ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ២ថ្ងៃនៃការប្រឡងឌីប្លូម បានបញ្ចប់ដោយរលូន
01, Dec 2020 , 5:51 pm        
រូបភាព
សកម្មភាពបេក្ខជនប្រឡង​ឌីប្លូម ​ស្ថិតក្នុងការប្រឡង​ឌីប្លូម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាពពីក្រសួងអប់រំ
សកម្មភាពបេក្ខជនប្រឡង​ឌីប្លូម ​ស្ថិតក្នុងការប្រឡង​ឌីប្លូម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាពពីក្រសួងអប់រំ
ដោយ:
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ដោយពុំមានហេតុការណ៍កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាម។



លោក រស់ សុវាចា បញ្ជាក់ថា បេក្ខជនប្រឡងឌីប្លូមឆ្នាំនេះ ដែលមានឈ្មោះនៅក្នុងបញ្ជីប្រឡង មានជាង១៥ម៉ឺន៨ពាន់នាក់ ដោយក្នុងនោះស្រី មានជាង៨ម៉ឺន៥ពាន់នាក់។ លោក បន្តថា ការប្រឡងរយៈពេល២ថ្ងៃនេះ គឺអវត្តមានសិស្សមួយចំនួន។ បើតាមអ្នកនាំពាក្យក្រសួងអប់រំ មណ្ឌលប្រឡងឌីប្លូមមានជាង១,៧ពាន់ ស្មើជាង៧,១ពាន់បន្ទប់។

អ្នកនាំពាក្យក្រសួងអប់រំ លើកឡើងថា ការប្រឡងឌីប្លូម នៅតាមគ្រឹះស្ថានសិក្សានៅ២៥ខេត្ត-រាជធានី ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តិទៅយ៉ាងរលូនតាមការគ្រោងទុក និងគោរពទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។

លោកថ្លែងដូច្នេះថា៖«ក្រសួងអប់រំ យល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាព សុខភាពបានយ៉ាងខ្ជាប់ខ្ជួន។ មេប្រយោគបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមទាំងគ្មានហេតុការណ៍ ឬប្រធានស័ក្តិអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ»។

ចំណែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ នឹងដំណើរការតាមការគ្រោងទុក៕

Tag:
 ប្រឡងឌីប្លូម២០២០
© រក្សាសិទ្ធិដោយ thmeythmey.com