កសិករ សេង ថន នៅស្រុកសំឡូត បានចំណូលពីចេកណាំវ៉ា ប្រមាណ៣លានរៀលក្នុងមួយរដូវ
ជាតិ
សង្គមជាតិ
កសិករ សេង ថន នៅស្រុកសំឡូត បានចំណូលពីចេកណាំវ៉ា ប្រមាណ៣លានរៀលក្នុងមួយរដូវ
28, Nov 2020 , 10:29 pm        
រូបភាព
លោក សេង ថន ជាកសិករដាំចេកណាំវ៉ា នៅភូមិក្រសាំង ឃុំអូរទទឹង ស្រុកសំឡូត ខេត្តបាត់ដំបង។ មានវ័យ ៦១ឆ្នាំកសិកររូបនេះ បានជ្រើសការដាំចេកណាំវ៉ារយៈពេល ៥ឆ្នាំមកហើយលើផ្ទៃដី ៣ហិកតា ដោយជាមធ្យមអាចទទួលបានចំណូល ៣លានរៀលក្នុងមួយរដូវ។ កសិករ សេង ថន ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា៖ «ទីផ្សារចេកណាំវ៉ាឆ្នាំនេះ អាចលក់បាន ១ ០០០-១ ៥០០រៀលក្នុងមួយស្និត ខណៈឆ្នាំ២០១៩ លក់បានត្រឹមតម្លៃ ៦០០រៀលក្នុងមួយស្និត»។

 
ក្រៅពីដំណាំចេកណាំវ៉ាលោក សេង ថន ក៏មានដាំដំណាំផ្សេងដូចជាដំណាំស្វាយ និងមៀនប៉ៃលិនជាដើម ប៉ុន្តែលោកផ្ដោតសំខាន់លើដំណាំចេកណាំវ៉ា ដោយសារងាយស្រួលមើលថែនិងងាយលក់។ បើតាមកសិករវ័យចំណាស់រូបនេះ អ្នកខ្លះដាំបានមួយឆ្នាំឬពីរឆ្នាំក៏បោះបង់ការដាំចេកនេះចោល ដោយសារខ្វះលក្ខណៈបច្ចេកទេស ការមើលថែ និងខ្វះការអត់ធន់ក្នុងដំណាំចេក។ កសិករ សេង ថន ប្រាប់យ៉ាងដូច្នេះថា៖ «រដូវប្រមូលផលចេកមាន ៣០-៤០ថ្ងៃ ប្រមូលម្ដងបាន១លានរៀល ហើយមួយរដូវប្រមូល៣ដង សរុបជាទឹកប្រាក់ចំនួន ៣លានរៀលក្នុងមួយរដូវ»។
 
ដ្បិតមានវ័យចំណាស់ក៏ពិតមែនតែលោក សេង ថន មិនបោះបង់ការងារជាកសិករនោះទេ និងមិនចង់ទុកពេលទំនេរ។ កសិករ សេង ថន ប្រាប់ ThmeyThmey25 ថា ចេកងាយស្រួលដាំ និងមិនសូវហត់ក្នុងការមើលថែ ព្រោះមិនចង់ទំនេរចេះតែធ្វើឲ្យទៅដូចហាត់ប្រាណផង។ លោក សេង ថន បង្ហាញអារម្មណ៍សប្បាយចិត្តបើសិនចេកណាំវ៉ាលក់បានតម្លៃដូចឆ្នាំនេះ ៖«ចេកឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុនហើយស្រួលលក់ រកតែចេកលក់មិនទាន់ផង»។ 
 
ទោះបីមានការរអ៊ូរទាំពីកសិករដែលដាំចេកមុនៗតែដំណាំចេកសម្រាប់លោក សេង ថន ផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់លោក។ កសិកររូបនេះនិយាយថា៖«ការដាំចេកមិនធ្វើឲ្យមានទេ តែសម្រាប់ធ្វើឲ្យខ្ញុំរស់នៅដោយស្រួល»៕




 លោកអ៊ុំ សេង ថន អ្នកដាំចេកណាំវ៉ានៅខេត្តបាត់ដំបង រូបភាពពីអ្នកនាង នុត ចន្នី

Tag:
 កសិកម្ម
 ចេកណាំវ៉ា
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com