​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
 
​តាម​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំណើន​ផលិតភាព អាច​កើតមាន តាមរយៈ​ការរៀន​ពី​ការអនុវត្ត​ជោគជ័យ និង​បច្ចេកវិទ្យា​ថ្មីៗ ពី​ប្រទេស​អភិវឌ្ឍ ព្រមទាំង​រៀន​ពីគ្នា​ទៅវិញទៅមក​។ ការបណ្តុះ​ផ្នត់គំនិត​អំពី​ផលិតភាព ក្នុងចំណោម​ប្រជាជន​កម្ពុជា​ទាំងមូល ជាពិសេស​ក្នុងចំណោម​កម្មករ និយោជិត យុវជន សិស្ស និស្សិត ក៏​នឹង​រួមចំណែក​ដល់​កំណើន​ផលិតភាព​ផងដែរ​។ 


 
​អ្វីដែល​ពិសេស​ទៀត​នោះ គឺ​ការជំរុញឱ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត របស់​និយោជក​ពី​ការចាត់ទុក​«​កម្មករនិយោជិត​» គ្រាន់តែ​ជា​ធនធាន ដូចជា​ធនធាន​ផលិតកម្ម​ដទៃទៀត ទៅជា​ការចាត់ទុក​ថា​ជា «​មូលធន​» ដែល​ត្រូវការ​ចាំបាច់​វិនិយោគ​ជាប្រចាំ ដើម្បី​លើកកម្ពស់ និង​ពង្រីក​ជំនាញ​ឱ្យមាន​សមត្ថភាព​ប្រកួតប្រជែង និង​ឆ្លើយតបបាន​ទៅនឹង​ការប្រែប្រួល គ្រប់​កាលៈទេសៈ​។ នេះ​បើតាម​លោក ពេ​ជ សោភ័ន ដោយ​លោក​បាន​បន្ត​សង្កត់ធ្ងន់​ថា​៖ «​កំណើន​ផលិតភាព ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសមួយ ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​សេដ្ឋកិច្ចជាតិ​នៃ​ប្រទេស​នោះ អាច​ផលិត​បាន​ផលិតផល​ដែលមាន​តម្លៃបន្ថែម​កាន់​តែ​ច្រើន ខណៈពេលដែល​ការប្រើប្រាស់​ធនធាន កាន់​តែមាន​ប្រសិទ្ធភាព រួមចំណែក​ដល់​ការបង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​។ កំណើន​ផលិតភាព ក៏​ជា​មធ្យោបាយ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​មួយ ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន ប្រកបដោយ​ចីរភាព​»​។ 


 
​ផលិតភាព គឺជា​ទំនាក់ទំនង​រវាង​បរិមាណ​នៃ​មុខ​ចេញ (output) និង​បរិ​មាណនៃ​មុខ​ចូល (input) ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​មុខ​ចេញ​នោះ​។ ក្នុងន័យនេះ ផលិតភាព មិន​គ្រាន់តែ​ជាការ​ផលិត​មុខ​ចេញ ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រកបដោយ​ស័ក្តិ​សិទ្ធ​ភាព​ផងដែរ​។ 
 
​ដូច្នេះ កំណើន​ផលិតភាព អាច​ត្រូវ​សម្រេចបាន តាមរយៈ​ការប្រើប្រាស់​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព នូវ​ធនធាន​ដូចជា ពលកម្ម មូលធន និង​វត្ថុធាតុដើម ក្នុង​ផលិតកម្ម​នៃ​ផលិតផល​និង​សេវា​។ ក្នុងន័យនេះ កំណើន​ផលិតភាព​ការងារ គឺជា​ការកើនឡើង នូវ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព នៃ​ពលកម្ម​នៅក្នុង​ការផលិត និង​ការលក់ ដែល​កំណត់ដោយ​ឥរិយាបថ និង​ជំនាញ​របស់​កម្មករនិយោជិត ព្រមទាំង​កត្តា​ដទៃទៀត ដែល​ជះឥទ្ធិពល​លើ​មុខ​ចេញ និង​មុខ​ចូល រួមមាន​បច្ចេកវិទ្យា នវានុវត្តន៍ ប្រព័ន្ធ និង​ដំណើរការ ការវិនិយោគ​លើ​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍ និង​កត្តា​តម្រូវការ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com