COVID-19
ជាតិ
មនុស្ស២នាក់ទៀតពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានកូវីដ-១៩
03, Dec 2020 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្សពីរនាក់ទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មាន​លទ្ធផល​វិជ្ជមាន ដែលធ្វើ​ឲ្យចំនួន​ឡើង​ដល់១៩នាក់​ក្នុងចំណោម៨៧៦៦នាក់ដែលបានធ្វើតេស្ត។



យោងតាម​ក្រសួងសុខាភិបាល អ្នកជំងឺទាំងពីរនាក់ ជាស្ត្រីបងប្អូន​បង្កើត​ដែលមានអាយុ២៣​ឆ្នាំ និង​២១​ឆ្នាំ។ ពួក​គាត់មានអាសយដ្ឋាន​នៅ​សង្កាត់វាលស្រូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីជាបង គឺជាភរិយា​របស់អនុប្រធាននាយកដ្ឋានពន្ធនាគារ រីឯប្អូនស្រី ជាបុគ្គលិក​ធនាគារ​កាធេយូណាយធីតនៅផ្លូវសម្តេចប៉ាន។ សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យ​ក្រសួងសុខាភិបាលផ្អាក​ដំណើរ​ការបណ្តោះអាសន្ន​ធនាគារកាធេរយៈពេល​១៤ថ្ងៃផងដែរ។

គិត​ត្រឹម​ថ្ងៃទី២ ខែធ្នូ វត្ថុសំណាកមនុស្ស​៨៧៦៦នាក់ ត្រូវបានធ្វើតេស្ត ដែលក្នុងនោះ មានវិជ្ជមាន​១៩នាក់ ដោយអ្នកជំងឺ​ត្រូវបន្តសម្រាកព្យាបាលនៅពេទ្យខ្មែរ-សូវៀត។

រីឯតួលេខនៅ​កម្ពុជាទាំងមូល មាន​ដល់៣៣១នាក់ ក្នុងនោះសះស្បើយ៣០៤នាក់។ អ្នកជំងឺ​២២នាក់ សម្រាកព្យាបាលនៅពេទ្យខ្មែរសូវៀត និង៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕

កែតម្រូវ៖ ក្រសួងសុខាភិបាល​បាន​កែតម្រូវ​សេចក្តី​ប្រកាសរបស់ខ្លួន ទាក់ទង​នឹងករណីអ្នកជំងឺអាយុ២៣ឆ្នាំ ដែលតាមពិតជាបុរស​អាយុ២៣​ឆ្នាំ បម្រើ​ការនៅ​ធនាគារចិនក្នុងអគារកាណាឌីយ៉ា ផ្លូវមុន្នីវង្ស។ គាត់បាន​ប៉ះពាល់ផ្ទាល់ជាមួយ​ស្ត្រីអាយុ​៣៦ឆ្នាំ ដែលរកឃើញកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ បុរស និងអ្នកជំងឺអាយុ​២១ឆ្នាំជាបងប្អូនបង្កើតនឹងគ្នា។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យបិទធនគារចិនក្នុងអគារកាណាឌីយ៉ា​រយៈពេលខ្លី ដើម្បីឲ្យ​ក្រុមការងារសុខាភិបាល​យកសំណាកបុគ្គលិកទាំងអស់ទៅវិភាគ និងតម្រូវធ្វើចត្តាឡីស័ក៕

© រក្សាសិទ្ធិដោយ thmeythmey.com