ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីអប់រំ ផ្តាំឲ្យសិស្សទី១២ ប្រឹងស្វ័យសិក្សា ខណៈការប្រឡងកាន់តែជិតមកដល់
19, Nov 2020 , 1:23 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន (ឈរអត់ពាក់ម៉ាស់) ជួបសំណេះសំណាលជាមួយសិស្សក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីក្រសួងអប់រំ)
លោក ហង់ជួន ណារ៉ុន (ឈរអត់ពាក់ម៉ាស់) ជួបសំណេះសំណាលជាមួយសិស្សក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីក្រសួងអប់រំ)
ដោយ:
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ក្រើនរម្លឹកសិក្សានុសិស្ស ជាពិសេសសិស្សថ្នាក់ទី១២ ឲ្យបន្តប្រឹងប្រឹងរៀនសូត្រ ទាំងតាមឡាញ ទាំងក្នុងថ្នាក់ និង ទាំងនៅផ្ទះ ដើម្បីត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងទី២១ ខែធ្នូ ឆ្នាំ២០២០។ ការក្រើនរម្លឹករបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការបើកដំណើរការសាលារៀនក្នុងរាជធានីភ្នំពេញនិងក្នុងទីរួមខេត្តកណ្តាលឡើងវិញ។



លោក ហង់ជួន ណារ៉ុន ថ្លែងដូច្នេះថា៖«ទោះបីជាមានកូវីដក្តី អត់កូវីដក្តី យើងឃើញថា តាមអនឡាញក្តី ក្នុងថ្នាក់រៀនក្តី ក៏សិស្សត្រូវតែរៀនដែរ។ រៀនទាំងក្នុងថ្នាក់រៀន រៀនទាំងមកផ្ទះ គឺស្វ័យសិក្សា។  ហើយសិស្សថ្នាក់ទី១២ ត្រូវតែចេះធ្វើស្វ័យសិក្សា បើមិនចេះ គឺត្រូវតែរៀនធ្វើស្វ័យសិក្សា ដើម្បីអាចឲ្យការរៀននេះ មានគុណភាព...»។

លោករដ្ឋមន្រ្តី បន្តថា ការប្រឹងប្រែងរៀនសូត្រនេះ មិនមែនគ្រាន់តែដើម្បីឲ្យមានសមត្ថភាពសម្រាប់ប្រឡងបាក់ឌុបឡើយ តែក៏ដើម្បីឲ្យមានសមត្ថភាព សម្រាប់រៀននៅឧត្តមសិក្សា និងសម្រាប់ការស្វែងរកការងារធ្វើដែរ។ លោក បន្ថែមថា ការរៀននៅកម្រិតឧត្តមសិក្សា គឺទាមទារឲ្យនិស្សិត ចេះរៀនដោយឯករាជ្យ ចេះធ្វើស្វ័យសិក្សា និង ចេះស្រាវជ្រាវ ដោយមិនត្រូវចាំរៀនតែក្នុងថ្នាក់នោះទេ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ស្នើដល់គ្រឹះស្ថានសិក្សា រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ឲ្យបន្តរៀបចំគ្រូស្ម័គ្រចិត្ត ជួយបង្រៀនបន្ថែម ដោយផ្តោតលើមេរៀនសង្ខេបៗ ដើម្បីសិស្ស អាចត្រៀខ្លួនបានល្អ សម្រាប់ការប្រឡងបាក់ឌុប។ ចំពោះការប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ក៏នៅតែប្រព្រឹត្តទៅតាមការកំណត់ទុកជាធម្មតាដែរ គឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយសារបារម្ភពីការរាលដាលជំងឺកូវីដ-១៩ កម្ពុជា បានបិទសាលារៀននៅទូទាំងប្រទេស ចាប់ពីខែមីនា ឆ្នាំ២០២០មក។ ពេលស្ថានភាពជំងឺកូវីដ-១៩ ថមថយបន្តិច ក្រសួងអប់រំ ក៏ចាប់ផ្តើមបើកសាលារៀនខ្លះឡើងវិញជាបណ្តើរៗ ជាពិសេសថ្នាក់ទី៩ និង ថ្នាក់ទី១២ ដែលត្រូវប្រឡង។

រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ អនុញ្ញាតឲ្យបើកសាលារដ្ឋទូទាំងប្រទេសឡើងវិញ ក្រោយមើលឃើញថា ស្ថានភាពជំងឺកូវីដ-១៩ កាន់តែធូរស្រាល។ ប៉ុន្តែ ពេលមានព្រឹត្តការណ៍៣វិច្ឆិកា ក្រសួងអប់រំ ក៏សម្រេចបិទសាលារៀននៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តនៃខេត្តកណ្តាលរយៈពេលកន្លះខែ។

ក្រោយមនុស្សជាង១ពាន់នាក់ ធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ហើយលទ្ធផលបង្ហាញថា ពួកគេ គ្មានជំងឺកូវីដ-១៩ សម្តេចនាយកមន្រ្តី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា នៅថ្ងៃទី១៨ ខែវិច្ឆិកា។ បន្ទាប់មក ក្រសួងអប់រំ ប្រកាសឲ្យសាលារៀននៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តនៃខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទីនៅថ្ងៃទី២៣ ខែវិច្ឆិកាទៅ។

ព្រឹត្តិការណ៍៣វិច្ឆិកា គឺសំដៅលើដំណើរទស្សនកិច្ចរបស់លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រី នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយពេលទៅដល់ថៃ ដើម្បីបន្តបេសកកម្មការទូត លោក ក៏ត្រូវរកឃើញថា មានជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ជនជាតិខ្មែរ៣នាក់ និង ឯកអគ្គរដ្ឋទូតហុងគ្រី ដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកា ត្រូវរកឃើញថា ផ្ទុកជំងឺកូវីដ-១៩។ ជនជាតិខ្មែរទាំង៣នាក់នោះ គឺ អង្គរក្ស តំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម។ ក្នុងចំណោមពួកគេទាំង៤នាក់ មានម្នាក់ គឺតំណាងរាស្រ្ត បានជាសះស្បើយវិញហើយ។

ក្នុងសន្និសីទសារព័ត៌មានខាងលើ លោករដ្ឋមន្រ្តីអប់រំ នៅតែណែនាំគ្រប់គ្រឹះស្ថានសិក្សា ឲ្យបន្តអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩។

ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ក្រៅពីសាលារៀន នៅមានសារមន្ទីរ រោងភាពយន្ត  កន្លែងសាសនា ជាដើម ក៏ត្រូវបានអនុញាតឲ្យបើកឡើងវិញដែរ។ បន្ថែមពីនេះ រដ្ឋាភិបាល ថែមទាំងណែនាំឲ្យអាជ្ញាធរ ជួយសម្រួលដល់ការរៀបពិធីអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋផងដែរ។

ថ្វីដ្បិតព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ ប៉ុន្តែរដ្ឋាភិបាលនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ-១៩ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០៤នាក់ ដោយក្នុងនោះ មាន៣០៤នាក់ បានជាសះស្បើយ និង ១៣នាក់ទៀត កំពុងព្យាបាល៕ 

Tag:
 COVID-19
  បាក់ឌុប
  ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com