អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ការបរទេស ច​ន ឃែ​រី ត្រូវ​លោក ចូ​បៃ​ឌិន ជ្រើស​ជា​ប្រេសិត​ទទួលបន្ទុក​អាកាសធាតុ​
24, Nov 2020 , 8:29 pm        
រូបភាព
លោកចន ឃេរី អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក។ រូបភាព៖AFP
លោកចន ឃេរី អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក។ រូបភាព៖AFP
ដោយ:
​លោក​ច​ន ឃេ​រី (John Kerry) អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ពី​ឆ្នាំ​២០១៣ ដល់​២០១៧ ត្រូវបាន​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន ជ្រើសរើស​ជា​ប្រេសិត​ប្រធានាធិបតី​ទទួលបន្ទុក​អាកាសធាតុ​។ លោក ឃែ​រី ក៏មាន​កៅអី​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដែរ​។

 
​លោក ច​ន ឃែ​រី ដែល​ធ្លាប់​កាន់តំណែង​ជា​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋមន្ត្រីការបរទេស​ត្រូវបាន​មហាជន​ក្នុងស្រុក និង​អន្តរជាតិ​ទទួលស្គាល់ និង​កោត​ស​សើរ​ក្នុង​កិច្ចការ​អាកាសធាតុ​។ លោក​ជា​អ្នក​ជ្រោមជ្រែង​សំខាន់​មួយរូប​ក្នុងការ​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥ និង​ជា​អ្នកចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខាងលើនេះ​តំណាង​ឲ្យ​អាមេរិក​នៅ​ចំពោះមុខ​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​
 
​សេចក្តីប្រកាស​របស់​ក្រុមការងារ​លោក ចូ បៃ​ឌិន បាន​លើកឡើងថា តួនាទី​ជា​ប្រ​សិត​អាកាសធាតុ ជាការ​ងារ​ដ៏​សំខាន់ ហើយ​លោក ឃែ​រី ក៏​នឹង​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដែល​កាន់កាប់​ការងារ​អាកាសធាតុ​ផងដែរ​។​
 
«​អាមេរិក នាពេលខាងមុខ​នឹងមាន​រដ្ឋាភិបាល​ដែល​ចាត់ទុក​គ្រោះ​អាកាសធាតុ ជា​គ្រោះអាសន្ន​គំរាម​ដល់​សន្តិសុខ​ជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស វ័យ​៧៦​ឆ្នាំ​រូបនេះ​។ លោក​បន្តថា លោក​មាន​មោទកភាព​ក្នុងការ​ធ្វើការ​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត សម្ព័ន្ធមិត្ត និង​ថ្នាក់ដឹកនាំ​ចលា​នាអាកាស​ធាតុ​។​
 
​ការជ្រើសរើស​លោក ឃែ​រី ទទួល​បានការ​សាទរ ដោយ​ចាត់ទុកជា​ជម្រើស​ល្អ តែ​ក៏​មានមតិ​មិន​ស្រប​ដែរ​។ លោក Varshini Prakash នាយក​ប្រតិបត្តិ​ចលនា​អាកាសធាតុ Sunrise Movement លើកឡើងថា ការតែងតាំង​លោក ឃែ​រី ជា​ជំហាន​យ៉ាង​ល្អ ព្រោះ​លោក ឃេ​រី មាន​ប្រវត្តិ និង​ការតាំង​ចិត្ត​៤០​ឆ្នាំ​ក្នុង​ចូលរួម​លើ​បញ្ហា​អាកាសធាតុ និង​មានចិត្ត​ទូលាយ​ស្តាប់​ពី​ការទាមទារ​និង​កង្វល់​របស់​យុវជន​។ 
 
​លោក Tom Carper សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Delaware អះអាងថា​លោក​ឃេ​រី​ជា​មនុស្ស​ដែលមាន​ជំនាញ​ផ្នែក​ការទូត ក៏ដូចជា​នយោបាយ និង​ជា​បុគ្គល​ដែលមាន​ចំណេះដឹង​ច្រើនជាង​អ្នកណា​ទាំងអស់​ក្នុងការ​ធានាថា បញ្ហា​អាកាសធាតុ​ទទួលបាន​ចំណាប់អារម្មណ៍​ជា​អន្តរជាតិ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
 
​យ៉ាងណាមិញ ចលនា​បរិស្ថាន និង​អាកាសធាតុ​មួយចំនួន ពុំ​សូវ​ជា​សាទរ​ការតែងតាំង​នេះ​ប៉ុន្មាន​ឡើយ​។ ជាក់ស្តែង​លោកស្រី Wenonah Hauter ស្ថាបនិក​អង្គការ Food and Water Actions អះអាងថា គំនិត​របស់លោក ឃែ​រី ជា​គំនិត​ចាស់​រាប់​ឆ្នាំ​មកហើយ និង​ឲ្យ​ផល​តិចតួច ឬ​គ្មាន​សោះតែ​ម្តង​ក្នុងការ​ទប់ទល់​វិបត្តិ​អាកាសធាតុ​។ 
 
​ការតែងតាំង​លោក ឃែ​រី ជាការ​បញ្ជាក់​ការតាំង​ចិត្ត​របស់លោក បៃ​ឌិន ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ជា​អន្តរជាតិ ក្រោយពេល​អវត្តមាន​ជាង​៤​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។ លោក បៃ​ឌិន ធ្លាប់បាន​សន្យាថា នឹង​នាំ​អាមេរិក​ចូល​នេះ​វិញ​។ លោក បៃ​ឌិន ក៏​សន្យា​ផងដែរ​ថា នឹង​វិនិយោគ​បន្ថែមចំនួន​២​ទ្រី​លាន​ដុល្លារ ទៅក្នុង​វិស័យ​ដឹកជញ្ជូន ថាមពល និង​សាងសង់​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​៕
 

Tag:
 បរិស្ថាន​
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com