COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង​៖ ស្ថានភាព​កូ​វីដ​-១៩ ឈានដល់​ចំណុច​របត់​គ្រោះថ្នាក់​ខ្លាំង​
16, Nov 2020 , 10:59 pm        
រូបភាព
លោករដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង Park Neung-hoo ។ រូបភាព៖ Korea Harald
លោករដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង Park Neung-hoo ។ រូបភាព៖ Korea Harald
ដោយ:
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា បាន​រាយការណ៍​ជំងឺ​កូ​វីដ​-១៩ ជាង​២០០​ករណី ដែលជា​តួលេខ​ពីរ​រយ​ករណី​សម្រាប់​ពេល​៣​ថ្ងៃ​ជាប់​គ្នា​។ ដោយ​ចាត់ទុក​ស្ថានការណ៍​នេះ ជា​ចំណុច​របត់​គ្រោះថ្នាក់​ខ្លាំង រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង បាន​ពិចារណា​រឹតបន្តឹង​វិធានការ​គម្លាត​សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​រាតត្បាត​សកល​នេះ​។

 
«​យើង​ស្ថិតនៅ​ដំណាក់កាល​សំខាន់ ដែល​យើង​ប្រហែលជា​ត្រូវ​កែទម្រង់​លើ​វិធានការ​គម្លាត​សុវត្ថិភាព​»​។ រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង Park Neung-hoo ប្រាប់​កិច្ចប្រជុំ​មួយបែប​នេះ មុននឹង​បន្ថែមថា ស្ថានការណ៍​កូ​វីដ​-១៩​បច្ចុប្បន្ន កំពុង​ឈានដល់​របត់​គ្រោះថ្នាក់​ខ្លាំង បើ​មើល​ទៅលើ​ការកើនឡើង​ករណី​ឆ្លង​ប្រចាំថ្ងៃ​និង​ល្បឿន​ឆ្លង​។​
 
​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្កា​ជំងឺឆ្លង​កូរ៉េ (KDCA) បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​-១៩​ចំនួន ២២៣ ករណី កាលពី​យប់​ថ្ងៃទី ១៥ ខែវិច្ឆិកា ដែលជា​តួលេខ​ខ្ពស់បំផុត​គិត​ចាប់ពី​ដើមខែ​កញ្ញា​មក​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី ១៩៣​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​៣០​នាក់​ទៀត​ជា​ករណី​នាំចូល​។ 
 
​បូក​ទាំង​ករណី​ថ្មី​នេះ ជំងឺ​កូ​វីដ​-១៩​សរុប​នៅ​កូរ៉េខាងត្បូង ឡើងដល់ ២៨ ៧៦៩​ករណី ខណៈ​អ្នក​ស្លាប់មាន ៤៩៤​នាក់​។ ជាង​៦៦​ភាគរយ​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ កើតចេញពី​តំបន់​ណែនណាន់តាន់តាប់​ខ្លាំង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ 
 
​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង កាលពី​ថ្មីៗ​នេះ ក៏បាន​ព្រមាន​ពី​ការ​រឹតបន្ដឹង​ឡើងវិញ​វិធានការ​គម្លាត​សុវត្ថិភាព ដែល​ត្រូវបាន​បន្ធូរបន្ថយ​កាលពី​មួយខែ​មុន​ទៅកាន់​កម្រិត​ទាប​បំផុត ដ្បិតថា​ការឆ្លង​កូ​វីដ​-១៩​ជា​លក្ខណៈ​ចង្កោម​បន្ត​កើតមាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ចំណាត់ការ​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ នឹង​រួមបញ្ចូល​ការហាមឃាត់​ការជួបជុំ​មនុស្ស​នៅ​ទីសាធារណៈ​ចាប់ពី​១០០​នាក់​ឡើងទៅ ការ​រឹតត្បិត​លើ​ការចូលរួម​ពិធី​សាសនា និង​ការកំណត់​ចំនួន​អ្នក​ចូល​មើល​ព្រឹត្តិការណ៍​កីឡា​ត្រឹម​៣០​នាក់​។ 
 
​ទន្ទឹមនេះ អាជ្ញាធរ​កូរ៉េខាងត្បូង ក៏​តម្រូវ​ឲ្យ​ទីតាំង​ដែល​ពួកគេ​ចាត់ទុកថា ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់ រួមមាន ហាង​ស្រា និង​កន្លែង​ច្រៀង​កា​រ៉ា​អូ​ខេ​ជាដើម ពង្រីក​វិធានការ​គម្លាត​សុវត្ថិភាព​ក្នុងចំណោម​ភ្ញៀវ​ពួកគេ​។ 
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា បាន​ទទូច​ឲ្យ​អាជ្ញាធរ​និង​រដ្ឋាភិបាល​តំបន់​ពង្រឹង​ការតាមដាន​លើ​ការអនុវត្ត​វិធានការ​ប្រឆាំង​កូ​វីដ​-១៩​។ ការអំពាវនាវ​នេះ កើតឡើង​មុន​ការចូល​ធរមាន​បទបញ្ជា​ដាក់ពិន័យ​ជា​ប្រាក់​លើ​អ្នក​អត់​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​៕ 
 

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
  Park Neung-hoo
© រក្សាសិទ្ធិដោយ thmeythmey.com