COVID-19
អន្តរជាតិ
UNICEF នឹងដឹកវ៉ាក់សាំងកូវីដ-១៩ ជិត២ពាន់លានដូសឲ្យប្រទេសក្រីក្រនៅឆ្នាំ២០២១ រូបភាព៖ Reuters
× វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជិតពីរពាន់លានដូស នឹងត្រូវដឹកជញ្ជូនឲ្យប្រទេសក្រីក្រនៅក្នុងឆ្នាំ២០២១ ក្រោមប្រតិបត្តិការ «Mammoth»។ មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) បានលើកឡើងបែបនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ស្របពេលមេដឹកនាំពិភពលោកមួយចំនួន សន្យាថា នឹងធានាឲ្យបានលើការចែកចាយវ៉ាក់សាំងដោយស្មើភាពសម្រាប់ប្រទេសក្រីក្រ។
ជិតរយៈពេល ១ឆ្នាំហើយ ដែលកូវីដ-១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន។ វ៉ាក់សាំង ជាប្រធានបទដ៏សំខាន់នៅក្នុងវេទិកាពិភពលោក ខណៈសេដ្ឋកិច្ចប្រទេសមួយចំនួន កំពុងដាំក្បាលចុះ។ នៅក្នុងកិច្ចប្រជុំក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង២០ (G20) មេដឹកនាំពិភពលោក បានសន្យាថា នឹងផ្តល់វ៉ាក់សាំងដោយស្មើភាពដល់ប្រទេសក្រីក្រ ដើម្បីធានាថា ប្រទេសទាំងនោះ នឹងមិនត្រូវបានទុកចោល។
ចំណែក អង្គការ UNICEF បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនចំនួន៣៥០ លើការចែកចាយវ៉ាក់សាំងចំនួនជិត ២ពាន់លានដូស និង ១ពាន់លានសឺរ៉ាំងដល់ប្រទេសក្រីក្រ។ លោកស្រី Etleva Kadilli ប្រធានផ្នែកចែកចាយ និងផ្គត់ផ្គង់របស់ UNICEF បានលើកឡើងថា កិច្ចសហការដ៏មានតម្លៃនេះ នឹងធានាថា ការដឹកជញ្ជូនវ៉ាក់សាំងមានចំនួនគ្រប់គ្រាន់ទៅកាន់ប្រទេសក្រីក្រដូចជា ប៊ូរុនឌី, អាហ្វហ្កានីស្ថាន និងយេម៉ែនជាដើម។
ទន្ទឹមគ្នានេះ លោកស្រី Kadilli ក៏បានអំពាវនាវឲ្យប្រទេសទាំងអស់រួមសាមគ្គីគ្នាផងដែរ ស្របពេលពិភពលោក បានត្រៀមខ្លួនរួចហើយ ក្នុងការចែកចាយវ៉ាក់សាំង សឺរ៉ាំង និងឧបករណ៍ការពារមួយចំនួន សម្រាប់បុគ្គលិកសុខាភិបាល ដែលស្ថិតនៅជួរមុខ ដែលកំពុងប្រយុទ្ធជាមួយកូវីដ-១៩។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការដឹកជញ្ជូននេះ ជាផ្នែកមួយនៃកម្មវិធិ COVAX ដែលសហការដោយសម្ព័ន្ធវ៉ាក់សាំង GAVI ជាមួយអង្គការសុខភាពពិភពលោក និងមូលនិធិ CEPI ដើម្បីធានាពីការទទួលបានវ៉ាក់សាំងទៅកាន់ប្រទេស ដែលរងការគំរាមកំហែងកូវីដ-១៩ ខ្លាំងបំផុត។
មកទល់ពេលនេះ មានក្រុមហ៊ុនវ៉ាក់សាំងចំនួនពីរ បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពលើសពី ៩០ភាគរយ បើផ្អែកតាមទិន្នន័យរបស់ខ្លួន។ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដែលអះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព ៩៥ភាគរយ ខណៈក្រុមហ៊ុន Moderna ថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពចំនួន ៩៤,៥ ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com