COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ប្រកាសជាថ្មីឲ្យផ្អាករៀបអាពាហ៍ពិពាហ៍និងការជួបជុំពីរសប្តាហ៍ នៅភ្នំពេញនិងសៀមរាប
30, Nov 2020 , 2:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ ផ្អាករៀបអាពាហ៍ពិពាហ៍និងគ្រប់ការជួបជុំ ដែលមានមនុស្សច្រើនរយៈពេល២សប្តាហ៍សិន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ឬថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែសម្តេច បញ្ជាក់ថា ការផ្អាករៀបអាពាហ៍ពិពាហ៍និងការជួបជុំរយៈពេល២សប្តាហ៍នេះ គឺសម្រាប់តែនៅក្នុងរាជធានីភ្នំពេញនិងក្នុងខេត្តសៀមរាបប៉ុណ្ណោះ។




គេ បានឮការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី តាមរយៈសំឡេង ដែលផ្ញើជូនទៅថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សម្តេច ក៏បានយកសំឡេងរបស់ខ្លួន បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ប្រមុខរដ្ឋាភិបាល ប្រាប់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដូច្នេះថា៖«មេត្តាអនុវត្តបន្ទាន់ ចាប់ពីពេលទទួលបទបញ្ជានេះទៅ»។

សម្តេច ហ៊ុន សែន បានសុំឲ្យប្រជាជពលរដ្ឋ យោគយល់ចំពោះការស្នើឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍ម្តងទៀត។ មិនមែនតែការរៀបអាពាហ៍ពិពាហ៍និងការជួបជុំរបស់ប្រជាពលរដ្ឋទូទៅទេ សូម្បីតែកិច្ចប្រជុំនានារបស់មន្រ្តី ក៏សម្តេច ស្នើឲ្យផ្អាករយៈពេល២សប្តាហ៍សិនដែរ។ ប្រមុខរដ្ឋាភិបាល កំណត់ត្រឹម២០នាក់ឡើងទៅ ចាត់ទុកថា ជាការជួបជុំឬការប្រជុំដែលមានមនុស្សច្រើន។

សម្តេច មានប្រសាសន៍ថា បើកិច្ចប្រជុំណាចាំបាច់ ដែលត្រូវរៀបចំឡើងដោយខានមិនបាន គឺមិនត្រូវឲ្យលើសពី២០នាក់ឡើយ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា។ ទន្ទឹមនឹងនេះ សម្តេច ស្នើឲ្យប្រជាពលរដ្ឋ កុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់។

បើតាមសម្តេច ហ៊ុន សែន ការស្នើឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍និងការជួបជុំក្នុងរាជធានីភ្នំពេញនិងក្នុងខេត្តសៀមរាប គឺបន្ទាប់ពីទទួលបានសំណូមពរពីក្រសួងសុខាភិបាល និងទទួលបានមតិយោបល់ពីអង្គការសុខភាពពិភពលោក។

កម្ពុជា ត្រូវចាត់វិធានការតឹងរឹងឡើងវិញ ក្រោយមានព្រឹត្តិការ៍សហគមន៍២៨វិច្ឆិកា ដែលសំដៅលើការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើស្រ្តីម្នាក់ជាភរិយារបស់មន្រ្តីខ្ពស់នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃជាស្វាមី និងសមាជិកមួយចំនួនក្នុងគ្រួសារពួកគេ រួមទាំងអ្នកផ្សេងទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ។ ប្រមុខរដ្ឋភិបាល ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា។

គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សជាង២,២ពាន់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៣នាក់ ដោយក្នុងនោះ បានជាសះស្បើយវិញ៣០១នាក់៕

Tag:
 COVID-19
  ផ្អាករៀបអាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com