ជាតិ
​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​» បាន​បញ្ជ្រាប​ការ​ទុកដាក់​សំរាម និង​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ដល់​សាធារណៈជន
01, Dec 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ «​ភ្នំពេញ​ស្អាត​» ជា​យុទ្ធនា​ការអប់រំ​បរិស្ថាន​ស្អាត បញ្ហា​កាកសំណល់ និង​សោភ័ណភាព​ទីក្រុង​។ «​ស្អាត​គឺជា​ទម្លាប់​ថ្មី​» ជា​ពាក្យស្លោក​នៃ​យុទ្ធ​ការ​ភ្នំពេញ​ស្អាត​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​យុទ្ធនាការ​នេះ រៀបចំ​រយៈពេល​ពេញ​មួយខែ​វិច្ឆិកា តាមរយៈ​យន្តការ​នៃ​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ការអប់រំ​ស្ដីពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។



​ក្នុង​រយៈពេល​១​ខែ​កន្លងទៅនេះ  យុទ្ធនាការ​ភ្នំពេញ​ស្អាត បានរៀបចំ​កម្មវិធី​ជាច្រើន ដូចជា កម្មវិធី​ប្រកួត​សាលា​បរិស្ថាន​ស្អាត ការថត​-​វីដេអូ និង​ខ្សែភាពយន្ត​ភាគ​ខ្លីៗ ដែល​ចូលរួម​ពី សិល្បករ សិល្បការិនី បុគ្គល​ល្បីៗ សិស្ស​-​និស្សិត ជាច្រើនរូប ក្នុង​គោលបំណង​បញ្ជ្រាប​សារ​អប់រំ​អំពី​បរិស្ថាន​ដល់​សាធារណៈជន​ឱ្យ​កាន់​ច្រើន​។ 


 
​នៅក្នុង​ពិធី បិទ​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​ឆ្នាំ​២០២០» ដែល​រៀបចំ​នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា  លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត បាន​លើកឡើងថា យុទ្ធនាការ​ភ្នំពេញ​ស្អាត ជាការ​រួមចំណែក លើកកម្ពស់​អនាម័យ និង បរិស្ថាន​ស្អាត​។ ជាពិសេស​ជំរុញ​ដល់​ការយល់ដឹង ពី​ការ​ទុកដាក់​សំរាម និង​កាកសំណល់ ឱ្យបាន​ត្រឹមត្រូវ នៅតាម​ទីសាធារណៈ សាលារៀន និង ផ្ទះសម្បែង​។​


 
​បើតាម​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត លោក​ហ៊ុន ម៉ា​នី  ការចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ សិល្បករ សិល្បការិនី បុគ្គល​ល្បីៗ និង​សិស្ស​-​និស្សិត ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ សម្រាប់​បង្កើត​សំលេង​ដ៏​ធំ​មួយ ដើ​ម្ប​ចូលរួម​ផ្សព្វផ្សាយ​អំពី​បញ្ហា ចំណេះដឹង​ផ្នែក​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដល់​សាធារណៈជន​ឱ្យ​កាន់តែច្រើន​។ 
 
​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​បាន​បង្កើតឱ្យមាន​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​» ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមយុវជន​។ យុទ្ធនាការ​ឆ្នាំនេះ បាន​ប្រមូលផ្ដុំ​ទៅដោយ​ក្រុមយុវជន សិស្ស និស្សិត ស្ថាប័ន​ពាក់ព័ន្ធ សិល្បករ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម និង​ជា​គំរូ​ភាព​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​គិតគូរ រឿង​បញ្ហា​សំរាម​៕

Tag:
 យុទ្ធ​ការ​ភ្នំពេញ​ស្អាត​
  សំរាម​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com