COVID-19
ជាតិ
COVID-19៖ ៣ករណីទៀតនៅ​កម្ពុជាដែលនាំចូលពីជប៉ុន និង​ចិន
02, Dec 2020 , 8:46 am        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល បាន​ប្រកាសពីករណីវិជ្ជមាន​៣ទៀតនៅ​កម្ពុជា ដែលបុរសខ្មែរ២រូបទើបមកពីជប៉ុន និង​ស្ត្រីខ្មែរ១រូបទើបមកពីចិន។ ករណីនេះនាំឲ្យកម្ពុជា មានអ្នក​ឆ្លងសរុប​៣២៩នាក់ និងសះស្បើយ​៣០៤នាក់។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣នាក់នោះ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកដងទង់ ខេត្តកំពត។ បុរសជនជាតិខ្មែរទី២មានអាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅខេត្តកណ្តាល។ ចំណែកស្ត្រីជនជាតិខ្មែរ មានអាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន ហើយមកដល់កម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា។បុរសពីរនាក់ខាងលើបានធ្វើដំណើរមកពីប្រទេសជប៉ុន និងស្ត្រីម្នាក់ បានធ្វើដំណើរមកពីប្រទេសចិន ហើយមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកាដូចគ្នា។

ចំពោះអ្នករួមដំណើរជាមួយនឹងអ្នកផ្ទុកកូវីដ-១៩ទាំងបីនាក់នេះ ចំនួន២០៩នាក់ទៀត បានធ្វើតេស្តលើកដំបូង គឺអវិជ្ជមាន។ ប៉ុន្តែពួកគេត្រូវបន្តធ្វើចតា្តឡីស័កឲ្យគ្រប់ចំនួន១៤ថ្ងៃជាបន្តទៀត។ ពួកគេទាំងអស់នោះកំពុងតែធ្វើចត្តាឡីស័កនៅឯមណ្ឌលទ័ពអាកាសចំនួន៣៨នាក់  និងនៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញចំនួន១៧១នាក់។

គិតមកដល់ថ្ងៃទី២ ខែធ្នូនេះ ក្រសួងសុខាភិបាលបានរកឃើញ និងធ្វើតេស្តមនុស្សចំនួន៨,២១២នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ បើគិតជាចំនួនសំណាកក្រសួងបានធ្វើតេស្តបានចំនួន២,៩១៧សំណាក ដោយលទ្ធផលគឺអវិជ្ជមានកូវីដ-១៩ ក្នុងចំណោមសំណាកទាំងអស់ចំនួន៣,៩៩៨សំណាក។

ក្រសួងសុខាភិបាលបញ្ជាក់ថា ពួកគេទាំងអស់នោះនឹងបន្តធ្វើតេស្តចំនួន២លើកទៀត លើកទី២នៅថ្ងៃទី៨ ខែធ្នូ លើកទី៣ នៅថ្ងៃទី១២ ខែធ្នូ។

សូមបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៣២៩នាក់ ជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់ចំនួន២៥នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕



© រក្សាសិទ្ធិដោយ thmeythmey.com