អន្តរជាតិ
អតីត​ប្រធានាធិបតី​បារាំង សា​កូ​ហ្ស៊ី ឡើង​តុលាការ​ក្នុង​សំណុំរឿង​ពុករលួយ
23, Nov 2020 , 11:29 pm        
រូបភាព
លោកNicolas Sarkozy អតីតប្រធានាធិបតីបារាំង។ រូបភាព៖AFP
លោកNicolas Sarkozy អតីតប្រធានាធិបតីបារាំង។ រូបភាព៖AFP
ដោយ:
​អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡាស់ សា​កូ​ហ្ស៊ី (Nicolas Sarkozy) នៅ​ថ្ងៃទី​២៣ វិច្ឆិកា​ឡើង​សវនាការ​ក្នុង​ក្តីក្តាំ​រឿង​សូក​ប៉ាក់​ចៅក្រម ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​បាន​ព័ត៌មាន​ស្តីពី​ការស៊ើបអង្កេត​លើ​រូបលោក និង​អំពើពុករលួយ​។ ការស៊ើបអង្កេត និង​ក្តីក្តាំ​ក្នុង​តុលាការ​នេះ នឹង​អាប់អោន​ដល់​អាជីព​នយោបាយ​រាប់​ឆ្នាំ​របស់លោក​។​

 
​លោក នី​កូ​ឡាស់ សា​កូ​ហ្ស៊ី ជា​ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​២០០៧ ដល់​២០១២​។ រដ្ឋអាជ្ញា​បារាំង បាន​ចោទ​លោក​ពីបទ​ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​ផ្តល់​តំណែង​នៅ​ម៉ូ​ណា​កូ​ទៅ​ចៅក្រម Gilbert Azibert ដើម្បី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការស៊ើបអង្កេត​លើ​រូបលោក​ក្នុង​ការទទួល​ថវិការ​មិន​ស្របច្បាប់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៧ ពី​លោកស្រី Liliane Bettencourt អ្នក​ស្នង​តំណែង​ក្រុមហ៊ុន L’Oreal ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​លោក សា​កូ​ហ្ស៊ី បដិសេធ​នូវ​រាល់​ការចោទប្រកាន់​ទាំងអស់​។ លោក​អះអាងថា បទ​ចោទ​មកលើ​រូបលោក​គឺពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​។ អតីត​ប្រធានាធិបតី​បារាំង​រូបនេះ បន្ត​មាន​ឥទ្ធិពល​ក្នុង​ឆាកនយោបាយ​បារាំង ជាពិសេស​ក្នុងចំណោម​អ្នក​អភិរក្សនិយម​។​
 
​ចាប់​តាំងតែ​ពី​ឆ្នាំ​២០១៣ មក អ្នកស៊ើប​អង្កេត​បាន​លួច​ស្តាប់​ទូរស័ព្ទ​របស់លោក សា​កូ​ហ្ស៊ី និង​មេធាវី Thierry Herzog​។ គ្រានោះ​អ្នកស៊ើប​អង្កេត​កំពុង​ស្វែងរក​ព័ត៌មាន​ជុំវិញ​ការសង្ស័យ​ដែល​លោក សា​កូ​ហ្ស៊ី ទទួលបាន​ប្រាក់​ពី​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី លោក​មូ​អា​ម៉ា ហ្គា​ដា​ហ្វ៊ី​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៧​។​
 
​តាមរយៈ​ការ​ស្តាប់​នេះ រដ្ឋអាជ្ញា​បារាំង​អះអាងថា លោក សា​កូ​ហ្ស៊ី និង​លោក Herzgo បាន​ពិភាក្សាគ្នា​ជាច្រើន​ដង​ក្នុងការ​ទាក់ទង​លោក Azibert ដែលជា​ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​កំពូល​។ រដ្ឋអាជ្ញា​បន្តថា លោក សា​កូ​ហ្ស៊ី សន្យា​ផ្តល់​ការងារ​ខ្ពស់​មួយ​ឲ្យ​លោក Azibert នៅ​ម៉ូ​ណា​កូ​។ ប៉ុន្តែ លោក សា​កូ​ហ្ស៊ី អះអាង​ក្នុង​ទូរទស្សន៍ BFM ថា លោក Azibert មិនដែល​ទទួល​បានកា​រងារ​នេះឡើយ​។​
 
​លោក Herzgo លោក សា​កូ​ហ្ស៊ី និង​លោក Azibert ត្រូវ​ចូល​សវនាការ​ពីបទ​ពុករលួយ និង​ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​បាន​របស់​តប​មកវិញ​។ បុគ្គល​ទាំង​៣​ខាងលើ ក៏​ជាប់ចោទ​ពី​ការបំពាន​ការសំងាត់​ក្នុង​វិជ្ជាជីវៈ​ផងដែរ​។ បើ​រកឃើញថា​មានទោស​មែន បុគ្គល​ទាំង​៣​ខាងលើ​អាចជា​ប់ព​ន្ធា​គារ​ដល់​១០​ឆ្នាំ និង​ការពិន័យ​ជា​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​។​
 
​បន្ថែម​ពីនេះ ក្នុង​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២១ លោក សា​កូ​ហ្ស៊ី ក៏ត្រូវ​ឡើង​សវនាការ​ពីបទ​ចោទ លើ​ការបំពានច្បាប់​ហិរញ្ញវត្ថុ​ស្តីពី​យុទ្ធនាការ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១២​ផងដែរ​។ ក្នុង​រឿងក្តី​នេះ អតីត​ប្រធានាធិបតី​បារាំង​ត្រូវ​ជាប់​ការសង្ស័យ​ក្នុងការ​លាក់​ខ្ទង់ចំណាយ​ពិតប្រាកដ​សម្រាប់​យុទ្ធនា​ការឃោសនា​។​
 
​ក្រៅពី​រឿង​ខាងលើ រដ្ឋអាជ្ញា​បារាំង​កំពុង​បន្ត​ស៊ើបអង្កេត​លើ​ការ​លើកឡើងថា អតីត​មេ​ដឹ​នាំ​ផ្តាច់កា​រលី​ប៊ី មូ​អា​ម៉ា ហ្គា​ដា​ហ្វ៊ី ផ្តល់ប្រាក់​រាប់លាន​អឺរ៉ូ​តាម​វ៉ា​លី​មក​ឲ្យ​លោក សា​កី​ហ្ស៊ី សម្រាប់​ការចំណាយ​លើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៧​។ អ្នក​ដែល​ចោទ​លោក សា​កូ​ហ្ស៊ី ពី​រឿងនេះ​គឺ​អ្នកជំនួញ​សញ្ជាតិ​បារាំង​និង​លី​បង់​ម្នាក់ ប៉ុន្តែ​បាន​ដក​ពាក្យ​ទៅវិញ​។ យ៉ាងណាក៏ដោយ​តុលាការ​បារាំង​នៅ​បន្ត​ស៊ើបអង្កេត​លើ​រឿងនេះ​៕

Tag:
 ​បារាំង​
  នី​កូ​ឡាស់ សា​កូ​ហ្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com