រដ្ឋាភិបាលហុងគ្រី ផ្ដល់អាហារូបករណ៍១៥កន្លែងឲ្យនិស្សិតកម្ពុជា
ជាតិ
សង្គមជាតិ
រដ្ឋាភិបាលហុងគ្រី ផ្ដល់អាហារូបករណ៍១៥កន្លែងឲ្យនិស្សិតកម្ពុជា
29, Nov 2020 , 8:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសហុងគ្រីនឹងផ្ដល់អាហារូបករណ៍ ១៥កន្លែង ដល់និស្សិតកម្ពុជាដែលមានបំណងចង់បំពេញការសិក្សាថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍រយៈពេលខ្លី ដែលភាគច្រើនផ្ដោតលើជំនាញ កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្រ្តធម្មជាតិ។



ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងថា ការផ្ដល់អាហាររូបករណ៍របស់ហុងគ្រីនេះ គឺធ្វើឡើងតាមកម្មវីធី Stipendium Hungaricum Programme សម្រាប់និស្សិតកម្ពុជាបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រីចាប់ពីខែកញ្ញា ឆ្នាំ២០២១ទៅ។ អាហារូបករណ៍នេះ គឺភាគីហុងគ្រីនឹង ធានារ៉ាប់រងថ្លៃសិក្សា ផ្ដល់ប្រាក់ផ្គត់ផ្គង់ការរស់នៅ ផ្ដល់កន្លែងស្នាក់នៅ ធានារ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។ 
 
ប្រភេទអាហារូបករណ៍រួមមាន ថ្នាក់បណ្ឌិត២កន្លែង សម្រាប់ជំនាញភាសាហុងគ្រី និងអង់គ្លេស។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥កន្លែង លើមុខជំនាញកសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្ត្រធម្មជាតិ។ រីឯ ថ្នាក់បរិញ្ញាបត្រ៥កន្លែង លើមុខជំនាញកសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រធម្មជាតិ។ ក្រៅពីនេះ គឺរយៈពេល២០ខែ សម្រាប់បណ្ដុះបណ្ដលជំនាញដល់និស្សិតមានសញ្ញាបត្រឯកទេស និងអាហារូបករណ៍សម្រាប់សិក្សារៀនជំនាញណាមួយក៏បានរហូតដល់បញ្ចប់ការសិក្សា។ 
 
សម្រាប់អ្នកមានបំណងចង់បានអាហារូបករណ៍នេះ អាចដាក់ពាក្យតាមអនឡាញ ឲ្យបានមុខថ្ងៃទី១៥មករា ឆ្នាំ២០២១។ ជាមួយគ្នាដែរ បេក្ខជនក៏ត្រូវចុះឈ្មោះនៅការិយាល័យអាហារូបករណ៍និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ផងដែរ។ បន្ទាប់ពីដាក់ពាក្យ នឹងមានការរៀបចំធ្វើការប្រឡងលើវិញ្ញាសាភាអង់គ្លេស និងវប្បធម៌ទូទៅ៕ 
 

Tag:
 អាហារូបករណ៍
  ហុងគ្រី
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com