COVID-19
ជាតិ
កម្ពុជា បន្ត​ផ្តល់​ម៉ាស់​និង​សម្ភារ​ពេទ្យ​ដល់ទី​ម័​រ ខណៈ​មី​យ៉ាន់​ម៉ា ថ្លែងអំណរគុណ​
27, Nov 2020 , 10:48 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាជាមួយលោក Ermenegildo Kupa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាជាមួយលោក Ermenegildo Kupa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
​បន្ទាប់ពី​ឡាវ​និង​មី​យ៉ាន់​ម៉ា គឺ​ទី​ម័​រ​ខាងកើត ដែល​បានទទួល​អំណោយ​ជា​ម៉ាស់​និង​សម្ភារ​ពេទ្យ​ពី​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​។ អំណោយ​ទាំងនោះ នឹងត្រូវ​ដឹក​ទៅកាន់​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។


​ទិន្នន័យ បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា អំណោយ ដែល​កម្ពុជា ឧបត្ថម្ភ​ដល់ទី​ម័​រ​ខាងកើត រួមមាន ម៉ាស់​១​លាន​៦​ម៉ឺន វ៉ែនតា​ការពារ​១​ម៉ឺន សម្លៀកបំពាក់​ការពារ​១​ម៉ឺន របាំង​ការពារ​មុខ​១​ម៉ឺន ឧបករណ៍​វាស់​កម្តៅ​២៥០ ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម​១០ ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​១០ ម្ស៉ៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ​២៥០​ធុង ស្បែក​ជើងវែង​៥០០ និង ទឹកសាប៊ូ​លាងដៃ​១០០​។​
 
​ជាមួយគ្នានេះ កម្ពុជា បានទទួល​លិខិត​ថ្លែងអំណរគុណ​ពី​មី​យ៉ាន់​ម៉ា ចំពោះ​ការ​ផ្តល់ជំនួយ​ជា​ម៉ាស់​២​លាន និង​សម្ភារ​ពេទ្យ​ប្រមាណ​១០​មុខ​ទៀត​។ លិខិត​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​របស់​មី​យ៉ាន់​ម៉ា ផ្ញើជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ 
 
​ក្នុង​លិខិត​ថ្លែងអំណរគុណ អ្នកស្រី ចាត់ទុកថា ជាការ​ផ្តល់ជំនួយ​ដ៏​មានតម្លៃ និង​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ពិតប្រាកដ ដែល​កម្ពុជា មាន​ចំពោះ​មី​យ៉ាន់​ម៉ា​។ បន្ថែម​ពីនេះ អ្នកស្រី ចាត់ទុក​ជំនួយ​នេះ ថា​ជាការ​ឧបត្ថម្ភ​ដ៏​ធំធេង​ដល់​មី​យ៉ាន់​ម៉ា ដែល​កំពុងស្ថិត​ក្នុងកា​លៈ​ទេសៈ​ដ៏​លំបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ 
 
​អ្នកស្រី ជម្រាប​សម្តេច ហ៊ុន សែន ថា មី​យ៉ាន់​ម៉ា នឹង​អាច​ជ​ន្នះ​លើ​បញ្ហា​ប្រឈម ហើយនឹង​ងើបឡើង​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។ ជាមួយគ្នានេះ អ្នកស្រី បាន​អបអរសាទរ​សម្តេច ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ដោយ​ជោគជ័យ​។ 
 
​មិន​ខុសពី​មី​យ៉ាន់​ម៉ា ឡាវ ទទួលបាន​ម៉ាស់​២​លាន​និង​សម្ភារ​ពេទ្យ​ប្រមាណ​១០​មុខ​ដូចគ្នា​ពី​កម្ពុជា​។  ឡាវ ជា​ប្រទេស​ដំបូង​គេ ដែល​ទទួលបាន​ការឧបត្ថម្ភ​ជា​ម៉ាស់​និង​សម្ភារ​ពេទ្យ​ពី​កម្ពុជា​។ មេដឹកនាំ​ឡាវ ក៏បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៣០៧​នាក់ ជាសះស្បើយ​២៩៨​នាក់ ឡាវ រកឃើញ​អ្នក​ឆ្លង​៣៩​នាក់ ជាសះស្បើយ​២៤​នាក់ ហើយ​មី​យ៉ាន់​ម៉ា រកឃើញ​អ្នក​ឆ្លង​ជាង​៨,៥​ម៉ឺន​នាក់ ជាសះស្បើយ​ជាង​៦,៤​ម៉ឺន​នាក់ ស្លាប់​ជាង​១,៨​ពាន់​នាក់​។ កម្ពុជា​និង​ឡាវ គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕ 
  

Tag:
 COVID-19
  កម្ពុជា​
  ទី​ម័​រ​ខាងកើត​
  មី​យ៉ាន់​ម៉ា​
  ឧបត្ថម្ភ​ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com