COVID-19
អន្តរជាតិ
ក្រុមហ៊ុន​ឱសថ Pfizer គ្រោង​សុំ​ការអនុញ្ញាត​ប្រើប្រាស់​បន្ទាន់ ក្រោយ​វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​៩៥​ភាគរយ​
19, Nov 2020 , 1:59 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺCOVID-19 របស់ក្រុមហ៊ុនPfizer។ រូបភាព៖AFP
វ៉ាក់សាំងបង្ការជំងឺCOVID-19 របស់ក្រុមហ៊ុនPfizer។ រូបភាព៖AFP
ដោយ:
​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTech មាន​ប្រសិទ្ធភាព​៩៥​ភាគរយ ក្រោយ​ការធ្វើ​តេស្ត​ចប់សព្វគ្រប់​។ ក្រុមហ៊ុន Pfizer នឹង​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​វ៉ាក់សាំង​របស់ខ្លួន ខណៈ​ការដឹកជញ្ជូន​អាចធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០២០ នេះ​។ ទោះជា​យ៉ាងណា បញ្ហា​ប្រឈម​ក្នុងការ​ដឹកជញ្ជូន ទំនងជា​បង្អាក់​ការ​ចែកចាយ​វ៉ាក់សាំង​នេះ​។

 
​លទ្ធផល​ចុងក្រោយ​នៃ​ការសាកល្បង​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Pfizer បង្ហាញថា វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩៥​ភាគរយ ដែល​លើស​លទ្ធផល​បឋម​៥​ភាគរយ​។ ក្រោយ​ចេញ​លទ្ធផល​នេះ ក្រុមហ៊ុន Pfizer អះអាងថា ខ្លួន​នឹង​ស្នើសុំ​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​សម្រាប់​គ្រាអាសន្ន​ពី​អាជ្ញាធរ​ស្បៀង និង​ឱសថ​អាមេរិក​(FDA) នៅក្នុង​សប្តាហ៍​ទី​៣ នៃ​ខែវិច្ឆិកា​។​
 
 
 
​លោក Albert Bourla នាយក​ប្រតិបត្តិ​របស់​Pfizer បាន​លើកឡើងថា​៖«​លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ពី​ជំហាន​យ៉ាងសំខាន់​រយៈពេល​៨​ខែ ក្នុងការ​ស្វែងរក​វ៉ាក់សាំង​ដែលមាន​សមត្ថភាព​ក្នុង​ការជួយ​បញ្ចប់​ជំងឺឆ្លង​នេះ​»​។ លោក​បន្ថែមថា ដោយមាន​មនុស្ស​រាប់សែន​នាក់​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ជា​តម្រូវ​ការចាំបាច់ និង​ប្រញាប់​ខ្លាំង​។​
 
​ជាទូទៅ ការទទួល​វ៉ាក់សាំង​មាន​ចំនួន​២​ដង ដោយ​ការចាក់​វ៉ាក់សាំង​លើក​ទី​២ ធ្វើឡើង​រយៈពេល​២៨​ថ្ងៃក្រោយ​ការទទួលបាន​វ៉ាក់សាំង​លើក​ទី​១​។ ប៉ុន្តែ​សម្រាប់​វ៉ាក់សាំង​របស់ Pfizer ការចាក់​លើក​ទី​២​មាន​រយៈពេល​២១​ថ្ងៃក្រោយ​ការចាក់​វ៉ាក់សាំង​លើក​ទី​១​។ បន្ថែម​ពីនេះ FDA ក៏​កំណត់​ផងដែរ​ថា វ៉ាក់សាំង​ត្រូវមាន​ប្រសិទ្ធភាព​យ៉ាងហោចណាស់​៥០​ភាគរយ​។ 
 
​វ៉ាក់សាំង​របស់ Pfizer ជា​វ៉ាក់សាំង​ប្រភេទ​ថ្មី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ដែល​បញ្ជូន​សារធាតុ​សេ​នេ​ទិ​ក​ទៅក្នុង​រាងកាយ​របស់​មនុស្ស ដើម្បី​ឲ្យ​កោ​សិ​ក​បង្កើត​ប្រូតេអ៊ីន​ប្រឆាំងនឹង​វីរុស​។ ការធ្វើ​បែបនេះ ប្រៀបដូចជា​ការបង្រៀន​ភាពស៊ាំ​របស់​រាងកាយ​ឲ្យ​ស្គាល់ និង​ត្រៀមខ្លួន​កំចាត់​មេរោគ SARS-CoV-2 ដែល​បង្ក​ទៅជា​ជំងឺ​COVID-19 នៅពេល​ចូលទៅក្នុង​រាងកាយ​។​
 
​បើទោះបីជា​លទ្ធផល​ធ្វើតេស្ត​អាច​នឹង​ផ្តល់​ក្តីសង្ឃឹម​យ៉ាងណាក្តី វ៉ាក់សាំង​របស់​Pfizer នៅ​ជួប​បញ្ហា​ប្រឈម​ចម្បង​មួយចំនួន​ការ​ស្តុក​ទុក និង​ការដឹកជញ្ជូន ក៏ដូចជា​ការផលិត​។ ដើម្បី​រក្សា​កុំ​វ៉ាក់សាំង​នេះ​ខូច កន្លែង​ផ្ទុក​វ៉ាក់សាំង ត្រូវមាន​សីតុណ្ហភាព​៧០​អង្សា​ក្រោម​សូន្យ ដែល​ទូទឹកកក​ធម្មតា​ពុំ​អាច​ធ្វើបាន ហើយ​ត្រូវការ​ទូទឹកកក​ពិសេស​ដែលមាន​តម្លៃ​ថ្លៃ​។ អ្នកវិទ្យាសាស្ត្រ​របស់ Pfizer ក៏​អះអាងថា ពេល​ដាក់​ក្នុង​ទូទឹកកក គេ​មិនត្រូវ​បើក​ទូ​នេះ​លើសពី​២​ដង​ក្នុង​មួយថ្ងៃ និង​លើសពី​១​នាទី​ឡើយ​។ 
 
​បញ្ហា​ដូចគ្នា​ក៏​ចោទឡើង​ចំពោះ​ការដឹកជញ្ជូន​ផងដែរ ទាំង​ក្នុង​ទឹកដី​អាមេរិក និង​ជុំវិញ​ពិភពលោក ដោយសារ​ការដឹកជញ្ជូន​យូរ​អាច​នឹងធ្វើ​ឲ្យ​វ៉ាក់សាំង​ខូច ឬ​សីតុណ្ហភាព​កើនឡើង​នៅពេល​កំពុង​ដឹកជញ្ជូន​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Pfizer សម្រេច​ប្រើប្រាស់​ទឹកកក​ស្ងួត​។ ចំពោះ​ការផលិត​វិញ ក្រុម​ហ៊ុ​នេះ​អាច​ផលិត​បាន​ចំនួន​៥០​លាន​ដូ​ស គិត​ត្រឹម​ចុងឆ្នាំ​២០២០ និង​១,៣​ពាន់​លាន​ដូ​ស​សម្រាប់​ឆ្នាំ​២០២១​។​
 
​ក្រៅតែពី​វ៉ាក់សាំង​របស់​Pfizer វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Moderna​មាន​ប្រសិទ្ធិភាព​៩៤,៥​ភាគរយ​ដែរ និង​មិន​ត្រូវការ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ក្នុងការ​រក្សាទុក​នោះទេ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com