សុខភាព
​ពិបាក​មាន​ផ្ទៃពោះកុំ​បន្ទោស​ពូជ គួរ​បន្ទោស​រឿង​ទាំងនេះ​វិញ​
29, Nov 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ទំនងជា​ដឹង​ហើយ​ថា អ្វី​ទៅ​ដែល​ជួយ​ជំរុញ​ដល់​ការ​ឆាប់​មាន​ផ្ទៃពោះ មាន​ដូច​ជា ការ​រួម​ភេទ​ក្នុង​ពេល​ងាយ​មាន​ផ្ទៃពោះ (Fertile Days) ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ សម្រក​ទម្ងន់ ឈប់​ជក់បារី និង​គ្រឿ​ស្រវឹង និង​ហាត់ប្រាណ ប៉ុន្តែ​ដល់​ពេល​ធ្វើ​រឿង​ទាំង​អស់នេះ​ហើយ នៅ​តែ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទៀត​។ នេះ​ប្រហែលជា​អ្នក​មិន​បាន​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​ដើម្បី​មាន​ផ្ទៃពោះ​ហើយ​។ តើ​រឿង​ទាំង​អស់នោះ​មាន​អ្វី​ខ្លះទៅ?

 
កង្វះ​អនាម័យ​មាត់​ធ្មេញ
សមត្ថភាព​នៃ​ការ​បន្ត​ពូជ​របស់​អ្នក​អាច​នឹង​រង​ឥទ្ធិពល​ខ្លាំង​តាម​រយៈ​ការ​មាន​អនាម័យ​មាត់​ធ្មេញ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ស្វែងរក​ការ​ព្យាបាល​ដើម្បី​មានកូន ច្រើន​តែ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ឈាម​អញ្ចាញធ្មេញ និង​ការ​រលាក​អញ្ចាញធ្មេញ​។ ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែ​មាន​គម្រោង​មាន​ផ្ទៃពោះ ចូរ​ប្រាកដ​ថា អ្នក​បាន​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​រូស​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ទៅ​ជួប​ពេទ្យធ្មេញ​ជា​ទៀងទាត់​ផង​។
 
ការ​ប្រើប្រាស់​ទឹករំអិល​បន្ថែម​ក្នុង​ពេល​រួម​ភេទ
ការ​ធ្វើ​បែប​នេះ​ប្រហែលជា​អាច​ជួយ​ដល់​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​កាន់តែ​ងាយស្រួល ព្រមទាំង​បន្ថែម​គ្រឿងផ្សំ​ដល់​ជីវិត​ផ្លូវភេទ​អ្នក​ថែម​ទៀត​ផង​។ យ៉ាងណាមិញ ទឹករំអិល​មួយ​ចំនួន​ក៏​អាច​សម្លាប់​មេជី​វិត​ឈ្មោល​បាន​ដែរ​។ ដូច្នេះ បើសិនជា​អ្នកមាន​បញ្ហា​មិន​អាច​មានកូន​បាន ហើយ​មាន​អារម្មណ៍​ថា​ស្ងួត​នៅ​តំបន់​ខាងក្រោម ចូរ​ជ្រើសរើស​ទឹករំអិល​ដែល​មិន​សម្លាប់​មេជី​វិត​ឈ្មោល និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​។
 
កង្វះ​វីតាមីន Folic Acid
ស្ត្រី​ភាគច្រើន​មិន​បាន​សិក្សា​ដឹង​អំពី​រឿង​នេះ​ឡើយ​រហូត​ដល់​ហួសពេល​។ វីតាមីន​មួយ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​រាង​កាយ​ផលិត​គ្រាប់​ឈាមក្រហម និង​ការ​លូតលាស់​របស់​ទារក​។ ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ប្រភេទ Folic Acid នេះ​ខណៈ​ពេល​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ​អាច​ជួយ​អ្នក​បាន​។
 
ពន្លឺ​សិប្បនិមិត្ត
តើ​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​អេ​ឡិច​ត្រូ​នី​ច មើល​ទូរស័ព្ទ​ឆ្លាត​វៃ ឬ​ប្រើប្រាស់​ថា​ប្លេ​ត​នៅ​ពេល​គេង​ដែរ​ទេ? នោះ​ហើយ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​បន្ទោស​ក្នុង​ពេល​មិន​អាច​មានកូន​បាន​។ តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Fertility and Sterility បាន​ឲ្យ​ដឹង​ថា ការ​ប៉ះពាល់​ពន្លឺ​សិប្បនិមិត្ត​ច្រើន​នៅ​ពេល​យប់​អាច​ផ្តល់​គ្រោះថ្នាក់​ទាំង​លទ្ធភាព​មានកូន និង​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​បើសិនជា​មាន​ផ្ទៃពោះ​រួច​។ ការ​ប៉ះពាល់​នឹង​ពន្លឺ​នេះ​ច្រើន នឹង​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន Melatonin ដែល​ជួយ​ជំរុញ​ដល់​ភាព​ងងុយគេង​ផង និង​មិន​ឲ្យ​មេជី​វិត​ញី​ងាយ​ងាប់​ផង​។
 
សុខភាព​ក្រពេញ​អូ​វ៉ែ
កាលណា​អាយុ​កាន់តែ​ច្រើន ចំនួន​មេជី​វិត​ញី​ក្នុង​ក្រពេញ​អូ​វ៉ែ​នឹង​ចាប់ផ្តើម​ថយ​ចុះ​។ បើសិនជា​អ្នកមាន​បញ្ហា​សុខភាព​ដូច​ជា ដុំ​ប៉ូ​លី​ព ឬ​ដុំ​សាច់​ក្នុង​ស្បូន វា​ក៏​អាច​ធ្វើ​ឲ្យ​ពិបាក​មាន​ផ្ទៃពោះ​ដែរ​។ ក្រៅពី​នេះ ចំពោះ​ករណី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​មិន​បាន​ល្អ ឬ​កង្វះ​អ័រម៉ូន​នេះ​វិញ ការ​ជ្រុះ​អូ​វ៉ុល​ក៏​រង​ការ​ប៉ះពាល់​ដែរ​។
 
ការ​ប្រើប្រាស់​ថ្នាំ
ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត និង​ថ្នាំ​រំងាប់​អារម្មណ៍ កាលណា​ប្រើប្រាស់​វា​ជា​ទៀងទាត់ ធ្វើ​ឲ្យ​បញ្ចេញ​អ័រម៉ូន Prolactin ដែល​ប៉ះពាល់​ដល់​ការ​ជ្រុះ​អូ​វ៉ុល​។ ដូច្នេះ​បើសិនជា​អ្នក​កំពុង​តែ​រៀប​គម្រោង​មានកូន​មែន ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ច្បាស់​ថា ថ្នាំ​ដែល​អ្នក​កំពុង​តែ​ប្រើ​នោះ មិន​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មានកូន​របស់​អ្នក​ទេ​។
 
ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព
ជីវជាតិ​ដែល​អ្នក​ត្រូវការ​បំផុត​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការ​មានកូន​មាន​ដូច​ជា ស័​ង្គ​សី ហ្វូ​លិ​ក​អាស៊ីត វីតាមីន B6 និង D ជាមួយ​គ្នា​នឹង​ជាតិ​ខ្លាញ់​ល្អ​ៗ Monounsaturated Fats ព្រមទាំង​ម៉ៃ​ក្រូ និង​ម៉ា​ក្រូ​ជីវជាតិ​ផ្សេង​ៗ​ទៀត​។ ប៉ុន្តែ ការ​ញ៉ាំ​ភី​ហ្សា ឬ​បឺ​ហ្គ័​រ ទំនងជា​រឿង​មួយ​មិនល្អ​ឡើយ ព្រោះ​វា​អាច​រំខាន​ដល់​មុខងារ​អ័រម៉ូន​បន្ត​ពូជ​បាន​។
 
ញ៉ាំ​កូ​ឡេ​ស្តេ​រ៉ុល​ច្រើន​ពេក
ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Endocrinology and Metabolism បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ច្រើន​តែ​ពិបាក​មាន​ផ្ទៃពោះ​ណាស់​។ ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​ដៃគូ​ទាំង​សងខាង​មាន​បញ្ហា​នេះ​ដូច​គ្នា ត្រូវ​តែ​មានការ​ព្យាបាល​ត្រឹមត្រូវ​សិន​ទើប​អាច​ជួយ​ដល់​ការ​មាន​ផ្ទៃពោះ​ពួក​គេ​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com