ជាតិ
ស្រូវក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវបានដាំស្តារឡើងវិញបានជាង៥០ភាគរយហើយ
22, Nov 2020 , 1:19 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាពពីទំព័រហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ:
ការងារស្តារឡើងវិញដំណាំស្រូវ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្រេចបានជាង៥០ភាគរយហើយ គិតត្រឹមថ្ងៃទី២១ វិច្ឆិកា។ តាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានស្ដារដំណាំស្រូវជាង ៥ពាន់ហិកតា លើផ្ទៃដីចំនួន ១ម៉ឺនហិក តា ខណៈខេត្តបន្ទាយមានជ័យ បានស្ដារដំណាំស្រូវប្រមាណ ៥ពាន់ហិកតា លើផ្ទៃដីខូចខាតសរុបចំនួន១ម៉ឺនហិកតា។

 
ជំនន់ទឹកភ្លៀងកន្លងមក បានធ្វើឲ្យដំណាំស្រូវ និងដំណាំរួមផ្សំ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ រងគ្រោះ និងខូចខាតច្រើនជាងគេ។ ដើម្បីស្តារឡើងវិញ ដំណាំស្រូវ និងដំណាំរួមផ្សំ ដែលត្រូវជន់លិច និងបានខូចខាត រដ្ឋាភិបាលបានត្រៀមពូជស្រូវ ៦ពាន់តោន និងដំណាំរួមផ្សំជិត៥៦ម៉ឺនកញ្ចប់ ដើម្បីចែកជូនកសិករ។
 
សូមជម្រាបថា រាជធានី-ខេត្តចំនួន២០ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់កន្លងមក ក្នុងនោះ មានពលរដ្ឋប្រមាណ ៦០ម៉ឺននាក់រងផលប៉ះពាល់, មនុស្ស៤៤នាក់ បានបាត់បង់ជីវិត  និងដំណាំកសិកម្មប្រមាណ ៣៨ម៉ឺនហិកតាត្រូវបានជន់លិច៕ 

Tag:
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com