អន្តរជាតិ
ក្រុម​ប្រទេស Quad ធ្វើ​សមយុទ្ធ​យោធា​លើក​ទី​ពីរ​នៅ​សមុទ្រ​អារ៉ាប់​
18, Nov 2020 , 12:05 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​(Quad) នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដំណាក់​កាលពីរ នៅក្នុង​សមុទ្រ​អារ៉ាប់ ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​។ ចិន បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន នៅក្នុង​តំបន់​សមុទ្រ​នេះ តាមរយៈ​គម្រោង​គំនិត​ផ្តួចផ្តើម «​ផ្លូវ និង​ខ្សែក្រវាត់​»​។​

 
​សមយុទ្ធ​យោធា Quad ដែលមាន​ប្រទេស​ចំនួន​៤ អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា បានធ្វើ​ម្តង​រួចមកហើយ នា​ដំណាក់កាល​ដំបូង​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា នៅក្នុង​ឈូង​សមុទ្រ Bengal ដែលមាន​ឈ្មោះថា Malabar​។ សមយុទ្ធ​យោធា​នេះ ត្រូវបាន​អូស្ត្រាលី​ចូលរួម​ជា​លើកដំបូង បើ​គិត​ចាប់ពី​ឆ្នាំ​២០១៥ ដែលជា​ឆ្នាំ​អាមេរិក ជប៉ុន និង​ឥណ្ឌា ធ្វើ​សមយុទ្ធ​ត្រីភាគី​លើកដំបូង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo​។ 
 
​សមយុទ្ធ​បន្ទាប់ ជា​ដំណាក់​កាលពីរ នៃ Malabar ដែល​ត្រូវបាន​ធ្វើឡើង ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​អារ៉ាប់​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងការពារជាតិ​ឥណ្ឌា សមយុទ្ធ​យោធា Malabar ជាការ​ពង្រឹង​សាមគ្គីភាព​រវាង​ប្រទេស​ប្រកាន់​លទ្ធ​ប្រជាធិបតេយ្យ​ទាំង​បួន​លើ​តំបន់​សមុទ្រ​មួយ​នេះ​។ 
 
​យ៉ាងណាក៏ដោយ សមយុទ្ធ​នេះ ត្រូវបាន​មើលថា ជាការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​អារ៉ាប់​។ សមុទ្រ​អារ៉ាប់ មាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្លូវ​នាវាចរណ៍ ដែល​ភ្ជាប់​ពី​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក ទៅ​តំបន់​មជ្ឈិមបូព៌ា​។ តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់ខ្លួន ចិន​បាន​បង្កើន​សកម្មភាព​ផ្លូវទឹក​យ៉ាងខ្លាំង នៅក្នុង​ផ្លូវ​នាវាចរណ៍​នេះ​។ ថ្មីៗ​នេះ ចិន​ក៏បាន​បញ្ជូន​នាវាមុជទឹក​របស់ខ្លួន​មក​ក្នុង​តំបន់​នេះដែរ​។ 
 
​សមយុទ្ធ​យោធា​ដំណាក់កាល​ពីរ​នេះ មាន​វត្តមាន​របស់​ក្រុម​នាវា​ដឹក​យុទ្ធ​ហោះ​របស់​ឥណ្ឌា Vikramaditya, ក្រុម​នាវា​ដឹក​យន្តហោះ​របស់​អាមេរិក Nimitz, នាវា Ballarat របស់​អូស្ត្រាលី និង​នាវា​ពិឃាដ Murasame និង​នាវាមុជទឹក ដែលជា​របស់​កង​ស្វ័យការពារ​ជប៉ុន​។ 
 
​សមយុទ្ធ​យោធា Malabar បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​១៩៩២ មក​ម្លេះ ប៉ុន្តែ​កាលនោះ មានតែ​អាមេរិក និង​ឥណ្ឌា​ប៉ុណ្ណោះ​។ ជប៉ុន បាន​ចូលរួម​សមយុទ្ធ​នេះ នៅ​ឆ្នាំ​២០១៥ និង​ប្រទេស​ចុងក្រោយ គឺ​អូស្ត្រាលី ដែល​បាន​ចូលរួម នៅក្នុង​ឆ្នាំ​២០២០ ៕

Tag:
 អាមេរិក​
  អូស្ត្រាលី​
  ជប៉ុន​
  ចិន​
  ឥណ្ឌា​
  Quad
© រក្សាសិទ្ធិដោយ thmeythmey.com