COVID-19
ជាតិ
បិទ​ផ្សារ​អ៊ី​អន​១ បណ្ដោះអាសន្ន ក្រោយ​អ្នក​ផ្ទុក​កូ​វីដ​-១៩​ម្នាក់​បាន​ទៅ​ទីនោះ
28, Nov 2020 , 10:49 pm        
រូបភាព
 ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានសម្រេច​បិទ​ផ្សារ​អ៊ី​អន​១ បណ្តោះអាសន្ន ក្រោយ​អ្នក​ផ្ទុក​កូ​វីដ​-១៩​ម្នាក់ បាន​ទៅ​ទីនោះ​។ នេះ​បើតាម​សារ​សំឡេង​របស់ លោកស្រី យក់ សម្បត្តិ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួងសុខាភិបាល ដែល​ចែក​ផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។



​បើតាម​សារ​សំឡេង​ដដែល ស្ត្រី​ខ្មែរ​ដែលមាន​ផ្ទុក​កូ​វីដ​-១៩ នេះ​ពុំមាន​ប្រវត្តិ​ធ្វើដំណើរ​ចេញ​-​ចូល​ក្រៅប្រទេស​នោះទេ ហើយ​ក្នុង​រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយនេះ គឺ​គាត់​បានធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំពេញ​-​សៀមរាប​។ នៅ​ភ្នំពេញ លោកស្រី យ៉​ក់ សម្បត្តិ​បញ្ជាក់ថា អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ រូបនេះ បានធ្វើ​ដំណើរ​ទៅ​ផ្សារ​អ៊ី​អន​១ ។ 
 
​លោកស្រី យក់ សម្បត្តិ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ទៀតថា ក្រសួងសុខាភិបាល កំពុងតែ​ស្វះ​ស្វែងរក​អ្នក​ដែលមាន​ពាក់ព័ន្ធ​នឹង​ស្ត្រី​ដែល​ឆ្លង​កូ​វីដ​-១៩ ថ្មី​នេះ​។ ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏​គ្រោង​ស្នើសុំគោលការណ៍ ដើម្បី​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩ លើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្រសួងមហាផ្ទៃផងដែរ ដោយសារតែ​ស្វាមី ស្ត្រីដែលផ្ទុកកូវីដ-១៩ រូបនេះ បាន​ចូលរួម​កិច្ចប្រជុំ​មួយ នៅ​ក្រសួងមហាផ្ទៃ​។
 
​ទន្ទឹមនឹងនេះ លោកស្រី យ៉​ក់ សម្បត្តិ​ក៏​អំពាវនាវ ឲ្យ​អ្នក​ដែល​សង្ស័យថា​អាចមាន​ពាក់ព័ន្ធ​នឹង​ករណី​កូ​វីដ​-១៩ ថ្មី​នេះ​​ រួសរាន់ធ្វើតេស្តរកកូវីដ-១៩ និង​ចាប់​ផ្តើមធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com