អ្នកទៅប្រមូលអនុផលព្រៃឈើ ប្រទះឃើញដំរី១៤ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា
ជាតិ
សង្គមជាតិ
អ្នកទៅប្រមូលអនុផលព្រៃឈើ ប្រទះឃើញដំរី១៤ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា
27, Nov 2020 , 2:23 pm        
រូបភាព
ពីលើដើមឈើ ពលរដ្ឋម្នាក់​លួចសត្វសកម្មភាពហ្វូងដំរីក្នុងដែនជម្រកសត្វព្រៃកែវសីមា
ពីលើដើមឈើ ពលរដ្ឋម្នាក់​លួចសត្វសកម្មភាពហ្វូងដំរីក្នុងដែនជម្រកសត្វព្រៃកែវសីមា
ប្រជាពលរដ្ឋនៃខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូងប្រមាណ ១៤ក្បាល នៅពេលដែលពួកគាត់ចូលព្រៃ ដើម្បីប្រមូលអនុផលព្រៃឈើ នៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា។ នេះបើតាមអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

 
បើតាមអង្គការ WCS ហ្វូងដំរីដែលពលរដ្ឋប្រទះឃើញនេះ តាំងពីចុងខែតុលាមកម្ល៉េះ។ «ក្រោយឃើញហ្វូងដំរីទាំងនោះ ពួកគាត់បានប្រញាប់រត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ លោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុងចំណោមនោះ បានយកទូរសព្ទរបស់គាត់ថតសកម្មភាពសត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន»។ 
 
អង្គការ WCS បញ្ជាក់ថា តាមការប៉ាន់ប្រមាណ មានដំរីប្រហែល ១០០ក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។
 
សត្វដំរី នៅទូទាំងប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែង ដោយសារការបាត់បង់ទីជម្រកដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។ បើតាមរបាយការណ៍១០ឆ្នាំ (២០១០-២០២០) របស់ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា មានប្រភេទសត្វព្រៃ និងជីវចម្រុះប្រមាណ ១,០០០ប្រភេទ ដែលជាចំនួនច្រើនជាងគេបង្អស់ក្នុងចំណោមតំបន់ការពារធម្មជាតិនៅទូទាំងកម្ពុជា៕
 

Tag:
 ដំរី
 កែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com