តំណាងរាស្រ្តបក្សប្រឆាំងតៃវ៉ាន់ ចោលគ្រឿងក្នុងជ្រូកពេញសភា ដើម្បីប្រឆាំងការនាំចូលសាច់ជ្រូកពីអាមេរិក
សង្គមអន្តរជាតិ​
អន្តរជាតិ
តំណាងរាស្រ្តបក្សប្រឆាំងតៃវ៉ាន់ ចោលគ្រឿងក្នុងជ្រូកពេញសភា ដើម្បីប្រឆាំងការនាំចូលសាច់ជ្រូកពីអាមេរិក
27, Nov 2020 , 5:09 pm        
រូបភាព
តំណាងរាស្រ្តមកពីបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមីនតាង (KMT) បានបោះចោលគ្រឿងក្នុងជ្រូក និងវាយតបជាមួយតំណាងរាស្ត្រតៃវ៉ាន់ផ្សេងទៀតក្នុងសភា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដើម្បីតវ៉ាការអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកពីអាមេរិកដែលផ្ទុកថ្នាំ ractopamine ។

 
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានប្រកាសកាលពីខែសីហាថា ចាប់ពីថ្ងៃទី ១ ខែមករាតទៅ រដ្ឋាភិបាលអ្នកស្រី នឹងអនុញ្ញាតការនាំចូលសាច់ជ្រូកអាមេរិកដែលមានផ្ទុកថ្នាំម្យ៉ាងឈ្មោះថា ractopamine ។ ថ្នាំនេះ ជាថ្នាំជំនួយដល់ការលូតលាស់របស់ជ្រូក ហើយមានសាច់ធ្ងន់ល្អ តែអាចនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលទទួលទានសាច់។ សម្រាប់ជ្រូកដែលចិញ្ចឹមលាយជាមួយថ្នាំជំនួយប្រភេទ ractopamine សាច់វាត្រូវហាមឃាត់នាំចូលក្នុងតំបន់អឺរ៉ុប រុស្ស៊ី និងចិន។ 
 
ក្នុងសម័យប្រជុំសភាថ្មីបានចាប់ផ្ដើមក្នុងពាក់កណ្ដាលខែកញ្ញាមក បក្ស គួមីនតាង (KMT) បានតវ៉ាប្រឆាំងការសម្រេចចិត្តនាំចូលសាច់ជ្រូកពីអាមេរិក។ សមាជិកសភាបក្សនេះ បានរារាំងនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang ពីការថ្លែងរបាយការណ៍ជាប្រចាំ ក៏ដូចជារារាំងលោកកុំឲ្យឆ្លើយសំណួរតាមរយៈចូលអុកឡុកវេទិកានិយាយរបស់លោក។  
 
ធុញទ្រាន់នឹងការអុកឡុកនេះ បក្សកាន់អំណាចតៃវ៉ាន់ បក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានសម្រេចថា ពួកគេនឹងធ្វើយ៉ាងធានាថាលោកនាយករដ្ឋមន្ត្រី Su អាចនិយាយបាននៅថ្ងៃទី២៧ ខែវិច្ឆិកា។ ពួកគេបានដាក់បារ៉ាស់ការពារជុំវិញលោក ខណៈលោកដើរទៅកាន់ទីតាំងនិយាយ ។ នៅពេលជាមួយគ្នានេះ ក្រុមតំណាងរាស្រ្តបក្ស គួមីនតាង បានផ្លុំកញ្ចែ និងលើកបដា ដើម្បីរំខានលោក។
 
ខណៈលោក Su ចាប់ផ្ដើមនិយាយ តំណាសរាស្រ្តបក្ស គួមីនតាង បានចោលគ្រឿងក្នុងជ្រូកជាច្រើនធុងតម្រង់ទៅកន្លែងលោកកំពុងនិយាយ ហើយខ្លះទៀតលើកដៃវាយលើតំណាសរាស្ត្របក្សផ្សេងទៀតផងដែរ។ ភ្លាមៗនោះ នាយករដ្ឋមន្ត្រី Su បានដកថយ តែក្រោយមកព្យាយាមឡើងទៅវិញ ហើយព្យាយាមឆ្លើយសំណួរផងដែរ។ យ៉ាងណាមិញ សំឡេងលោក ឮមិនឈ្នះសំឡេងក្រុមបក្សប្រឆាំងតៃវ៉ាន់ឡើយ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បក្សកាន់តំណាចតៃវ៉ាន់ បានថ្កោលទោសទង្វើនេះ ដោយបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបោះចោលគ្រឿងក្នុងជ្រូក ជាការខ្ជះខ្ជាយស្បៀងអាហារ និងគួរឲ្យខ្ពើម ព្រោះជះក្លិនអាក្រក់ក្នុងសភា។ បក្សកាន់អំណាច ក៏បានស្នើឲ្យត្រលប់ចូលតុប្រជុំសភាវិញ ដើម្បីកុំឲ្យអូសបន្លាយរឿងនេះយូរតទៅទៀត។  
 
ក៏ប៉ុន្តែ ខាងបក្ស គួមីនតាង  អះអាងថា ការសម្រេចចិត្តនាំចូលសាច់ជ្រូកពីអាមេរិកនេះ ធ្វើឡើងដោយប្រញាប់ប្រញាល់ពេក ហើយពួកគេយល់ឃើញថា វាត្រូវការពេលវេលាច្រើនទៀតដើម្បីពិភាក្សា ដ្បិតនេះជាការគំរាមកំហែងដល់សុខភាពមនុស្ស៕ 
 

Tag:
 តៃវ៉ាន់
  សហរដ្ឋអាមេរិក
  នាំចូលសាច់ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com