ជាតិ
ត្រីរៀលតុប ពឹងផ្អែកលើជាតិខ្លាញ់នៅក្នុងខ្លួន ដើម្បីចិញ្ចឹមជីវិត អំឡុងពេលធ្វើចរាចរផ្លាស់ទី
21, Nov 2020 , 7:29 pm        
រូបភាព
  ត្រីរៀលតុប។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល
ត្រីរៀលតុប។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល
ដោយ:
ត្រីរៀលតុប គឺជាប្រភេទត្រី «តិណាសី» ស៊ីរុក្ខជាតិជាអាហារ។ ប្រជាជនកម្ពុជា ពិសេស អ្នករស់នៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងបឹងទន្លេសាប ភាគច្រើនស្គាល់ត្រីប្រភេទនេះយ៉ាងច្បាស់។ ត្រីរៀលតុប  ជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ ជាហ្វូងដ៏ច្រើនលើសលប់។ ក្នុងអំឡុងពេលធ្វើចរាចរផ្លាស់ទីដើម្បីពង-កូន ត្រីរៀលតុប មិនសូវស៊ីចំណីទេ គឺវាពឹងផ្អែកលើជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន ដើម្បីចិញ្ចឹមជីវិត (MRC)។


ជាប្រចាំឆ្នាំ ចាប់ពីខែឧសភា ឬមិថុនា ត្រីរៀលតុប បានចេញដំណើរពីទីជម្រកលាក់ខ្លួន ក្នុងរដូវប្រាំងនៅឯទន្លេមេគង្គលើ ក្នុងខេត្តស្ទឹងត្រែង ចុះតាមទឹកជំនន់រដូវវស្សា ចូលទៅក្នុងបឹងទន្លេសាប និងទៅក្នុងតំបន់វាលទំនាបលិចទឹកនានា ក្នុងអាងទន្លេមេគង្គ ដើម្បីពង-កូន រកចំណី និងធំធាត់។ ចាប់ពីខែតុលា ឬវិច្ឆិកា ខណៈពេលទឹកទន្លេមេគង្គស្រកចុះ ទឹកពីបឹងទន្លេសាប ក៏ហូរត្រឡប់ចូលទៅទន្លេមេគង្គវិញ។ ស្របពេលជាមួយគ្នានោះ ហ្វូងត្រីរៀលតុបដ៏ច្រើនលើសលប់ ក៏បានចេញមកជាមួយដែរ ដើម្បីត្រឡប់ចូលទៅក្នុងទីជម្រកលាក់ខ្លួនក្នុងរដូវប្រាំង នៅឯខេត្តស្ទឹងត្រែងវិញ។
 
ពេលនោះ ក៏ជាពេលដែលសកម្មភាពនេសាទត្រី មានការមមាញឹកយ៉ាងខ្លាំងដែរ។ ប្រជាជនកម្ពុជា និយមយកត្រីរៀលតុបទៅកែច្នៃធ្វើជាប្រហុក និងត្រីឆ្អើរ ទុកសម្រាប់ហូបនៅរដូវខ្សត់ត្រី។ បច្ចុប្បន្ននេះ  មានកត្តាជាច្រើន កំពុងក្លាយជាការគំរាមកំហែងចំពោះត្រីរៀលតុប ដូចជាផ្លាស់ប្តូររបបទឹកប្រចាំឆ្នាំក្នុងទន្លេមេគង្គ ការបំពុលបរិស្ថានទឹកដោយសំរាមប្លាស្ទិក ការបាត់បង់ទីម្រកជាដើម។ សូមជួយថែរក្សាទន្លេមេគង្គទាំងអស់គ្នា។ សុខុមាលភាពទន្លេមេគង្គ  សុខុមាលភាពប្រទេសកម្ពុជា។ ពីគម្រោង អច្ឆរិយភាពនៃនទន្លេមេគង្គ៕
 
ប្រភពៈ MRC Technical Paper No. 31, Larvae and juveniles of some common fish species from the Mekong River Basins 
 

© រក្សាសិទ្ធិដោយ thmeythmey.com