គម្រោង​អភិវឌ្ឍន៍ «​បឹង​អង្គរ​អច្ឆរិយៈ​» អាច​ស្ថិតនៅ​តំបន់​បុរី​សណ្ឋាគារ​អង្គរ​
ជាតិ
សេដ្ឋកិច្ច
គម្រោង​អភិវឌ្ឍន៍ «​បឹង​អង្គរ​អច្ឆរិយៈ​» អាច​ស្ថិតនៅ​តំបន់​បុរី​សណ្ឋាគារ​អង្គរ​
19, Nov 2020 , 2:56 pm        
រូបភាព
​សៀមរាប​៖ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ណាហ្គា​ខ​ប (NAGA CORP)​ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​យក្ស​មួយ​នៅ​កម្ពុជា បានប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ថ្មី​ដ៏​ធំ​មួយ​ក្នុងតម្លៃ ៣៥០​លាន​ដុល្លារ លើ​ទំហំ​ផ្ទៃដី​៧៥​ហិកតា ក្នុង​ខេត្តសៀមរាប​។ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន  ការវិនិយោគ​ដែលមាន​ច្រើន​ផ្នែក​នេះ សង់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​អង្គរ គឺ​ត្រឹម​៥០០​ម៉ែត្រ​ប៉ុណ្ណោះ គិតពី​ព្រំដី​ក្នុង​ឧទ្យាន​អង្គរ​ដែលមាន​ទំហំ ៤០១​គីឡូម៉ែត្រ​ក្រឡា​។ ក្រុមហ៊ុន​នេះ​បានបញ្ជាក់​ច្បាស់​ថា ការអភិវឌ្ឍ​នៅលើ​ទឹកដី​បេតិកភណ្ឌ​នេះ គឺ​គ្មាន​ការវិនិយោគ​បើក​កន្លែង​ល្បែងស៊ីសង​ទេ​។​

 
​ទោះបីជា​ក្រុមហ៊ុន​ណាហ្គា​ខ​ប​បានប្រកាស​ពី​ការវិនិយោគ​ដ៏​ធំ​ក្នុង​ខេត្តសៀមរាប​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​១៩​នេះ​ក្ដី តែ​ដំណឹង​នេះ​បានធ្វើឱ្យ​មានការ​រំជើបរំជួល​មួយ​ដល់​សាធារណជន និង​មាន​ក្ដី​រំពឹងថា គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ នឹង​ជួយ​សេដ្ឋកិច្ច​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បេតិកភណ្ឌ​នេះ​កាន់តែ​សម្បូរបែប​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ថ្ងៃទី​១៥ វិច្ឆិកា ក្រុមហ៊ុន​ណាហ្គា​ខ​ប ថា​ក្នុង​គម្រោង​ថ្មី​នេះ ខ្លួន​នឹង​វិនិយោគ​ជា​សណ្ឋាគារ​ខ្នាត​ធំ​មាន ៥០០​បន្ទប់  ឧទ្យាន​ទឹក China Town ឧទ្យាន​ប្រវត្តិសាស្ដ្រ វប្បធម៌​បែប​ទំនើប​។​ល​។ ក្រុមហ៊ុន​នេះ​បញ្ជាក់ថា ខ្លួន​បាន​ជួល​ដី​ពី​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល ៥០​ឆ្នាំ ស្ថិតនៅ​ខាងត្បូង​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ឧទ្យាន​ជាតិ​អង្គរ​។​
 
​សាវតា​នៃ​ផ្ទៃដី​ឧទ្យាន​ជាតិ​អង្គរ​
 
​គេ​ត្រូវ​ដឹងថា ផ្ទៃដី​សរុប​ចំនួន ៤០១ គីឡូម៉ែត្រ​ក្រឡា គឺជា​តំបន់​ដែល​ត្រូវ​ការការពារ និង​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «​ឧទ្យាន​ជាតិ​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​»​។ តំបន់​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជ្យក្រឹត្យ ហើយ​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកគ្រប់គ្រង​។ ក្នុងន័យនេះ គេ​មិនអាច​អភិវឌ្ឍន៍​អ្វី​បាន​ទាំងអស់ តែ​រក្សា​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពី​ដូនតា​មក​។ ឧទ្យាន​អង្គរ ចែកជា​៥​តំបន់​សំខាន់ៗ គឺ​តំបន់​១ (​តំបន់​មាន​ប្រាសាទ​) តំបន់​២ (​តំបន់​បុរាណវត្ថុ​ដែល​ត្រូវការពារ​) តំបន់​៣ (​តំបន់​ទេសភាព​វប្បធម៌​ត្រូវការពារ​) តំបន់​៤ (​ចំណុច​មាន​សារៈសំខាន់​ផ្នែក​បុរាណវត្ថុវិទ្យា នរវិទ្យា ឬ​ប្រវត្តិវិទ្យា​) និង​តំបន់​៥ (​បរិវេណ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច និង​វប្បធម៌​នៃ​តំបន់​សៀមរាប​អង្គរ​)​។ នេះ​បើ​យោងតាម​ព្រះរាជ្យក្រឹត្យ ស្ដីពី​ការកំណត់​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ ឆ្នាំ​១៩៩៤​។​
 
​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​នៅ​ខេត្តសៀមរាប​
 
​ក្នុង​បំណង​គ្រប់គ្រង និង​ការរៀបចំ​សំណង់​នៅលើ​ទឹកដី​ប្រាសាទ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ ១៩៩៥ បានសម្រេច​បង្កើត «​បុរី​សណ្ឋាគារ​» ដែល​ពេលនោះ​មាន​ទំហំ ៥៦០ ហិកតា ស្ថិតនៅ​ប៉ែក​ខាងត្បូង​ឧទ្យាន​ជាតិ​អង្គរ​។ នៅ​ឆ្នាំ ១៩៩៩ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ ពង្រីក​ផ្ទៃដី​បុរី​សណ្ឋាគារ​បន្ថែមចំនួន ៤៤៧.២​ហិកតា ដែល​សរុប ផ្ទៃដី​បុរី​សណ្ឋាគារ មាន​ចំនួន ១,០០៧ ហិកតា​។ ដី​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​ប្រគល់​សិទ្ធិ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​គ្រប់គ្រង​និង​ចាត់ចែង​ធ្វើជា​បុរី​សណ្ឋាគារ​។ ក្រៅពីនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​សិទ្ធិ​ត្រូវ​ថែរក្សា​ការពារ​មិនឱ្យ​មានការ​ចាប់យក​ដី​ថ្មី និង​រៀបចំ​ដាក់​ឱ្យធ្វើ​អាជីវកម្ម​ដីធ្លី​។ ដី​ក្នុង​បុរី​នេះ​អាច​ប្រើប្រាស់​សម្រាប់​សង់​ស​ណ្ឋា​រ​គារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​បម្រើ​ទេសចរណ៍ និង​ផ្តល់ព័ត៌មាន​សម្រាប់​ទេស​ចរណ៍​។​ល​។​
 
​ក្នុងន័យនេះ គម្រោង​អភិវឌ្ឍន៍​ដែល​ប្រកាស​ដោយ​ក្រុមហ៊ុន​ណាហ្គា​ខ​ប ទំនង​ស្ថិតក្នុង​បរិវេណ​ដី​បុរី​សណ្ឋាគារ គឺ​ស្ថិតនៅ​ខាងត្បូង​នៃ​ឧទ្យាន​ជាតិ​អង្គរ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ឬ​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន ចាប់ពី​រង្វង់​មូល​អប្សរា ឆ្ពោះទៅ​ទិស​ខាងកើត។ កន្លងមក មាន​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​បាន​ជួល​ដី​បុរី​សណ្ឋាគារ​សម្រាប់​វិនិយោគ ក្នុងនោះ​មាន​សណ្ឋាគារ សុខា សៀមរាប សារមន្ទីរ​សព្វទស្សន៍​អង្គរ​របស់​កូរ៉េ​ជាដើម​។ 
 
​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ សុំ​មិន​អត្ថាធិប្បាយ​នោះទេ ដោយ​លោក​ប្រាប់ថា មិន​ពាក់ព័ន្ធ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​នោះទេ​។​
 
​ចំណែកឯ​អភិបាលរង​ខេត្តសៀមរាប ទទួលបន្ទុក​ការងារ​ទេសចរណ៍​ក៏​សុំ​មិន​និយាយ​ពី​គម្រោង​នេះដែរ ដោយ​លោក​ប្រាប់ថា មិនបាន​ដឹង​ពី​គម្រោង​នេះ​ពីមុនមក​ទេ​។ លោក ពៅ ពិសិដ្ឋ ប្រាប់ថា អាចជា​គម្រោង​ថ្នាក់ជាតិ ដូច្នេះ​អាជ្ញាធរខេត្ត​មិនបាន​ដឹង​ពី​ការវិនិយោគ​ក្នុង​ទំហំ​ធំ​នេះ​ទេ​។​
 
​រីឯ​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក តុ​ប សុភ័ក្ដ្រ ក៏​មិន​បានដឹង​ពី​គម្រោង​វិនិយោគ​តម្លៃ ៣៥០​លាន​ដុល្លារ​នេះដែរ តែ​លោក​បាន​សាទរ និង​រំពឹងថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គា​ខ​ប នឹង​ជំរុញ​ឱ្យ​ខេត្ត​ទេសចរណ៍​សៀមរាប កាន់​តែមាន​សក្កា​នុព​ល ព​ន្លឿ​ន​ការអភិវឌ្ឍ​ផ្នែក​វិស័យ​ទេសចរណ៍​ស្របតាម​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ក្នុង​ឆ្នាំ ២០៣០ ដែល​នឹងមាន​ទេសចរ​អន្តរជាតិ​៧​លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ លោក​បន្ថែមថា ក្រុមហ៊ុន​នេះ​អាច​វិនិយោគ​សម្រាប់​គោលដៅ​វែងឆ្ងាយ និង​សម្លឹង​ឱកាស​ធំៗ​នៅពេល​អនាគត​។ លោក តុ​ប សុភ័ក្ដ្រ រំពឹងថា ការវិនិយោគ​នេះ​នឹង​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប​។​
 
​គម្រោង​អភិវឌ្ឍន៍​ថ្មី​របស់​ក្រុមហ៊ុន​ណាហ្គា​ខ​ប​នៅ​ខេត្តសៀមរាប​មានឈ្មោះ​ថា បឹង​អង្គរ​អច្ឆរិយៈ (Angkor Lake of Wonder) ដែល​ក្រុមហ៊ុន​នេះ​បានទទួល​សិទ្ធិ​វិនិយោគ​លើដី​រដ្ឋ​ក្នុង​ខេត្តសៀមរាប​ចំនួន ៥០​ឆ្នាំ រាប់​ពី​ខែមករា ឆ្នាំ ២០២០ រហូតដល់​ឆ្នាំ ២០៧០​។ ក្រុមហ៊ុន​បញ្ជាក់ថា គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៥។

គម្រោង​នេះនឹងត្រូវ​រចនាដោយក្រុមហ៊ុនដែលមាន​មូលដ្ឋាននៅសហរដ្ឋអាមេរិក Steelman Partners និង Gensler។ Sleelman ក៏ជាក្រុម​ហ៊ុន​ដែលរចនាប្លង់ NagaWorld ផងដែរ៕

Tag:
 ទេសចរណ៍​
  ឧទ្យាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com