និស្សិតបរទេស៦៣នាក់ បានជាន់ដីអូស្ត្រាលីជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានបិទព្រំដែនខ្លួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងខែមីនាមក។ ពួកគេធ្វើដំណើរតាមរយៈជើងហោះហើរមួយដែលបានចុះចតក្នុងទីក្រុង Darwin នៅថ្ងៃទី៣០ ខែវិច្ឆិកា។
យន្តហោះមួយគ្រឿងរៀបចំដោយសកលវិទ្យាល័យ Charles Darwin (CDU) ដែលដឹកនិស្សិតអន្តរជាតិ ៦៣នាក់ បានទៅដល់ក្នុងទីក្រុង Darwin ភាគខាងជើងនៃប្រទេសអូស្ត្រាលី។ ការដឹកនិស្សិតបរទេសនេះ ជាផ្នែកមួយនៃកម្មវិធីសាកល្បងរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលដៅផ្ដល់សន្ទុះដល់ឧស្សាហកម្មឧត្តមសិក្សារបស់ខ្លួន។
និស្សិតបរទេសទាំង៦៣នោះ ដែលមកពីប្រទេសចិន ហុងកុង ជប៉ុន វៀតណាម និងឥណ្ឌូណេស៊ី បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីឡើងយន្តហោះរួមគ្នានៅទីនោះ។ ពួកគេនឹងចំណាយពេល១៤ថ្ងៃក្នុងមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាលអូស្ត្រាលី មុនអាចដើរហើរបាន។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចុះផ្សាយទីភ្នាក់ងារព័ត៌មាន AFP សកលវិទ្យាល័យ Charles Darwin (CDU) បានបញ្ជាក់ថា នេះជាជំហានដំបូងដ៏មានសារសំខាន់ក្នុងការស្តារឡើងវិញនូវវិស័យអប់រំអន្តរជាតិក្នុងប្រទេសអូស្ត្រាលី។
វិស័យអប់រំ ជាវិស័យដែលរកចំណូលច្រើនបំផុតមួយសម្រាប់ប្រទេសអូស្ត្រាលី។ ជាមួយនិស្សិតបរទេសជាង៥០ម៉ឺននាក់បានចុះឈ្មោះចូលរៀនកាលពីឆ្នាំមុន ពួកគេបាននាំយកលុយប្រមាណ២៧,៣ពាន់លានដុល្លារចូលសេដ្ឋកិច្ចអូស្ត្រាលី។
ក្រោយផ្ទុះឡើយកូវីដ-១៩ សកលវិទ្យាល័យអូស្ត្រាលី បានបាត់បង់ចំណូលមួយភាគធំ ខណៈវិធានការបិទព្រំដែនរបស់ប្រទេសនេះ បានរាំងខ្ទប់ការមកដល់របស់និស្សិតបរទេសដែលចាយលុយរាប់ពាន់លានដុល្លារក្នុងវិស័យអប់រំអូស្ត្រាលី។ តួយ៉ាង ក្រុមបញ្ចុះបញ្ចូល (lobby) សកលវិទ្យាល័យអូស្ត្រាលី បានបញ្ជាក់ក្នុងខែមិថុនាថា វិស័យនេះ អាចបាត់បង់ចំណូលរហូតដល់ ១១ពាន់លានដុល្លារ ដោយសារវិធានការបិទព្រំដែន។
កន្លងទៅ ក៏ធ្លាប់មានសំណើដឹកនិស្សិតបរទេសពីសំណាក់សកលវិទ្យាល័យក្នុងទីក្រុង កង់បេរ៉ា និងទីក្រុង Adelaide ផងដែរ តែត្រូវលុបចោលវិញ ក្រោយរដ្ឋាភិបាលទទួលរងសម្ពាធដើម្បីទុកកន្លែងមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋអូស្ត្រាលីដែលជាប់គាំងនៅបរទេសជំនួសវិញ។
គោលនយោបាយដែលកំណត់ចំនួនអ្នកត្រលប់មកមាតុភូមិវិញ បានធ្វើឲ្យពលរដ្ឋអូស្ត្រាលីជាង ៣៥ ០០០នាក់ ជាប់គាំងនៅបរទេស បើទោះបីជារដ្ឋាភិបាលសន្យានាំយកពួកគេមកផ្ទះវិញត្រឹមបុណ្យ Christmas មុខក្ដី។ និស្សិតអន្តរជាតិជាច្រើន ក៏ជាប់ក្នុងប្រទេសអូស្ត្រាលីផងដែរ ហើយខ្លះពឹងលើមូលនិធិសម្រាប់ចែកស្បៀងអាហារបរិភោគ ក្រោយពួកគេត្រូវបានកាត់ចេញពីកញ្ចប់គាំទ្ររបស់រដ្ឋ៕