ជាតិ
កសិករម្នាក់នៅក្រុងសែនមនោរម្យ ទទួលបានផលខ្ពស់លើដំណាំស្ពៃបូកគោ និងស្ពៃក្តោប
28, Nov 2020 , 12:33 pm        
រូបភាព
ដោយ:
កសិករ ពូ សេង ជាអ្នកដាំបន្លែប្រភេទស្ពៃមាន ស្ពៃបូកគោ ស្ពៃក្ដោប ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ស្ពៃជាបន្លែដែលមានរយៈពេលខ្លី ស្រួលដាំ ងាយថែទាំ មានទីផ្សារ និងមានការគាំទ្រពីកម្មវិធីអាស្ប៉ាយ ទៀតនោះកសិកររូបនេះសម្រេចចិត្តដាំស្ពៃក្ដោប ស្ពៃបូកគោ លើផ្ទៃដីកន្លះហិកតា។



បើតាមកសិករ ពូ សេង ប្រាប់សារព័ត៌តាមThmeyThmey25 តាមទូរសព្ទ ស្ពៃដាំត្រឹម ៣ ខែប៉ុណ្ណោះទទួលបានផល ម្យ៉ាងមិនមានការព្រួយបារម្ភចំពោះទីផ្សារនោះទេ ព្រោះបានធ្វើកិច្ចសន្យាទិញ-លក់ ជាមួយអាស្ប៉ាយរួចហើយ។ លោកប្រាប់ថា៖«អត់ភ័យលើតម្លៃនោះទេ ព្រោះបានធ្វើកិច្ចសន្យារួចហើយជាមួយអាស្ប៉ាយ ដល់ពេលប្រមូលផលគេមកទិញដល់កន្លែង ហើយតម្លៃក៏បានព្រមព្រៀងគ្នារួចដែរ»។ សម្រាប់តម្លៃស្ពៃក្ដោប និងស្ពៃបូកគោ ក្នុងកិច្ចសន្យាមិនខុសគ្នានោះទេ ក្នុងមួយគីឡូមានតម្លៃ ៥,៥០០រៀល។

ដោយមានការណែនាំពីគម្រោងអាស្ប៉ាយ ការដាំបន្លែរបស់កសិករមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបធ្វើឲ្យទិន្នផលស្ពៃបានខ្ពស់។ នៅលើផ្ទៃដីត្រឹមកន្លះហិកតា គាត់ទទួលបានស្ពៃប្រមាណ ២ ០០០គុម្ព ទាំងស្ពៃបូកគោ រួមជាមួយស្ពៃក្ដោប ដោយក្នុងមួយគុម្ពមានទម្ងន់ប្រមាណ ០,៥-០,៨គីឡូក្រាម។


បើតាមការបញ្ជាក់របស់កសិករ ពូ សេង កន្លះខែទៀតបន្លែរបស់លោកនឹងប្រមូលផល ដើម្បីនាំមកកាន់ទីផ្សារនៅភ្នំពេញ។ ហើយលោកសប្បាយចិត្ត ដ្បិតនេះជាលើកដំបូងដែលសហការជាមួយគម្រោងអាស្ប៉ាយ តែមិនបាច់ព្រួយបារម្ភពេលប្រមូលផលបែរគ្មានទីផ្សារ។

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាកម្មវិធីថ្នាក់ជាតិមួយដែលកំពុងតែចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយ AKP លោក មាស ពិសិដ្ឋ នាយកកម្មវិធីអាស្ប៉ាយ មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បង្កើនសមត្ថភាពកសិករឲ្យមានភាពកាន់តែធន់ទ្រាំជាមួយនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរៀបចំឲ្យមានគំរូសេវាកម្មកសិកម្មដ៏មានប្រសិទ្ធភាពក្នុងការគាំទ្រកសិករ៕



© រក្សាសិទ្ធិដោយ thmeythmey.com