COVID-19
អន្តរជាតិ
Youtube សម្រេច​មិន​ផលិត​វីដេអូ «Rewind» ឆ្នាំ​២០២០ ដោយសារ​កូ​វីដ​-១៩
17, Nov 2020 , 8:29 am        
រូបភាព
ដោយ:
YouTube បានប្រកាសថា​ខ្លួន​នឹងមិន​ផលិត​វីដេអូ​ចុងឆ្នាំ «Rewind» សម្រាប់​ឆ្នាំ​២០២០​នេះឡើយ ហើយ​នោះ​គឺ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​ចម្លង​មនុស្ស​ជិត​៥៤​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

 
៩​ឆ្នាំ​មកហើយ YouTube តែង​តែង​ផលិត​វីដេអូ​រំ​ឮ​ក​ពី​ព្រឹត្តិការណ៍​ធំៗ​ដែល​កើត​ឡើងលើ​បណ្ដាញ​ចែកចាយ​វីដេអូ​ដ៏​ធំ​មួយ​នេះ ហើយ​ក៏មាន​ចូលរួម​សម្តែង​ពី​សំណាក់​តារា YouTube ល្បីៗ ផងដែរ​។ 
 
​ក៏ប៉ុន្តែ ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា YouTube អះអាងថា ឆ្នាំ​២០២០​នេះ គឺ​ខុសប្លែក​ជាង​ឆ្នាំ​រាល់ដង ក៏​ព្រោះតែ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដូច្នេះហើយ​ទើប YouTube សម្រេច​ផ្អាក​ធ្វើ​វីដេអូ Rewind បែបនេះ​។   
 
​កាលពី​ឆ្នាំ​២០១៩ សម្រាប់​ទម្រង់​នៃ​វីដេអូ Rewind របស់ YouTube ត្រូវបាន​ជ្រើសរើស​ចេញពី​វីដេអូ​ដែលមាន​ចំនួន​ចុច Like ច្រើន​បំផុត​។ 
 
​អ្នកកាសែត​ម្នាក់ ឈ្មោះថា Chris Stokel-Walker ដែល​សរសេរ​ពី YouTube និង​បណ្ដាញ​សង្គម​ដទៃទៀត បាន​ប្រាប់​ទូរទស្សន៍ BBC ថា វា​ជា​រឿង​ដ៏​អាម៉ាស់​ខ្លាំងណាស់​ដែល​វីដេអូ Rewind ត្រូវ​ផ្អាក ព្រោះថា YouTube បានប្រែក្លាយ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​សេវាកម្ម​កម្សាន្ត​និង​លើកទឹកចិត្ត​សម្រាប់​មនុស្ស​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​។ 
 
​យ៉ាងណាមិញ លោក បញ្ជាក់ថា  សម្រាប់​ឆ្នាំ​២០២០​នេះ YouTube ហាក់​ពុំមាន​បង្កើត​ចំណី​អារម្មណ៍​អ្វី​ថ្មី​ច្រើន​សម្រាប់​អ្នកប្រើប្រាស់ ហើយ YouTube ត្រូវ​កម្មវិធី​ទូរ​សព្ទ​ផលិត​វីដេអូ​ខ្លីៗ TikTok សឹងតែ​វ៉ា​ដាច់​ទៅហើយ​រឿង​បង្កើត Trends ថ្មី​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com