លោក ភេទ ចា យកគំនូរជីវចល«ថ្ងៃនេះសម្រាប់ថ្ងៃស្អែក» ទៅប្រកួតនៅជប៉ុន
ជាតិ
បទសម្ភាសន៍
សង្គមជាតិ
លោក ភេទ ចា យកគំនូរជីវចល«ថ្ងៃនេះសម្រាប់ថ្ងៃស្អែក» ទៅប្រកួតនៅជប៉ុន
28, Nov 2020 , 9:29 am        
រូបភាព
ភ្នំពេញ៖ លោក ភេទ ចា ដែលមានសមាជិកក្រុមចំនួន២នាក់ទៀត បានផលិតវីដេអូអប់រំបែបគំនូរអាជីវចលដែលមានចំណងជើងថា«ថ្ងៃនេះសម្រាប់ថ្ងៃសែ្អក»ដោយទទួលជ័យលាភីលេខ១ ក្នុងចំណោមក្រុមចំនួន២៣ក្រុមទៀត នៅក្នុងកម្មវិធីប្រកួតគំនូរអាជីវចលថ្នាក់ជាតិ២០២០ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន កាលពីចុងខែសីហា។ ក្រោយពីទទួលបានជ័យលាភីលេខ១នេះ ក្រុមរបស់លោក ភេទ ចា នឹងបន្តប្រកួតនៅប្រទេសជប៉ុន នាចុងខែវិច្ឆិកា។

 
សូមដានស្តាប់វីដេអូសម្ភាសរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ និងលោក ភេទ ចា តំណាងក្រុមជ័យលាភីលេខ១ក្នុងការប្រកួតគំនូរអាជីវចលថ្នាក់ជាតិ២០២០ដូចតទៅ៖ 
 
មុនឈានដល់ការប្រកួតគំនូរអាជីវចលថ្នាក់អន្តរជាតិលើកទី៧បាន ប្រទេសដែលចូលរួមនឹងរើសតំណាងក្រុមនីមួយៗនៃប្រទេសរបស់ខ្លួនទៅប្រកួតបន្តជាមួយនឹងក្រុមបណ្តាប្រទេសផ្សេងៗទៀត នៅឯប្រទេសដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតគំនូរអាជីវចលអន្តរជាតិ។ ប៉ុន្តែកម្មវិធីប្រកួតគំនូរអាជីវចលថ្នាក់អន្តរជាតិឆ្នាំនេះដែលប្រព្រឹត្តិទៅនៅចុងខែវិច្ឆិកានេះ គឺតំណាងក្រុមនីមួយៗមិនអាចទៅចូលរួមប្រកួតដោយផ្ទាល់ឡើយ គឺត្រូវរៀបចំតាមអនឡាញវិញ ដោយសារជំងឺកូវីដ-១៩រាតត្បាត។ 
 
លោក ភេទ ចា បានបញ្ជាក់ថា វីដេអូអប់រំបែបគំនូរអាជីវចល«ថ្ងៃនេះសម្រាប់ថ្ងៃស្អែក»ដែលក្រុមរបស់លោកទទួលបានជ័យលាភីលេខ១ ហើយនឹងយកទៅប្រកួតជាមួយនឹងក្រុមបណ្តាប្រទេសដទៃទៀត គឺបង្កប់អត្ថន័យអប់រំដែលចង់ណែនាំឲ្យពលរដ្ឋនាំគ្នាដាំដើមឈើ និងស្រឡាញ់បរិស្ថាន។ 
 
«យើងដឹងស្រាប់ហើយថាអាកាសធាតុនៅកម្ពុជាយើងគឺប្រែប្រួលខ្លាំងមែនទែន។ ទាំងនៅជុំវិញពិភពលោក។ អ៊ីចឹងហើយបានខ្ញុំបង្កើតគំនិតនេះឡើងនៅក្នុងវីដេអូរបស់យើងទៅ»។ នេះជាការលើកឡើងរបស់លោក ភេទ ចា ដែលបញ្ជាក់ថា កត្តាដែលនាំឲ្យក្រុមរបស់លោកទទួលបានជ័យលាភីឈានដល់ការប្រកួតគំនូរអាជីវចលថ្នាក់អន្តរជាតិទៀតនោះគឺ គំនិតច្នៃប្រឌិត រូបភាព សាច់រឿង និងមានប្រជាប្រិយភាព។
  
«ពេលខ្ញុំចូលរួមសិក្ខាសាលាអំពីកម្មវិធីដែលគេបានរៀបចំហ្នឹង លោកគ្រូជប៉ុនម្នាក់គាត់បាននិយាយថាពេលបង្កើតវីដេអូបែបគំនូរអាជីវចល គឺយើងត្រូវបង្កើតគំនិត ទេសភាព និងតួអង្គខ្មែរ។ អ៊ីចឹងយើងជាខ្មែរគឺត្រូវធ្វើវីដេអូទាក់ទងនឹងខ្មែរ»។ នេះជាការលើកឡើងរបស់លោក ភេទ ចា ដែលបញ្ជាក់ថាតាមរយៈវីដេអូអប់រំគំនូរអាជីវចល«ថ្ងៃនេះសម្រាប់ថ្ងៃស្អែក»ជិត៥នាទីនេះ លោក ភេទ ចា សង្ឃឹមថានឹងអាចយកឈ្នះលើការប្រកួតគំនូរអាជីវចលថ្នាក់អន្តរជាតិនៅចុងខែវិច្ឆិកានេះ៕
 
វីដេអូដែលយក
1. នាទីទី០:០៣ ទៅ ០:១១ 
2. នាទីទី០:១៧ ទៅ ៤:១១
3. នាទីទី៥:៣៧ទៅ ៨:០៤
4. នាទីទី៤:១២ ទៅ៥:១១


 

Tag:
 គំនូរអាជីវចល
© រក្សាសិទ្ធិដោយ thmeythmey.com