អន្តរជាតិ
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទៅ​ជប៉ុន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ និង​ទប់​ឥទ្ធិពល​ចិន
17, Nov 2020 , 10:29 pm        
រូបភាព
លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AP
លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AP
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) បាន​ទៅដល់​ជប៉ុន​ហើយ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា និង​សេដ្ឋកិច្ច​ទ្វេភាគី ស្របពេល​ចិន​កំពុង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។ 

 
​បន្ទាប់ពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​ជប៉ុន អូស្ត្រាលី​ក៏ត្រូវ​បាន​ចាត់ទុកថា ជា​ដៃគូ​ដ៏​ល្អ​មួយ​ដែរ​។ កន្លងមក​ជប៉ុន និង​អូស្ត្រាលី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ជាមួយគ្នា ដើម្បី​ផ្លាស់ប្តូរ​សម្ភារ​យោធា​ជាដើម​។ ទំនាក់ទំនង​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​កង់​បេ​រ៉ា កាន់តែ​ជិតស្និទ្ធ​ថែមទៀត ក្នុង​បរិបទ​ចិន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។ 
 
​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សិន ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ដើម្បី​ជជែក​លើ​បញ្ហា​មួយចំនួន​។ លោក Morrison ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ូ​ដេ និង​ភាគី​ទាំងពីរ​អាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួល​ព័ត៌មាន​យោធា​ទៅវិញទៅមក (RAA) ផងដែរ​។ កិច្ចព្រមព្រៀង​RAA នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ អាច​ផ្លាស់ប្តូរ​ទស្សនកិច្ច​យោធា​ទៅវិញទៅមក មាន​សមយុទ្ធ​យោធា និង​ប្រតិបត្តិការ​រួមគ្នា​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ 
 
​បើសិន​បើ​កិច្ចព្រមព្រៀង​យោធា​នេះ ត្រូវបាន​ចុះហត្ថលេខា​មែន វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​លើក​ទី​១ សម្រាប់​ជប៉ុន​ជាមួយ​បណ្តាល​ប្រទេស​ផ្សេងៗ គិត​ត្រឹម​ឆ្នាំ​១៩៦០ ពេលដែល​អាមេរិក និង​ជប៉ុន បាន​ចុះហត្ថលេខា​ដើម្បី​ដាក់​មូលដ្ឋានទ័ព​សម្រាប់​កងទ័ព​អាមេរិក​៥​ម៉ឺន​នាក់ ដើម្បី​ប្រតិបត្តិការ​នៅក្នុង និង​ជុំវិញ​ជប៉ុន​។ 
 
​ក្រៅពី​កិច្ចព្រមព្រៀង​ខាងលើ លោក ម៉ូ​រី​សុន និង​លោក​ស៊ូ​ហ្កា អាច​ជជែក​ពី​បញ្ហា​កូ​វីដ​-១៩ ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងទៀត​ផងដែរ​។ ការពង្រឹង​ទំនាក់ទំនង​នេះ នឹង​ជួយ​ដល់​ការ​ទប់ទល់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ដែល​ចេះតែ​កើនឡើង​។ អូស្ត្រាលី​ផ្ទាល់​កំពុង​មិនត្រូវ​គ្នា​ជាមួយ​ចិន ក្រោយ​អូស្ត្រាលី​ទាមទារ​ឲ្យ​រក​ដើមកំណើត​ជំងឺ COVID-19 ដែល​ការណ៍​ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​ខ្លាំង​។​
 
​កន្លងមក​ជប៉ុន និង​អូ​ស្រា្ត​លី ក៏មាន​កិច្ចព្រមព្រៀង​យោធា​ជាមួយគ្នា​ដែរ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំងនោះ មិនមាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កងទ័ព និង​ការធ្វើ​សមយុទ្ធ​រួមគ្នា​ឡើយ​។ នៅក្នុង​ឆ្នាំ​២០០៧ ក្រុង​តូ​ក្យូ និង​ក្រុង​កង់​បេ​រ៉ា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការការពា​រ​ជាតិ​។ នៅ​ឆ្នាំ​២០១៣ ប្រទេស​ទាំងពីរ បាន​ឯកភាព​ក្នុងការ​ចែករំលែក​គ្រឿង​បរិក្ខារ​យោធា​ថែមទៀត ហើយ​នៅក្នុង​ឆ្នាំ​២០១៧ ប្រទេស​ទាំងពីរ បានរួម​ប​ញ្ជូ​ល​គ្រាប់កាំភ្លើង​ទៅក្នុង​កិច្ចព្រមព្រៀង​នេះ​ថែមទៀត​៕ 

Tag:
 ​អូស្ត្រាលី​
  ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com