ជាតិ
Open Doors៖ និស្សិត​ខ្មែរ​៧៤២​នាក់​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​
20, Nov 2020 , 2:30 pm        
រូបភាព
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា។ រូបថត US Embassy
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា។ រូបថត US Embassy
​របាយការណ៍ Open Doors ស្តីពី​ការផ្លាស់ប្តូរ​ផ្នែក​សិក្សាអប់រំ​អន្តរជាតិ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​ចំនួន​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​នា​រយៈ​ពេល​៦​ឆ្នាំ​ចុងក្រោយ​។ នៅ​ឆ្នាំ​២០២០​នេះ និស្សិត​ខ្មែរ​ចំនួន​៧៤២ នាក់ រៀន​នៅក្នុង​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋអាមេរិក ពោលគឺ​កើន ៨.៣​ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។​

 
«​នេះ​ជា​ព័ត៌មាន​ដ៏​ប្រពៃ និង​គួរ​ឲ្យ​លើកទឹកចិត្ត​។ យើង​ក៏​រីករាយ​ផងដែរ​ដែល​និស្សិត​កម្ពុជា​មើលឃើញ​ពី​តម្លៃពិត​ប្រាកដ​នៃ​ផ្នែក​ឧ​ត្ត​ម​សិក្សា​របស់​អាមេរិក​»​។ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​។​
 
​របាយការណ៍ Open Doors ត្រូវបាន​ចេញផ្សាយ​ប្រចាំឆ្នាំ​ដោយ​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ ដោយ​សហការ​ជាមួយ​ការិយាល័យ​កិច្ចការ​អប់រំ និង​វប្បធម៌​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើន​តួលេខ​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​អាមេរិក​ជា​បន្តបន្ទាប់ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។​
 
​នៅ​ឆ្នាំ​២០១៩ និស្សិត​ខ្មែរ​៦៨៥​នាក់ បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក ហើយ​តួលេខ​មាន​ចំនួន​៧៤២​នាក់​នៅ​ឆ្នាំ​២០២០​នេះ​។ សម្រាប់​លោក W.Patrick Murphy  ការណ៍​ដែលមាន​និស្សិត​ខ្មែរ​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក គឺជា​ការល្អ​សម្រាប់​ប្រទេស​ទាំងពីរ ហើយ​វា​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។​
 
​សហរដ្ឋអាមេរិក​គឺជា​គោលដៅ​ទី​១ នៅក្នុង​ពិភពលោក សម្រាប់​និស្សិត​អន្តរជាតិ ដោយមាន​និស្សិត​អន្តរជាតិ​ចំនួន​ជាង​១​លាន​នាក់ នៅ​ឆ្នាំ ២០១៩ - ២០២០​។ របាយការណ៍ Open Doors បានបង្ហាញ​ឲ្យ​ឃើញថា និស្សិត​ពី​ចិន​មាន​ចំនួន​ច្រើនជាងគេ ដែលមាន​ដល់​ទៅ​៣៧​ម៉ឺន​នាក់ បន្ទាប់មក​ឥណ្ឌា ជាង​១៩​ម៉ឺន​នាក់ និង​កូរ៉េខាងត្បូង ជិត​៥០​ម៉ឺន​នាក់​។​
 
​និស្សិត​ពី​តំបន់​អាស៊ីអាគ្នេយ៍ មាន​៥៥ ៧២៥​នាក់ ដែល​សិក្សា​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ ដោយ​វៀតណាម​មាន​ដល់​ទៅ​២៣ ៧៧៧​នាក់ ឥណ្ឌូណេស៊ី ៨៣០០​នាក់ ម៉ាឡេស៊ី ៦៩១០​នាក់ ថៃ​៦១៥៤​នាក់​សិង្ហ​បុរី ៤៥០៤​នាក់ ហ្វីលីពីន​៣២៩៥​នាក់ មី​យ៉ាន់​ម៉ា ១៨២៨​នាក់ កម្ពុជា​៧៤២​នាក់ ឡាវ​១៣១​នាក់ ព្រុយ​ណេ​៥៤​នាក់ និង​ទី​ម័​រ​ខាងកើត​៣០​នាក់​។​
 
​របាយការណ៍​បង្ហាញ​ផងដែរ សាកលវិទ្យាល័យ​ដែលមាន​និស្សិត​អន្តរជាតិ​ច្រើនជាងគេ រួមមាន New York University, Northeastern University-Boston, University of Southern California, Columbia University, University of Illinois-Urbana-Champaign, Arizona State University-Tempe, University of California-Los Angeles, University of California-San Diego, Purdue University-West Lafayette និង Boston University​។​
 
​ជំនាញ​សិក្សា​ដែល​នាំមុខគេ​នៅ​ឆ្នាំ​សិក្សា​២០១៩-២០ នេះ មាន វិស្វកម្ម (២០.៥​ភាគរយ​), គណិត និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ (១៩.១​ភាគរយ​), ពាណិជ្ជកម្ម និង​គ្រប់គ្រង (១៦.២​ភាគរយ​) រីឯ​មុខជំនាញ​បន្តបន្ទាប់​ទៀត​រួមមាន វិទ្យាសាស្ត្រ​សង្គម​, រូបវិទ្យា និង​វិទ្យាសាស្ត្រ​ជីវិត​, វិចិត្រសិល្បៈ​, ជំនាញ​សុខាភិបាល​, ទំនាក់ទំនង និង​សារព័ត៌មាន​, ភាសា​អង់គ្លេស​, មនុស្សធម៌​, នីតិសាស្ត្រ​, អប់រំ និង​កសិកម្ម​។​
 
​ក្នុងចំណោម​និស្សិត​អន្តរជាតិ​ជាង​១​លាន​នាក់​នោះ មាន​៥៦.២​ភាគរយ រ៉ាប់រង​ថ្លៃ​សិក្សា​ដោយ​ខ្លួនឯង​, ២១.១​ភាគរយ ជា​បន្ទុក​របស់​ស្ថាប័ន​ដែល​ខ្លួន​បម្រើ​ការងារ ១៧​ភាគរយ បាន​ពីសា​លា និង​សាកលវិទ្យាល័យ​អាមេរិក​ផ្ទាល់​។ ក្រៅពីនោះ និស្សិត​មាន​ប្រភព​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​បរទេស ក្រុមហ៊ុន​ឯកជន រដ្ឋាភិបាល​អាមេរិក អង្គការ​អន្តរជាតិ និង​ប្រភព​ផ្សេងៗ​ទៀត​។​
 
 នៅ​កម្ពុជា ស្ថានទូត​អាមេរិក ជំរុញ​ឱកាស​សម្រាប់​ឲ្យ​និស្សិត​កម្ពុជា បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈ​មជ្ឈមណ្ឌល EducationUSA និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ នៅ​ភ្នំពេញ​។ ជាមួយគ្នានេះ ស្ថានទូត​ថែមទាំង​ជំរុញ​ឱកាស​នេះ​ផងដែរ តាមរយៈ​សកម្មភាព​នៅ​តាម​បណ្ណាល័យ​របស់​ស្ថានទូត ដែល​ស្ថិតនៅតាម​ទីតាំង​ចំនួន ៤ នៅ​ប្រទេស​កម្ពុជា និង​នៅតាម​សាលា​នានា​នៅ​កម្ពុជា ទូទាំងប្រទេស​។​
 
«​ការអប់រំ​អន្តរជាតិ​ជំរុញ​ទំនាក់ទំនង​យូរអង្វែង និង​ការផ្លាស់ប្តូរ​ចំណេះដឹង​គ្នា រវាង​សហគមន៍​ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក​។ និស្សិត​អន្តរជាតិ​ធ្វើ​ឲ្យ​ថ្នាក់រៀន សាលារៀន និង​សហគមន៍​នានា​មាន​ភាព​ចម្រុះ​គ្រប់បែបយ៉ាង  ដែល​នៅតែ​បន្ត​ផ្តល់​លទ្ធផល ទោះបីជា​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ​យូរហើយ​ក្តី​»​។ នេះ​ជាការ​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​៕
 

Tag:
 អប់រំ​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com