អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតៃវ៉ាន់ មុនរដ្ឋបាលលោក ត្រាំ ចប់
អន្តរជាតិ
អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតៃវ៉ាន់ មុនរដ្ឋបាលលោក ត្រាំ ចប់
21, Nov 2020 , 9:29 pm        
រូបភាព
មិនត្រឹមផ្ដល់ភ្លើងបៃតងបន្តបន្ទាប់លើសំណើទិញអាវុធដើម្បីពង្រឹងសន្តិសុខឡើយ អាមេរិក ក៏បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ ស្របពេលដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជិតចប់អាណត្តិហើយនោះ។ នៅថ្ងៃទី២១ ខែវិច្ឆិកា អាមេរិក និងតៃវ៉ាន់ យល់ព្រមបង្កើតកិច្ចសន្ទនាសេដ្ឋកិច្ចថ្មីមួយ សំដៅបង្កើនទំនាក់ទំនងទ្វេភាគីមួយកម្រិតទៀត ចំពេលដែលតៃវ៉ាន់រងសម្ពាធខ្លាំងពីសំណាក់ចិននោះ។

 
ពីរខែមុនរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចប់ អាមេរិក និងតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត «កិច្ចសន្ទនាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ចអាមេរិក-តៃវ៉ាន់់» ដែលមានរយៈពេល៥ឆ្នាំ។ កិច្ចព្រមព្រៀង មិនទាន់ឈានដល់ចំណុចដែលតៃវ៉ាន់ត្រូវការ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឡើយ ប៉ុន្តែវាជាការបោះជំហានដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ដែលគ្មានចំណងការទូតផ្លូវការ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AP កិច្ចសន្ទនា ផ្ដោតលើកិច្ចសហប្រតិបត្តិការជាច្រើនដូចជាគម្រោងបណ្ដាញស្អាត និងប្រព័ន្ធ 5G សឺមីកុងឌុចទ័រ វិនិយោគ ក៏ដូចជាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ចាត់ទុកយន្តការថ្មីនេះ ជាការបោះជំហានដ៏សំខាន់ និងជាកិច្ចសន្ទនាកម្រិតខ្ពស់បំផុតរបស់ភាគីទាំងពីរ។ 
 
លោក Brent Christensen នាយកវិទ្យាស្ថានអាមេរិក ដែលជាស្ថានទូតមិនផ្លូវការរបស់អាមេរិកប្រចាំទីក្រុងតៃប៉ិ និយាយថា កិច្ចសន្ទនាអាមេរិក-តៃវ៉ាន់ មិនត្រឹមបង្ហាញពីភាពរឹងមាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឡើយ តែក៏បានបង្ហាញពីការបន្តលូតលាស់ និងស៊ីជម្រៅផ្នែកសេដ្ឋកិច្ចផងដែរ។  
 
ទោះអាមេរិក និងតៃវ៉ាន់គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការដោះដូរទំនិញទៅមកមានទំហំដល់ទៅប្រមាណ១០៣,៩ពាន់លានដុល្លារនៅឆ្នាំ២០១៩។ នេះបើតាមទិន្នន័យរបស់ការិយាល័យពាណិជ្ជកម្មអាមេរិក។ ជាមួយគ្នានេះ តៃវ៉ាន់ ក៏បានបន្ធូរបន្ថយការរឹតត្បិតការនាំចូលសាច់គោ និងសាច់ជ្រូកពីអាមេរិក និងទម្លាក់របាំងពាណិជ្ជកម្មខ្លះទៀត ដែលត្រូវបានមើលឃើញថា ជាការវែកផ្លូវសម្រាប់ការឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតែម្ដង។ 
 
ទំនាក់ទំនងមិនផ្លូវការរវាងអាមេរិក និងកោះតៃវ៉ាន់ កាន់តែជិតស្និទ្ធខ្លាំងក្នុងរដ្ឋបាលប្រធានាធិបតី ត្រាំ ទោះជាចិនជំទាស់ខ្លាំងក៏ដោយ។ អាមេរិកមិនអើពើសម្ដីព្រមានរបស់ចិន ពេលប្រកាសលក់អាវុធតម្លៃរាប់រយលានដុល្លារឲ្យតៃវ៉ាន់ ដែលត្រូវការសព្វាវុធដើម្បីពង្រឹងសមត្ថភាពការពារជាតិនោះ។ លើសពីនោះទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជូនកម្រិតរដ្ឋមន្ត្រីទៅកាន់តៃវ៉ាន់ទៀតផង។ ចិនប្រាប់ម្ដងហើយម្ដងទៀតអាមេរិកកុំផ្ដល់ក្ដីសង្ឃឹមផ្ដាច់ខ្លួនឲ្យតៃវ៉ាន់៕ 
 

Tag:
 អាមេរិក
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com