កីឡាអន្តរជាតិ
អន្តរជាតិ
Tyson ប្តេជ្ញា​សង្គ្រោះ​មនុស្ស​តាមរយៈ​ប្រដាល់ ក្រោយ​ស្មើ Jones ក្នុងការ​ប្រកួត​សប្បុរសធម៌​
30, Nov 2020 , 3:21 pm        
រូបភាព
Mike Tyson និង Roy Jones Jr. ស្មើគ្នា ក្នុងការ​ប្រកួត​សប្បុរសធម៌ នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក នា​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Tyson អះអាងថា​នឹង បង្ហាញខ្លួន​លើស​ង្វៀន​ប្រដាល់​បន្តបន្ទាប់​ទៀត​ក្នុង​បុព្វហេតុ​មនុស្សធម៌ ក្រោយ​ការវិលត្រឡប់​នេះ​។​


Tyson វ័យ​៥៤​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង ក្រោយ​អវត្តមាន​លើស​ង្វៀន​ប្រដាល់​រយៈពេល ១៥ ឆ្នាំ ដោយ​ត្រូវ​តតាំង​ជាមួយ​អតីត​កំពូល​អ្នក​ប្រដាល់​អាមេរិក​ដូចគ្នា Roy Jones ដែលមាន​វ័យ ៥១ ឆ្នាំ​។​
 
​ជំនួប​រវាង​កីឡាករ​ដែល​បូក​អាយុ​ចូលគ្នា​ស្មើ​១០៥​ឆ្នាំ​ទាំងពីរ​នេះ ធ្វើឡើង​ក្នុង​ចំនួន​៨​ទឹក និង​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​មិនមាន​ការបង់ប្រាក់​ឡើយ​។ យ៉ាងណា ការប្រកួត​បែប​កម្សាន្ត​នេះ អាច​ទទួលបាន​ប្រាក់​មួយចំនួន​សម្រាប់​ក​ម្ម​វិធី​សប្បុរសធម៌​។​


 
​ក្រោយ​ការប្រកួត​៨​ទឹក​ពេញ អាជ្ញាកណ្តាល​បាន​ឲ្យ Tyson និង Jones ស្មើគ្នា តាមរយៈ​ការដាក់​ពិន្ទុ​ពី​ចៅក្រម​៤​រូប​។ ចំណោម​ចៅក្រម​៤​រូប ក្នុងនោះ​មាន​មួយរូប​ជា​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បី​របស់​អាមេរិក Snoop Dogg ផងដែរ​។ Snoop Dogg បាន​រៀបរាប់​ពី​សកម្មភាព​ប្រកួត​ថា​៖ «​ដូច​មើល​ឪពុកមា​របស់ខ្ញុំ​ពីរ​នាក់​កំពុង​ប្រយុទ្ធ​គ្នា​ដើម្បី​ដើម្បី​ដណ្តើម​សាច់​អាំង​»​។​
 
​ក្រោយ​ចប់​ការប្រកួត​នេះ Tyson ម្ចាស់​ខ្សែក្រវាត់​ពិភពលោក WBA, WBC និង IBF បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រូបគេ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ដើម្បី​ឡើង​សង្វៀន​ជា​បន្តបន្ទាប់​ទៀត​ក្នុង​លក្ខណ​មិន​អាជីព​ក្នុង​គោលបំណង​ជួយ និង​សង្គ្រោះ​មនុស្ស​។​លោក​ថា​៖ «​នេះ​ជំនួប​ធំ​ជាង​ការប្រកួត​ជើងឯក​។ យើង​ធ្វើ​គ្រាប់​យ៉ាង​ដើម្បី​មនុស្សធម៌ យើង​កំពុង​ជួយ​ប្រជាជន​។ ខ្ញុំ​រីករាយ ហើយ​ខ្ញុំ​នឹង​បន្ត​ទៅមុខទៀត និង​ធ្វើ​អ្វីៗ​ជាច្រើន​ទៀត​ក្នុង​បុព្វហេតុ​សប្បុរសធម៌​»​។​
  
Mike Tyson មាន​ប្រវត្តិ​ប្រកួត​កម្រិត​អាជីព​ចំនួន​៥៨​ដង ក្នុងនោះ​ឈ្នះ​៥០​ដង ចាញ់​៦ និង​មិនមាន​ការប្រកាស​លទ្ធផល​ផ្លូវការ​២​លើក​។​
 
​ចំណែក​ដៃគូ Tyson ដែលជា​មិត្ត​រួម​ជាតិ​អាមេរិក Roy Jones អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៤​ស្ថាប័ន​ផ្សេងគ្នា មាន​ប្រវត្តិ​ប្រកួត​៧៥​ដង ឈ្នះ​៦៦​ដង ចាញ់​៩​ដង ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៤៧​លើក ធ្លាប់​ដណ្តើមបាន​ខ្សែក្រវាត់​ពិភពលោក​លើ​ប្រភេទ​ទម្ងន់ Middleweight, Super-Middleweight, Light-Heavyweight និង Heavyweight អំឡុងពេល​ប្រកប​អាជីព​ប្រដាល់​នេះ​រយៈពេល​៣០​ឆ្នាំ​៕
 
 

Tag:
 Mike Tyson
  Roy Jones Jr.
  សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com