តៃវ៉ាន់​ថា មាន​មន្ត្រី​អាមេរិក​ម្នាក់​ធ្វើ​ទស្សនកិច្ច តែ​មិន​បញ្ចេញ​ឈ្មោះ
សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់​ថា មាន​មន្ត្រី​អាមេរិក​ម្នាក់​ធ្វើ​ទស្សនកិច្ច តែ​មិន​បញ្ចេញ​ឈ្មោះ
23, Nov 2020 , 10:41 am        
រូបភាព
បុរសម្នាក់កាន់ទង់តៃវ៉ាន់ (ខាងឆ្វេង) និងទង់ជាតិអាមេរិក។ រូបភាព៖ Reuters
បុរសម្នាក់កាន់ទង់តៃវ៉ាន់ (ខាងឆ្វេង) និងទង់ជាតិអាមេរិក។ រូបភាព៖ Reuters
​ក្រសួងការបរទេស​តៃវ៉ាន់ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា បានប្រកាសថា មន្ត្រី​អាមេរិក​ម្នាក់ បាន​ទៅដល់​កោះ​តៃវ៉ាន់​ហើយ​។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ បាន​បដិសេធ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត នៃ​ដំណើរ​ទស្សនកិច្ច​ឡើយ ដោយ​ផ្អែកលើ​ទំនុកចិត្ត​ទៅវិញទៅមក​។ បើតាម​ប្រភព​មន្ត្រី​តៃវ៉ាន់​ម្នាក់ នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ជើង​ទឹក​ទទួលបន្ទុក​លើ​ចារកិច្ច​យោធា​ប្រចាំ​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​តៃវ៉ាន់ បានប្រកាស​ស្វាគមន៍​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​អាមេរិក​។ យ៉ាងណាមិញ តៃវ៉ាន់ មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះឡើយ​។ «​ទស្សនកិច្ច​នេះ មិន​ធ្វើ​ឡើងជា​សាធារណៈ​ឡើយ ដោយ​ផ្អែកលើ​ទំនុកចិត្ត​ទៅវិញទៅមក​រវាង​អាមេរិក និង​តៃវ៉ាន់​»​។ តៃវ៉ាន់​បានបញ្ជាក់​បែបនេះ ដោយ​មិនមាន​ពន្យល់​បន្ថែមទៀត​ឡើយ​។ 
 
​យ៉ាងណាមិញ មន្ត្រី​តៃវ៉ាន់​ដែល​ស្និទ្ធ​នឹង​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​មនា​វី​ទោ Michael Studeman ។ ដោយ​ផ្អែក​តាម​វេ​ប​សាយ​របស់​កងទ័ពជើងទឹក​អាមេរិក លោក Studeman ជា​មេបញ្ជាការ​កងកម្លាំង​ចារកិច្ច​របស់​យោធា​អាមេរិក​ប្រចាំ​នៅ​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ មន្ទីរ​បញ្ច​កោណ​អាមេរិក មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​ឡើយ​។ ចំណែក​ទីក្រុង​ប៉េកាំង ក៏​មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​អ្វី​ដែរ​។ 
 
​សម្រាប់​លោក Douglas Paal អតីត​ប្រធានការិយាល័យ​តំណាង​អាមេរិក​នៅ​តៃវ៉ាន់ ប្រសិនបើ​នេះ​ជា​ទស្សនកិច្ច​របស់លោក Studeman មែន​នោះ វា​ជា​ទស្សនកិច្ច​ជាន់ខ្ពស់​បំផុត​របស់​ម​ន្ត្រី​យោធា​អាមេរិក ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ព័ត៌មាន​ក្នុងស្រុក​តៃវ៉ាន់ United Daily News បាន​ចុះផ្សាយ​ពី​រូបភាព​យន្តហោះ​ឯកជន​មួយ ដែល​ត្រូវបាន​វាយតម្លៃ​បាន​ថា ជា​យន្តហោះ​យោធា​អាមេរិក មកដល់​អាកាសយានដ្ឋាន Songshan ក្នុង​ទីក្រុង​តៃប៉ិ និង​មាន​មន្ត្រី​ចាំ​ទទួល​នៅ​ច្រកចេញចូល VIP ។ ពីដំបូង មន្ត្រី​អាមេរិក​នោះ ត្រូវ​ជឿថា ជា​ប្រធាន​ទីភ្នាក់ងារ​ចារកិច្ច​កណ្ដាល CIA ប៉ុន្តែ​តៃវ៉ាន់​បាន​បដិសេធ​។ 
 
​សូមបញ្ជាក់ថា អាមេរិក​នៅក្រោម​ការដឹក​នាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​តៃវ៉ាន់​។ កន្លងមក មន្ត្រីជាន់ខ្ពស់​អាមេរិក ដូចជា​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក លោក Alex Azar និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​អាមេរិក​បានធ្វើ​ទស្សនកិច្ច​មក​តៃវ៉ាន់ ក្នុង​ឆ្នាំ​២០២០​។ មិន​ត្រឹមតែ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ប៉ុណ្ណោះ​ទេ អាមេរិក ក៏បានផ្តល់​ភ្លើង​បៃតង ក្នុង​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ជា​បន្តបន្ទាប់​ផងដែរ​៕ 

Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com