ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចេញបញ្ជាឲ្យកាត់បន្ថយកងទ័ពបន្ថែមទៀតពីអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ ការកាត់បន្ថយទ័ពនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិស្តីទីនៅថ្ងៃទី១៧ វិច្ឆិកា។ ដំបូងឡើយ លោកប្រធានាធិបតី ត្រាំ ចង់ដកទ័ពទាំងអស់ពីប្រទេសទាំងពីរនេះ ប៉ុន្តែរងការរិះគន់គ្រប់ទិសទាំងក្នុងចំណោមសមាជិកបក្សសាធារណរដ្ឋខ្លួនឯង។
នៅអាហ្វហ្កានីស្ថាន អាមេរិកមានកងទ័ពចំនួន៤ពាន់៥រយនាក់ ចំណែកឯនៅអ៊ឺរ៉ាក់វិញអាមេរិក មានកងទ័ព៣ពាន់នាក់។ រដ្ឋបាលលោកត្រាំ បានសម្រេចកាត់បន្ថយកងទ័ព២ពាន់នាក់ពីអាហ្វហ្កានីស្ថាន និង៥រយនាក់ពីអ៊ីរ៉ាក់។
«នៅត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កងកម្លាំងអាមេរិកនៅអាហ្វហ្កានីស្ថានមាន២ពាន់៥រយនាក់ និង២ពាន់៥រយនាក់ដូចគ្នានៅអ៊ីរ៉ាក់»។ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Christopher Miller បញ្ជាក់បែបនេះនៅថ្ងៃទី១៧ ខែវិច្ឆិកា។
ការដកទ័ពចេញពីសមរភូមិទាំងនេះ រងការជំទាស់ខ្លាំងពីសមាជិកសភាអាមេរិកបក្សសាធារណរដ្ឋ។ លោក Mitch McConnell ប្រធានសម្លេងភាគច្រើនព្រឹទ្ធសភា លើកឡើងថា អាមេរិកត្រូវប្រយ័ត្នប្រយែងមិនត្រូវកែប្រែគោលនយោបាយការពារជាតិ ឬការបរទេសក្នុងរយៈពេលប៉ុន្មានខែទៅមុខឡើយ។លោក McConnell ក៏បង្ហាញជំហរប្រឆាំងនឹងការកាត់បន្ថយកងទ័ពនេះ។
ដូចគ្នានេះដែរលោក Mac Thornberry សមាជិកគណៈកម្មាធិការយោធានៃសភាតំណាង ចាត់ទុកការកាត់បន្ថយទ័ពនេះជាកំហុស។ លោកថា ការកាត់បន្ថយទ័ពនៅអាហ្វហ្កានីស្ថាននឹងប៉ះពាល់ដល់ការចរចាជាមួយក្រុមតាលីបង់ ដោយក្រុមនេះមិនទាន់បានបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅឡើយទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចំណែកក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន ពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ។ ប៉ុន្តែលោកចូ បៃឌិនធ្លាប់បានលើកឡើងថា អាមេរិកត្រូវតែបញ្ចប់សង្គ្រាមដោយមានការទទួលខុសត្រូវ ដែលអាចធានាការពារការគំរាមទាំងក្នុងស្រុក។ បើតាមលោក បៃឌិន ពលរដ្ឋអាមេរិកហត់នឿយនឹងសង្គ្រាម។
ដោយឡែកលោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាង អះអាងថា លោកស្រីបារម្ភពីការកាត់បន្ថយទ័ពដែលគ្មានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត NATO ។ លោកស្រីបន្ថែមថា ការដកទ័ពដោយប្រញាប់ប្រញាល់ពេលនេះ នឹងធ្វើឲ្យអាហ្វហ្កានីស្ថានក្លាយជាសម្បុកភេរវកម្មជាថ្មីម្តងទៀត។
ទោះបីជាលោក ត្រាំ ប្រកាសដកទ័ពក្ដី មន្ត្រីមន្ទីរបញ្ចកោណពុំទាន់បញ្ចេញផែនការលម្អិតនៃការដកទ័ពនេះឡើយ។ គេឃើញមានសំណួរជាច្រើនជុំវិញប្រភេទកងទ័ព និងបេសកកម្មបែបណាដែលនឹងត្រូវដកចេញ។ បច្ចុប្បន្ន កងទ័ពអាមេរិកជួយរក្សាសន្តិសុខ ប្រឆាំងភេរវកម្ម និងផ្តល់យោបល់យោធាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មអាល់កៃដា និងក្រុមជ្រុលនិយមរដ្ឋឥស្លាម៕