អន្តរជាតិ
តៃវ៉ាន់ នឹង​ផ្ដើមកសាង​នាវាមុជទឹក​ក្នុងស្រុក​នៅ​សប្ដាហ៍​ក្រោយ
21, Nov 2020 , 10:31 am        
រូបភាព
នាវាមុជទឹកតៃវ៉ាន់ (រូបភាព៖​ Reuters)
នាវាមុជទឹកតៃវ៉ាន់ (រូបភាព៖​ Reuters)
ដោយ:
​រដ្ឋាភិបាល​តៃវ៉ាន់ នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា បានប្រកាសថា ខ្លួន​នឹង​ចាប់​ផ្ដើមកសាង​នាវាមុជទឹក​ផលិត​ក្នុងស្រុក​មួយគ្រឿង​ដំបូង​ក្នុងចំណោម​៨​គ្រឿង​នា​សប្ដាហ៍​ក្រោយ ដែលមាន​អ្នកស្រី​ប្រធានាធិបតី Tsai Ing-wen ជា​អធិបតី​ក្នុង​កម្មវិធី​។ គម្រោង​ដ៏​ចម្រូងចម្រាស​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​កោះ​តៃវ៉ាន់​នៅ​ចំពោះមុខ​ការធ្វើ​ទំនើបកម្ម​យ៉ាង​លឿន​រហ័ស​របស់​យោធា​ចិន​។

 
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ លោក Xavier Chang បាន​អះអាងថា ផែនការ​កសាង​នាវាមុជទឹក​នេះ គឺជា​ចំណុច​ដ៏​ចម្បង​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា​របស់​អ្នកស្រី​ប្រធានាធិបតី Tsai Ing-wen និង​គម្រោង​ពឹង​ផ្អែកលើ​ខ្លួនឯង​ក្នុង​វិស័យ​ការពារជាតិ​។ 
 
«​នេះ តំណាង​ឲ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ក្នុង​ផែន​ការផលិត​នាវាមុជទឹក​ថ្នាក់ជាតិ​»​។ លោក Chang បញ្ជាក់​បែបនេះ មុននឹង​បន្ថែមថា អ្នកស្រី Tsi ក៏​នឹងមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កាត់​ខ្សែបូ​បើក​ការដ្ឋាន​សាងសង់​នាវាមុជទឹក​នា​ថ្ងៃ​អង្គារ​ទី ២៤ ខែវិច្ឆិកា​ខាងមុខ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​នាវា​មុជ​ផលិត​ក្នុងស្រុក​លើកដំបូង​នេះ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នា​ចុងឆ្នាំ​២០២៤​។ កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ដែនដី​របស់ខ្លួន បច្ចុប្បន្ន​មាន​នាវាមុជទឹក​៤​គ្រឿង ក្នុងនោះ​២​មាន​អាយុកាល​ចំណាស់ តាំងពី​សង្គ្រាមលោកលើកទី​២ ហើយ​ផលិត​ដោយ​បរទេស​។ 
 
​កងទ័ពជើងទឹក​រប​ស់​តៃវ៉ាន់ ពុំ​អាច​ប្រៀបបាន​នឹង​របស់​ចិន​ឡើយ ហើយ​នេះ​មិនទាន់​និយាយ​ដល់​កញ្ចប់​ថវិកាជាតិរ​វាង​ប្រទេស​ទាំងពីរ​ផង​។ តួយ៉ាង ក្នុង​ឆ្នាំ​២០១៩ ចិន​ចាយ​២៥០​ពាន់​លាន​ដុល្លារ​លើ​វិស័យ​ការពារ ខណៈ​តៃវ៉ាន់​ចាយ​តែ​ជាង​១១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ 
 
​គួរ​បញ្ជាក់ដែរថា កាលពី​ខែឧសភា សហរដ្ឋអាមេរិក បាន​យល់ព្រម​លក់​ក្បាល​គ្រាប់​បាញ់​ចេញពី​នាវាមុជទឹក​ក្នុង​ទំហំ​ទឹកប្រាក់ ១៨០​លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ពង្រឹងសមត្ថភាព​ការពារជាតិ​។ សព្វាវុធ​នេះ រំពឹង​ដឹក​ដល់​ទឹកដី​តៃវ៉ាន់​នា​ចុងឆ្នាំ​២០២០​នេះ​។  ក្រុង​ប៉េកាំង​ប្រឆាំងនឹង​គម្រោង​លក់​អាវុធ​នេះ ហើយ​អះអាងថា​វា​បំផ្លាញ​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិចិន​៕ 
 
 
 

Tag:
 ​ចិន​
  តៃវ៉ាន់​
  នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com