សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ខកចិត្តចំពោះការទាញភ្ជាប់​ផលិត​ផល​អង្ករ​ទៅនឹងរឿងនយោបាយ​
ជាតិ
សេដ្ឋកិច្ច
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ខកចិត្តចំពោះការទាញភ្ជាប់​ផលិត​ផល​អង្ករ​ទៅនឹងរឿងនយោបាយ​
19, Nov 2020 , 10:58 am        
រូបភាព
កម្មករមួយក្រុម កំពុងថ្លឹង និងលីសែងស្រូវ ដាក់លើរថយន្ត។ រូបថត៖ គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
កម្មករមួយក្រុម កំពុងថ្លឹង និងលីសែងស្រូវ ដាក់លើរថយន្ត។ រូបថត៖ គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា​(Cambodia Rice Federation)  ខកចិត្ត​ជាខ្លាំង​ចំពោះ​ការ​លើក​ឡើង​​របស់​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​យក​ផលិតផល​អង្ករ​កម្ពុជា ទៅ​ភ្ជាប់​ជាមួយ​រឿង​នយោបាយ​។  សកម្មជន​នៃ​បក្សប្រឆាំង បានដាក់​ញ្ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​ដោយ​ចោទថា​«​អង្ករ​របស់​កម្ពុជា​ដែល​បាន និង​កំពុង​នាំចូល​ប្រទេស​អូ​ស្ត្រា​លី មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​»​។




​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានកំណត់​អត្តសញ្ញាណ សកម្មជន​បក្សប្រឆាំង​ដែល​បានដាក់​ញ្ញា​ត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​នោះ គឺមាន​ឈ្មោះ ខៀវ ដា​រ៉ា​។ បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទង្វើ​របស់​សកម្មជន​រូបនេះ គឺជា​ចេតនា​អាក្រក់​លើ​វិស័យ​អង្ករ​កម្ពុជា ជាពិសេស​ទៅលើ​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ ដែល​បាន​លាប​ពណ៌​ទៅជា​រឿង​នយោបាយ​ក្នុង​ការជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។​
 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ច្រានចោល​ទាំងស្រុង​នៃ​ការដាក់​ញ្ញត្តិ​របស់​សកម្មជន​នៃ​គណបក្សប្រឆាំង​នោះ ដែល​គ្មាន​មូលដ្ឋាន និង​ទឡ្ហីករណ៍​ការពិត​ប្រាកដ​ណាមួយ​ឡើយ ក្រៅពី​ចង់​បំផ្លាញ​ផលប្រយោជន៍​របស់​កម្ពុ​ជា​។ ជាពិសេស​គឺ​បំផ្លាញ​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ ដោយ​តំណាងឱ្យ​ប្រជាជន​មួយ​ភាគ​ធំ​ដែលជា​កម្លាំងចលករ​នៃ​សេដ្ឋកិច្ច​។ «​ការចោទប្រកាន់​ដែល​លើកឡើង​ដោយ​ក្រុម​អគតិ​មួយចំនួន​នោះ​គឺ ជា​ចេតនា​អាក្រក់​ក្នុងការ​បំផ្លាញ​កេ​រ្ត៍​ឈ្មោះ​អង្ករ​ខ្មែរ និង​មោទកភាព​របស់​ប្រជាកសិក​មរ​ខ្មែរ​»​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​សេចក្តី​ថ្លែង​ការ​រណ៍​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​។ 
 
​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន ហាក់​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​សកម្មជន​ប​ក្ស​ប្រឆាំង ដែល​យក​អង្ករ​កម្ពុជា​ភ្ជាប់​រឿង​នយោបាយ​ឡើយ​។ លោក សារ៉ន បញ្ជាក់ថា អង្ករ​ខ្មែរ មានគុណ​ភាព​និង​រសជាតិ​ឆ្ងាញ់ ទើប​អាច​វាយលុក​ទីផ្សារ​អូស្ត្រាលី​បាន​។​«​ខ្ញុំ​ឃើញ​ពលរ​ដ្ធ​ខ្មែរ​យើង​ច្រើនណាស់​នៅ​អូស្ត្រាលី​ដែល​សាម​គី្គ​គ្នា ស្រលាញ់​ជាតិ ជួយ​កសិករ​ខ្មែរ ជាក់ស្តែង​ពួកគាត់​បាន​ទិញ​ហូប​អង្ករ​ខ្មែរ នាំ​ឲ្យ​មាន​ទំនុកចិត្ត​ដល់​ជនជាតិ​អាស៊ី​ផ្សេងៗ​បាននាំគ្នា​ទិញ​អង្ករ​ខ្មែរ​ហូប ព្រោះ​ជា​អង្ករ​ធម្មជាតិ រសជាតិ​ឆ្ងាញ់​ទាំង​គុណភាព និង សុវត្ថិភាព​ឈ្នះ​អង្ករ​ប្រទេសជិតខាង​យើង »​។ នេះ​ជាការ​អះអាង​របស់លោក សុង សារ៉ន នៅលើ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៩ វិច្ឆិកា ។​
 
​បើតាម​លោក សារ៉ន បច្ចុប្បន្ន​ក្រុមហ៊ុន​អូស្ត្រាលី​ចំនួន ៤១ កំពុង​នាំចូល​អង្ករ​ខ្មែរ ចែកចាយ​ពេញ​ផ្ទៃ​ប្រទេស​អូស្ត្រាលី និង​រីកសាយ​ដល់​នូ​វែ​ល​សេ​ឡង់ និង តាម​កោះ​នានា ដូចជា ប្រ​ទស ប៉ា​ពួ​ញូ​ហ្គី​ណេ (Papua New Guinea) ជាដើម​។​
 
​វិស័យ​ស្រូវ​អង្ករ​នេះ បានផ្តល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា ជាង​៣,២​លាន​នាក់ ប្រមាណ​នឹង​៣៧​ភាគរយ ខណៈ​កម្ពុជា​កំពុង​រងគ្រោះ​នៃ​ឥទ្ធិពល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩  គ្រោះរាំងស្ងួត​កាលពី​ពាក់កណ្តាល​រដូវវស្សា និង​គ្រោះ​ជំនន់​ទឹកភ្លៀង កាលពី​ចុងរដូវ​ចុងវស្សា​។ នេះ​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដោយ​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែងរ​បស់​ប្រជាកសិករ​ក្នុង​ការដាំដុះ​នេះ មិន​ត្រឹម​ធ្វើឱ្យ​គ្រាប់​អង្ករ​កម្ពុជា​កាន់តែ​មាន​គុណភាព​នោះទេ គឺ​ថែមទាំង​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា អង្ករ​កម្ពុជា​ល្អ​បំផុត​។ អង្ករ​កម្ពុជា បាន​ជាប់​ពានរង្វាន់​ជា​អង្ករ​ល្អ​បំផុត​ផ្តាច់​គេ​នៅលើ​ពិភពលោក​(The World  Best Rice) ក្នុង​ឆ្នាំ​២០១២, ២០១៣, ២០១៤​និង​ក្នុង​ឆ្នាំ​២០១៨​។ 
 
​សម្រាប់​ឆ្នាំ​២០២០​នៃ​វិបត្តិ​កូ​វីដ​-១៩ ថ្វី​ដ្បិត​ស្ថានភាព​ទីផ្សារ​អង្ករ​របស់​ពិភពលោក បាន​ធ្លាក់​តម្លៃ​ប្រមាណ​២៥​ភាគរយ យ៉ាងណាក្តី ក៏​តម្លៃ​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​កសិក​រ​នៅតែ​មានតម្លៃ​សមរម្យ ដោយបាន​មិន​ធ្លាក់ចុះ​ទៅតាម​និន្នាការ​នៃ​ទីផ្សារ​ពិភពលោក​ឡើយ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បាន​បញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​ស្រូវ​-​អង្ករ​នេះ ក្រៅពី​មានការ​ខិតខំ​ជ្រោមជ្រែង​ដោយផ្ទាល់​ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​ហើយ​នោះ ក៏មាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស និង​ដៃគូ​អភិវឌ្ឍ ក្នុង​ភាពជា​ដៃគូ ជាមួយ​រដ្ឋាភិបាល​។ ក្នុងនោះ ក៏មាន​កម្មវិធី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ ពី​សំណាក់​ប្រទេស​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​ផលិតកម្ម​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី​(CAVAC) ផងដែរ​។​
 
​សូម​ជម្រាប ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២០​មកនេះ កម្ពុជា បាន​នាំ​អង្ករ​ទីផ្សារ​ប្រទេស​អូ​ស្រា្ត​លី បាន​ចំនួន​២៥,៩៩៤​តោន ស្មើនឹង​១៩,៥​លាន​ដុល្លារ​៕ 

Tag:
 ស្រូវ​
 ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com