អាមេរិក​ផ្តល់​អាវុធ​ឲ្យ​ហ្វីលីពីន និង​ប្តេជ្ញា​ការពារ​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក​ផ្តល់​អាវុធ​ឲ្យ​ហ្វីលីពីន និង​ប្តេជ្ញា​ការពារ​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
24, Nov 2020 , 8:59 am        
រូបភាព
លោកRobert O
លោកRobert O'Brien ទីប្រឹក្សាសន្តិសុខសេតវិមាន (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន (ឆ្វេង) នាពិសេសប្រគល់អាវុធ។ រូបភាព AFP
​រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានផ្តល់​មី​ស៊ី​ល​ប្រដេញ និង​អាវុធ​ជាច្រើន​ទៀត​ដល់​ហ្វីលីពីន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​។ ស្របពេល​ជាមួយគ្នានេះដែរ អាមេរិក​ប្តេជ្ញា​ជាថ្មី​ថា នឹង​ការពារ​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត បើសិនជា​រង​ការវាយប្រហារ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ភាគខាងត្បូង​។​

 
​ការប្រគល់​ផ្តល់​អាវុធ​ឲ្យ​ហ្វីលីពីន ធ្វើឡើង​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​នា​ក្រសួងការបរទេស​ហ្វីលីពីន ដែលមាន​លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​សេត​វិមាន​ជា​តំណាង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្នុង​ពិធី​ខាងលើ លោក O’Brien ប្រកាស​ពី​ការផ្តល់​ម៉ី​សីល និង​គ្រាប់បែក​ដល់​យោធា​ហ្វីលីពីន​។ អាវុធ​មានតម្លៃ​១៨​លាន​ដុល្លារ ជាការ​សន្យា​របស់លោក ត្រាំ ក្នុងការ​សន្ទនា​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ កាលពី​ខែមេសា​កន្លងទៅ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​អាវុធ​ខាងលើ លោក O’Brien លើកឡើង​ពី​តួនាទី​របស់​រដ្ឋបាល​លោក ត្រាំ ក្នុងការ​កម្ចាត់​អង្គការ​រដ្ឋ​ឥស្លាម​នៅ​មជ្ឈិមបូព៌ា ស៊ី​រី និង​ជួយ​ហ្វីលីពីន​ក្នុងការ​ប្រយុទ្ធ​ទល់នឹង​បណ្តាញ​រដ្ឋ​ឥស្លាម​នៅ​ភាគខាងត្បូង​ប្រទេស​នេះ​កាលពី​ឆ្នាំ​២០១៧ ។​
 
«​លោក​ប្រធានាធិបតី ត្រាំ បន្ត​នៅ​ជាមួយ​ប្រធានាធិបតី ឌូ​ទើ​តេ ក្នុងការ​ប្រយុទ្ធ​នឹង​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​»​។ នេះ​ជាការ​ថ្លែង​របស់លោក O’Brien ដោយ​បន្តថា ការផ្តល់​អាវុធ​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាងរឹងមាំ​និង​អត់ធន់​ទៅកាន់​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន AP ។​
 
​ទីប្រឹក្សា​សន្តិសុខ​សេត​វិមាន​រូបនេះ ក៏​បង្ហាញ​ពី​សង្ឃឹម​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​ប្រទេស​ទាំង​២ ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​ធ្វើការ​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​នៅ​ទីនោះ​។​លោក ឌូ​ទើ​តេ នៅ​ដើមឆ្នាំ​២០២០ នេះ​បានប្រកាស​ពី​ការលុបចោល​កិច្ចព្រមព្រៀង​ខាងលើ ប៉ុន្តែ​សម្រេច​ពន្យា​ពេល​វិញ​។​
 
​ចំពោះ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ភាគខាងត្បូង​វិញ លោក O’Brien គាំទ្រ​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត​ក្នុងការ​ការពារ​សិទ្ធិ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហ្វីលីពីន​កាលពី​ខែ​មុន បានប្រកាស​ពី​ការបន្ត​សកម្មភាព​ស្វែងរក​ប្រេង និង​ឧស្ម័ន​ក្នុង ឬ​នៅ​ជិត Reed Bank ដែល​ស្ថិតនៅ​ខាងលិច​ប្រទេស ប៉ុន្តែ​ក៏​ទាមទារ​ដោយ​ចិន​ផងដែរ​។​
 
​លោក O’Brien អះអាងថា ធនធាន​ទាំងនោះ​ជា​របស់​ប្រជាជន​ហ្វីលីពីន និង​មិនមែនជា​របស់​ប្រទេស​ណាមួយ​ដោយ​គ្រាន់តែ​ប្រទេស​នោះ​ធំ​ជាង​ហ្វីលីពីន​ឡើយ​។ លោក​និយាយ​នេះ​ដោយ​សំដៅទៅ​ចិន​។ លោក អះអាងថា ការវាយប្រហារ​លើ​យន្តហោះ ឬ​នាវា​ហ្វីលីពីន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​នាំ​ឲ្យ​លេចចេញ​នូវ​កាតព្វកិច្ច​ការពារ​រួម​។ ហ្វីលីពីន និង​អាមេរិក​មាន​សន្ធិសញ្ញា​ស្តីពី​ការការពារ​រួម​៦៩​ឆ្នាំ​មកហើយ ហើយ​ដែល​អាមេរិក​មានកា​ត្វ​កិច្ចការពារ​ហ្វីលីពីន បើ​មានការ​ប្រហារ​៕
 

Tag:
 ហ្វីលីពីន​
  អាមេរិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com