សង្គមជាតិ
អន្តរជាតិ
ធុញទ្រាន់ការចំអក ភូមិអូទ្រីសមួយ ប្ដូរឈ្មោះដែលមានអាយុកាលជិត១ពាន់ឆ្នាំ
27, Nov 2020 , 9:29 pm        
រូបភាព
ដោយ:
ពលរដ្ឋរបស់ភូមិអូទ្រីសមួយ នឹងចាប់ផ្ដើមឆ្នាំថ្មី ជាមួយឈ្មោះថ្មី ក្រោយហត់នឿយជាមួយការយកឈ្មោះភូមិពួកគេទៅលេងសើចលើបណ្ដាញសង្គម។ ឈ្មោះថ្មីរបស់ភូមិនេះ គឺហៅថា «Fugging»។

 
ឈ្មោះបច្ចុប្បន្នរបស់ភូមិអូទ្រីសនេះ គឺហៅថា «Fucking» ដែលអ្នកជំនាញប្រវតិ្តសាស្រ្តមួយចំនួន អះអាងថា ត្រូវបានដាក់តាំងពីសតវត្សរ៍ទី១១មកម្ល៉េះ។ ពាក្យ «Fucking» គឺជាពាក្យអាសគ្រាម ដែលចាត់ទុកជាពាក្យអសីលធម៌ មិនសមនឹងនិយាយ ឬប្រើឡើយ។
 
ដោយធុញទ្រាន់នឹងការចំអកលើបណ្ដាញសង្គម ភូមិដែលមានប្រជាជនប្រមាណ១០០នាក់នេះ ហើយមានទីតាំងចម្ងាយ៣៥០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានី វីយែន នេះ នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា «Fugging» ចាប់ពីខែមករាឆ្នាំ២០២១ តទៅ។ 
 
ភ្ញៀវទេសចរដែលនិយាយភាសាអង់គ្លេសកាន់តែច្រើន បានធ្វើដំណើរទៅកាន់ភូមិនេះ ដើម្បីថតរូបនៅក្បែរស្លាកឈ្មោះភូមិ «Fucking» នេះ ហើយបង្ហោះបែបចំអកលើបណ្ដាញសង្គម។ អ្នកខ្លះ ថែមទាំងលួចស្លាកឈ្មោះភូមិនេះទៀតផង ដែលក្រោយមកអាជ្ញាធរភូមិនេះ បានចាក់ស៊ីម៉ង់កាន់តែក្រាស់ដើម្បីបង្ការចោរលួច នៅពេលដាក់បង្គោលស្លាកឈ្មោះឡើងវិញ។ 
 
ទីបំផុត អ្នកភូមិភាគច្រើន បានរួមគ្នាសម្រេចថា ពួកគេឆ្អែតឆ្អន់នឹងការចំអកនេះហើយ។ «ខ្ញុំអាចបញ្ជាក់ថា ភូមិនេះត្រូវផ្លាស់ប្តូរឈ្មោះហើយ»។ អ្នកស្រី Andrea Holzner អភិបាលក្រុង Tarsdorf ដែលគ្រប់គ្រងភូមិនេះ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ មុននឹងបន្ថែមថា អ្នកស្រី អត់ចង់អ្វីច្រើនអំពីរឿងនេះទេ ហើយអ្នកស្រីក៏ធុញទ្រាន់នឹងការលេងសើចរបស់ពួកប្រព័ន្ធផ្សព្វផ្សាយផងដែរ។ 
 
សូមបញ្ជាក់ថា ភូមិអូទ្រីសមួយនេះ ចាប់ផ្ដើមមានមនុស្សរស់នៅតាំងពីឆ្នាំ១០៧០មកម្ល៉េះ តែអ្នកភូមិចាស់ទុំធ្លាប់លើកឡើងថា បុរសម្នាក់ឈ្មោហថា «Focko» គឺជាអ្នករកភូមិនេះឃើញ។ ទំនងជាយកឈ្មោះតាមបុរសដែលរកឃើញនេះ ផែនទីដែលមានអាយុកាលពីឆ្នាំ១៨២៥ បានប្រកបភូមិនេះថា«Fuking» ហើយក្លាយទៅជា «Fucking» នាពេលបច្ចុប្បន្ន៕
 
 
 
 
 
 

Tag:
 អូទ្រីស
  ភូមិ Fucking
  Fugging
© រក្សាសិទ្ធិដោយ thmeythmey.com