សហគមន៍ស្រែជ្រៃ ជាជម្រកត្រយ៉ងចង្កំកសជាង១០ក្បាល រួមទាំងថវិកសត្វ និងបក្សី៦០ប្រភេទទៀត
ជាតិ
សង្គមជាតិ
សហគមន៍ស្រែជ្រៃ ជាជម្រកត្រយ៉ងចង្កំកសជាង១០ក្បាល រួមទាំងថវិកសត្វ និងបក្សី៦០ប្រភេទទៀត
27, Nov 2020 , 7:29 pm        
រូបភាព
អង្គការជីវិតសត្វស្លាបអន្តរជាតិ ( BirdLife International) បានប្រទះឃើញវត្តមាន សត្វត្រយ៉ងចង្កំកស ១១ក្បាល រួមទាំងប្រភេទថនិកសត្វ និងបក្សីប្រមាណ៦០ប្រភេទទៀត  ក្នុងដែនជម្រកសត្វព្រៃលំផាត់ នៃសហគមន៍ស្រែជ្រៃ។ នេះបើតាមអង្គការ ជីវិតសត្វស្លាបអន្តរជាតិ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ២០២០។

 
ត្រយ៉ងចង្កំកស ជាសត្វស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ត្រយ៉ងចង្កំកសនេះ មានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេស៊ី ប៉ុណ្ណោះ ហើយចំនួននៅសេសសល់របស់វាភាគច្រើនរស់នៅកម្ពុជា។
 
ក្រុមអ្នកអភិរក្សវ័យក្មេង ធ្វើការចុះអង្កេតតាមដាន និងកត់ត្រាទិន្នន័យសត្វស្លាបកំពុងរងគ្រោះ ក្នុងសហគមន៍ស្រែជ្រៃ នៃខេត្តមណ្ឌលគិរី រយៈពេល ៣ខែ (កញ្ញា-វិច្ឆិកា) ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងតំបន់សហគមន៍ស្រែជ្រៃ ភូមិស្រែជ្រៃ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រៅពីប្រទះឃើញសត្វត្រយ៉ងចង្កំកស ក្រុមអភិរក្សក៏ឃើញមានប្រភេទថនិកសត្វ និងបក្សីប្រមាណ ៦០ប្រភេទផ្សេងទៀត។
 


បើតាមអង្គការ ជីវិតសត្វស្លាបអន្តរជាតិ លទ្ធផល ៣ខែនេះ នៃការធ្វើជំរឿនសត្វត្រយ៉ងចង្កំកស បានឃើញថា មានវត្តមាន សត្វត្រយ៉ង ចំនួន ១១ក្បាល ស្ថិតនៅ ៥ទីតាំងផ្សេងៗ គ្នា ក្នុងសហគមន៍ស្រែជ្រៃ។ ដោយឡែកក្រុមអភិរក្សក៏បានបន្តសកម្មភាពល្បាតអង្កេតតាមដាន និងកត់ត្រាលើប្រភេទជីវៈចម្រុះ បានជួបប្រទះ ថនិកសត្វ និងបក្សី ប្រមាណ ៦០ប្រភេទផងដែរ។
 
ក្រុមអ្នកអភិរក្សក៏បន្តស្វែងរក សំបុកសត្វត្រយ៉ងយក្ស និង សត្វក្រៀល ក្នុងតំបន់អភិរក្សដដែល ប៉ុន្តែមិនបានជួបសំបុករបស់ពួកវាទេ  គ្រាន់តែបានកត់ត្រាបានសត្វត្រយ៉ងយក្សចំនួន ១ក្បាល និងសត្វក្រៀលចំនួន ២ក្បាល។ 
 
សូមបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃលំផាត់ បានផ្តល់ជម្រកដល់សត្វជាច្រើន ដូចជា ដំរី គោព្រៃ ខ្ទីង ខ្លា ក្របីព្រៃ ខ្លាឃ្មុំ ប្រភេទសត្វមំសាសី និងពពួកសត្វស្វា និង មានសត្វស្លាបប្រហែល ១០០ប្រភេទផងដែរ។ 
 
ក្រៅពីផ្តល់ជម្រកដល់សត្វព្រៃ ដែនជម្រកសត្វព្រៃលំផាត់ ក៏ជាជម្រក និងប្រភពចំណូលរបស់អ្នកស្រុកជាង ១០០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចព្នង។ ពួកគេចិញ្ចឹមជីវិតដោយប្រើប្រាស់ធនធានធម្មជាតិ ដូចជា ការយកជ័រឈើ វ័ល្លិ៍ ផ្តៅ  រុក្ខជាតិស្មៅ និងផ្លែឈើនៅក្នុងព្រៃផ្សេងៗទៀត៕


 ក្រុមអភិរក្សរបស់អង្គការជីវិតសត្វស្លាប

Tag:
 សត្វស្លាប
 ជម្រកសត្វព្រៃលំផាត់
 ត្រយ៉ងចង្កំកស
© រក្សាសិទ្ធិដោយ thmeythmey.com