ក្រសួងអប់រំ នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
ជាតិ
ក្រសួងអប់រំ នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
22, Nov 2020 , 3:59 pm        
រូបភាព
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១ នៅទូទាំងប្រទេស។ បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន ឆ្នាំសិក្សាថ្មី២០២០-២០២១ នឹងចាប់ពីថ្ងៃទី១១ ខែមករា និងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១។


 
សេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ បានបញ្ជាក់ថា ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ជាដំណើរការនៃការអប់រំមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដោយផ្ដោតសំខាន់លើលទ្ធផលសិក្សារបស់សិក្សា ឆ្លើយតបនឹងស្ដង់ដាកម្មវិធីសិក្សារបស់ក្រសួងអប់រំ។ សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យមានវិស្សមកាលចំនួន ២ដង ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី៦-១៩ ខែមេសា និងមហាវិស្សមកាល ពីថ្ងៃទី១-៣០ ខែវិច្ឆិកា។ 
 
ក្រសួងអប់រំ បន្ថែមថា នៅថ្ងៃទី១២ ខែមករា គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចាប់ផ្ដើមដំណើរការបង្រៀន និងរៀន។ លើសពីនេះ គ្រឹះស្ថានសិក្សា ត្រូវរៀបចំឲ្យមានសកម្មភាពសិស្សស្រាវជ្រាវជាក្រុម ក្នុងគោលបំណងបង្កើតស្នាដៃថ្មីៗ។ 
 
សម្រាប់ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ ក៏បានក្រើនរម្លឹកដល់គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ ត្រូវបង្កើតទម្លាប់អនាម័យថ្មីនៅតាមគ្រឹះស្ថានសិក្សា ដោយអនុវត្តតាម គោលការណ៍ប្រតិបត្តិស្ដង់ដា SOP សម្រាប់ដំណើរការសាលារៀនក្នុងបរិបទកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការការពារ និងទប់ស្កាត់កូវីដ-១៩៕ 

Tag:
 អប់រំ
 បវេសនកាល
© រក្សាសិទ្ធិដោយ thmeythmey.com